ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធពិធីដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាមបែបពុទ្ធនិយម។ ពេលដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តនានា ពុទ្ធបរិស័ទទាំងឡាយតែងតែបានស្តាប់ព្រះសង្ឃស្វាធ្យាយធម៌ដារ ធម៌បង្សុកូល ដើម្បីអនុមោទនានូវសទ្ធាជ្រះថ្លារបស់ញាតិញោម។
ធម៌ទាំងឡាយដែលព្រះសង្ឃតែងតែសូត្រក្នុងពេលធើ្វភត្តានុមោទនានោះ មានសូត្រមួយដែលព្រះសង្ឃមិនដែលអាក់ខានស្វាធ្យាយក្នុងរដូវភ្ជុំបិណ្ឌ គឺឈ្មោះថា ធម៌តរោកុឌ្ឌសូត្រ (តិ-រ៉ោ-កុត-ឌាក់- សូត្រ) ។ ធម៌នេះមានសូត្រតាំងពីសម័យព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយ គឺជាធម៌ដែលប្រាប់ពីជីវភាពរបស់ប្រេតទាំងឡាយ ដើម្បីឲ្យពុទ្ធបរិស័ទបានដឹង និងមានមេត្តា មិនភ្លេចក្នុងការធ្វើបុណ្យកុសលឧទ្ទិសជូនទៅញាតិទាំងឡាយក្រែងញាតិទាំងនោះភ្លាំងភ្លាត់គតិទៅកើតក្នុងបេតវិស័យ។
ក្នុងអត្ថបទនេះគ្រាន់តែលើកយកមកតែសេចក្តីប្រែជាសម្រាយមកចែកជូនអានដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទបានយល់ ពីខ្លឹមសារដូចមានសេចក្តីតទៅនេះ៖ តិរោកុឌ្ឌេសុ តិដ្ឋន្តុ សន្តិសឹឃាដកេសុ ច ទ្វារពាហាសុ តិដ្ឋន្តិ អាគន្ត្វាន សកំ ឃរំ ។ល។ មានសេចក្តីថាៈ «ពួកប្រេតទាំងឡាយមកហើយ កាន់ផ្ទះនៃញាតិដោយគិតថាជាផ្ទះរបស់ខ្លួន រមែងឈរនៅជិតខាងក្រៅជញ្ជាំងផ្ទះទាំងឡាយខ្លះ នាផ្លូវបែកជា៤ និងផ្លូវបែកជា៣ ទាំងឡាយខ្លះ ជិតទ្វារក្រុងនិងទ្វារផ្ទះទាំងឡាយខ្លះ។ នាកាលបាយ និង ទឹក និង បង្អែម និង ចម្អាបដ៏ល្មមគ្រប់គ្រាន់ គឺញាតិចូលទៅតាំងទុកហើយ ញាតិណាមួយមិននឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយជាបច្ច័យ ញាតិទាំងឡាយឯណាតែងអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ធិសឲ្យនូវទឹក និង ភោជនដ៏ម៉ត់ចត់ប្រសើរ ជារបស់គួរតាមកាលដល់ញាតិទាំងឡាយ ជាអ្នកលះលោកនេះទៅហើយនោះយ៉ាងនេះថា៖ ទាននេះចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយចូរជាអ្នកដល់នូវសេចក្តីសុខ។
ប្រេតជាញាតិទាំងឡាយនោះ មកប្រជុំគ្នាហើយក្នុងស្ថានដែលឲ្យទាននោះ ជាអ្នកមកហើយដោយបំណងល្អ។ កាលបើប្រេតទាំងនោះបានទទួលបាយនិងទឹកដ៏ល្មមគ្រប់គ្រាន់ហើយ ក៏អនុមោទនាដោយគោរពថា៖ យើងទាំងឡាយបានសម្បត្តិនេះព្រោះហេតុនៃញាតិទាំងឡាយឯណា សូមញាតិទាំងឡាយនោះរបស់យើងទាំងឡាយ ចូររស់នៅយឺនយូរ។ ក៏ការបូជាគឺញាតិទាំងឡាយបានធ្វើហើយដល់យើងទាំងឡាយទាយក គឺអ្នកឲ្យទានក៏មិនឥតផល ។
កសិកម្មគឺការភ្ជួរស្រែចំការក៏មិនមានក្នុងភូមិនៃប្រេតនោះ ។ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុងភូមិនៃប្រេតនោះ។ ពាណិជ្ជកម្ម គឺការជួញដូរដែលជាហេតុបានសម្បត្តិដូច្នោះក៏មិនមាន។ មិនមានការលក់ទិញផ្លាស់ប្តូរដោយប្រាក់។ បុគ្គលទាំងឡាយ ធ្វើកាលកិរិយាទៅកើតជាប្រេតរមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងប្រេតវិស័យនោះ ដោយផលទានដែលញាតិឲ្យហើយអំពីលោកនេះ។ ទឹកធ្លាក់ចុះពីទីទួលរមែងហូរទៅកាន់ទីទំនាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះរមែងសម្រេចផលដល់ប្រេតទាំងឡាយ ដូច្នោះដែរ។
បុគ្គលកាលរលឹកឃើញនូវឧបការគុណដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះដល់អញ អ្នកនេះបានធ្វើគុណនេះដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្តនិងជាសម្លាញ់របស់អញ ដូច្នេះហើយគួរឲ្យទក្ខិណាទានដើម្បីប្រតទាំងឡាយ។ ការយំ ឬ សោកសៅ ឬ ការខ្សឹកខ្សួលដទៃៗ មិនមានប្រយោជន៍ឡើយ។ ធ្វើដូច្នេះរកបានជាប្រយោជន៍ដល់ប្រេតទាំងឡាយគ្មាន។ ញាតិទាំងឡាយរមែងស្ថិតនៅឥតបានដឹងបានឮយ៉ាងនេះ។
បើទក្ខិណាទានដែលបុគ្គលបានឲ្យហើយនោះឯង ជាទានតំកល់នៅល្អហើយក្នុងសង្ឃទក្ខិណាទាននោះទើបចូលទៅសម្រេចតាមស្ថានដើម្បីជាប្រយោជន៍ដល់ប្រេតនោះអស់កាលជាអង្វែង។ ឯញាតិធម៌នោះ គឺអ្នកបានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លាចំពោះដល់ប្រេតទាំងឡាយ គឺអ្នកបានធ្វើហើយ កំឡាំងកាយនៃភិក្ខុទាំងឡាយឈ្មោះថាគឺអ្នកបានបំពេញឲ្យហើយ បុណ្យគឺអ្នកសន្សំទុកហើយមិនមែនតិចឡើយ។»
នេះគឺជាអត្ថន័យនៃធម៌តិរោកុឌ្ឌសូត្រ ដែលពុទ្ធបរិស័ទទាំងឡាយតែងតែបានឮបានស្តាប់ក្នុងរដូវភ្ជុំបិណ្ឌ ក្នុងពេលដែលព្រះសង្ឃធ្វើភត្តានុមោទនា មុនពេល ឆាន់។ ធម៌នេះមិនមែនសូត្រឲ្យប្រេតទាំងឡាយស្តាប់ទេ គឺសូត្រដើម្បីឲ្យពុទ្ធបរិស័ទស្តាប់ ប៉ុន្តែភាគច្រើនព្រះសង្ឃតែងតែសូត្រជាភាសាបាលី មានវត្តតិចតួចណាស់ដែលព្រះសង្ឃសូត្រប្រែ ដូច្នេះហើយទើបជាបញ្ហាមួយដែលដែលពុទ្ធបរិស័ទមួយភាគធំមិនបានយល់នូវសេចក្តីព្រោះស្តាប់ភាសាបាលីមិនបាន។ បើទុកជាយ៉ាងនេះក្តី មិនមែនបានសេចក្តីថាឥតផលសោះនោះឡើយ។ បើពុទ្ធបរិស័ទស្តាប់មិនយល់ទេ គ្រាន់តែយកឱកាសនោះស្តាប់តាមក្រសែនៃសំឡេងធម៌ ហើយសង្រួមចិត្តរបស់ខ្លួនរលឹកឧទ្ទិសនូវកុសលដែលខ្លួនកំពុងធ្វើនោះឆ្ពោះទៅញាតកាទាំង៧សន្តាន និងញាតកាទាំងឡាយក្នុងសង្សារវដ្ត បើញាតិទៅនោះបានទៅកើតក្នុងទីនោះៗ ហើយស្ថិតក្នុងឋានៈហើយនោះ ញាតិទាំងនោះនឹងបានទទួលនូវភាគផលកុសលជាក់មិនខាន។
បុណ្យកុសលដែលនឹងអាចសម្រេចដល់ញាតិដែលចែកឋានទៅ គឹសម្រេចដោយសារការតាំងចិត្តឧទ្ទិសផលរបស់របស់ទាយកទាយិកា មិនមែនសម្រេចដោយសារព្រះសង្ឃសូត្រធម៌អនុមោទនាតែម៉្យាងឡើយ។ បើទុកជាព្រះសង្ឃសូត្រធម៌វែង ខ្លី ឬពុំបានសូត្រយ៉ាងណា បើទាយកទាយិកាមិនបានតាំងចិត្តឧទ្ទិសផលទៅញាតិទាំងនោះទេ ញាតិទាំងនោះក៏មិនអាចទទួលផលនោះបានឡើយ។ គប្បីចាំជានិច្ចថា ផលទានដែលនឹងអាចសម្រេចដល់ញាតិទាំងឡាយបានដោយហេតុ ៣ យ៉ាងគឺ៖
១-ឧទ្ទិស្សេន ទាយកទាយិការឧទ្ទិសកុសលផលបុណ្យដល់បេតជនជាញាតិ ឬសព្វសត្វក្នុងសង្សារវដ្ត។
២- សង្ឃម្ហិ សុបតិដ្ឋិតា ជាទានតំកល់នៅល្អហើយក្នុងសង្ឃ (បានដល់អ្នកមានសីល)។
៣- អនុមោទនេន បេតជនទាំងនោះមានចិត្តត្រេកអរ អនុមោទនានូវទានដែលញាតិបានឧទ្ទិសទៅ។
អង្គទាំងបីយ៉ាងនេះហើយ ដែលអាចញ៉ាំងផលទានរបស់ទាយកទាយិកាឲ្យបានដល់បេតជនទាំងឡាយ។ បើខ្វះអង្គទាំងបីយ៉ាងនេះ មិនអាចបានដល់ញាតិទាំងនោះឡើយ។ ការធ្វើបុណ្យឧទ្ទិសផលដល់បេតញាតិនេះ មិនមែនចាំបាច់តែក្នុងពេលបុណ្យភ្ជុំបិណ្ឌទេ ធ្វើពេលណាក៏បានដែរ តាមតែពេលវេលាអំណោយផល។
សូមអនុមោទនា!!!
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ