ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ខេមរជនក្នុងប្រទេសកម្ពុជា បានទទួលផលអំពីព្រះពុទ្ធសាសនាជាច្រើនយ៉ាង ដូច​សេចក្តី​ដែល​នឹង​ត្រូវ​សំដែង​​តទៅ​នេះ

១- ព្រះពុទ្ធសាសនាទុកដូចជាគ្រឹះស្ថាន ឬមហាមន្ទីរជាទីកើតនៃសិល្បៈ, ទស្សនវិជ្ជា, វិទ្យាសាស្ត្រ និងសីល​ធម៌​គឺ​ប្រពៃណី​ល្អ។​ ព្រះ​ពុទ្ធសាសនា​មាន​អត្ថ​បទ​ល្អៗ​ច្រើន​ណាស់​សម្រាប់​ប្រតិបត្តិ​ដើម្បី​រំលត់​ទុក្ខ​នាំ​មក​នូវ​សេចក្តី​សុខ, ជាសាសនាបំភ្លឺ ប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោក ជា​សាសនា​ឲ្យ​សិទ្ធិ​បរិបូណ៌​ដល់​សត្វ​លោក​គឺ​មនុស្ស​និង​តិរច្ឆាន, ព្រះ​ពុទ្ធ​សាសនា​ទុក​ដូច​ជា​ដួង​ប្រទីប​មួយ​ដ៏​ធំ​ក្នុង​លោក​សម្រាប់​ទ្រោល​បំភ្លឺ​ឲ្យ​មនុស្ស​លោក​ឃើញ​សិល្បៈ​, ឃើញ​ផ្លូវ​បដិបត្តិ, ដើរ​កាត់​តម្រង់​ទៅ​រក​សន្តិ​សុខ​ចម្រើន​ទាំង​បច្ចុប្បន្ន​​និង​​បរលោក ជា​​​សាសនា​លូក​រាវ​រក​ឃើញ​មគ្គ​ផល​និព្វាន​បាន។

ព្រះពុទ្ធសាសនាមានគុណភាពប្រកបដោយប្រយោជន៍ជាច្រើនយ៉ាង ដូច​យ៉ាង​សេចក្តី​ចម្រើន​ឈាន​លឿន​ទៅ​មុខ​របស់មនុស្សលោក ក៏ច្រើនតែកើតមកអំពីព្រះពុទ្ធសាសនាជាដំបូង សូម្បីវេជ្ជសាស្ត្រ និង វិទ្យា​សាស្ត្រ​ដែល​​គេ​រាប់​ថា​ជា​វិជ្ជា​សម័យ​ថ្មី ក៏​កើត​មក​អំពី​អ្នក​ប្រាជ្ញ​ដែល​ចម្លង​ផ្តិត​យក​របៀប​អំពី​ព្រះ​ពុទ្ធ​សាសនា​ខ្លះមិនខាន បើ​មិន​ច្រើន​ក៏​តិច។ គ្រប់ប្រទេសទាំងអស់ច្រើនតែទទួលដឹងថា សេចក្តី​​ចម្រើន​​ក្នុង​សិល្បៈ​​វិទ្យា​សាស្ត្រ​បាន​ទទួល​កំណើត​អំពី​សាសនា។ អ្នកប្រាជ្ញប្រវត្តិសាស្ត្រប្រទេសជប៉ុន បាន​សរសេរ​ចុះ​ក្នុង​​ប្រវត្តិសាស្ត្រ​ថា "ព្រះ​ពុទ្ធសាសនា​ជា​សាសនា​នាំ​សេចក្តី​ចម្រើន​មក​ប្រគល់​ឲ្យ​ប្រទេស​ជប៉ុន​, ព្រះ​​ពុទ្ធ​សាសនា​​បាន​​បើក​​ទ្វារ​​ប្រទេស​​ជប៉ុន​​ដោយ​​ទ្រឹស្តី​​មុន​​ដំបូង​​បង្អស់​​ឲ្យ​​ប្រទេស​​ជប៉ុន​​ឈម​​មុខ​​ទៅ​​រក​​សេចក្តី​ចម្រើន ព្រោះ​ហេតុ​នោះ យើង​ជា​ជាតិ​ជប៉ុន​នៅ​ចុង​ប៉ូច​បូព៌ា​ប្រទេស គួរ​ណាស់​តែ​សើរ​រើ សិក្សា​​អនុវត្ត​​ព្រះ​ពុទ្ធ​​សាសនា​​ដោយ​​គោរព មិន​​ត្រូវ​​ធ្វេស​​ប្រហែស​"។

២-ព្រះពុទ្ធសាសនា ជាអណ្តូងសម្រាប់កើតនៃការសិក្សា ទោះ​បី​ការ​សិក្សា​នោះ​ពុំ​បាន​ធំ​ទូលាយ​ដោយ​មិន​ទាន់​បាន​អនុវត្ត ក៏អាចចិញ្ចឹមសិល្បៈក្នុងផ្លូវវប្បធម៌របស់ជាតិខ្មែរឲ្យមានជីវិតជាប់ពូជធារមិនដាច់។ ប្រទេស​កម្ពុជា​របស់​យើង ដែលមានការចេះដឹងក្នុងលទ្ធិសាសនាក្តី ក្នុងសិល្បៈណាមួយក្តី ផ្លូវអក្សរសាស្ត្រក្តី សុទ្ធ​តែ​កើត​អំពី​វត្ត​អារាម​របស់​ព្រះ​ពុទ្ធសាសនាជាដំបូង សូម្បី​វិជ្ជា​ពេទ្យ​ក៏​ច្រើន​តែ​កើត​មក​អំពី​បព្វជិត​ពុទ្ធ​សាស​និក ទោះ​​​បី​​មាន​វិន័យ​ហាម​មិន​ឲ្យ​បព្វជិត​ធ្វើ​ពេទ្យ​មើល​ជម្ងឺ​ក៏​ហាម​បាន​ដោយ​ក្រ​ណាស់ ដោយ​​ហេតុ​​បព្វជិត​​មើល​​ជម្ងឺ​ឲ្យ​ទទេ មិន​​បាច់​យក​​ថ្លៃ។

៣- វត្តអារាម ជាកន្លែងប្រជុំប្រជាជន ដើម្បីសន្ទនាពីធម៌អាថ៌ ឬ​ពី​ព្រឹត្តិការណ៍​នានា​តាម​សេចក្តីចេះ​ដឹង​ក្នុង​សម័យ​និយ​មនោះៗ។ វត្តអារាមទុកជារោងរៀនហត្ថកម្មមួយ ក្នុងផ្លូវសិល្បៈ មានរៀនការជាងឈើ ការ​កសាង​វិហារ សាលាជាដើម។ ពូជធារនៃសេចក្តីចម្រើនរបស់យើងដែលមានឈ្មោះជាប់មក ជា​ប្រទេស​មាន​អក្សរ​សាស្ត្រ, មាន​បុរាណវត្ថុ​ជា​គ្រឿង​បង្ហាញ​សិល្បៈ​ឲ្យ​ឃើញ​ជា​កេរ​តំណែល, មាន​​ប្រជាជាតិ​​ជា​​ម្ចាស់​​ប្រទេស, មាន​មហាក្សត្រ​សោយ​រាជ្យ ក៏​ដោយ​អំណាច​គុណភាព​នៃ​ព្រះពុទ្ធ​សាសនា​ជួយ​ទ្រទ្រង់ ឬ​​ថា​​ព្រះ​ពុទ្ធ​សាសនា​ជា​ឃ្លាំង​ទុក​ដាក់​នូវ​សិល្បៈ​ព្រ​មទាំង​អក្សរសាស្ត្រ​របស់​ជាតិ ឲ្យ​មាន​ជីវិត​រស់​នៅ​រហូត​មក, រួម​​សេចក្តី​​ថា "ព្រះ​ពុទ្ធសាសនា​នាំ​មក​នូវ​ប្រយោជន៍​យ៉ាង​ធំ ឲ្យ​ប្រទេស​កម្ពុជា​យើង"។​

៤-ប្រទេសកម្ពុជាយើង ក៏យើងអាចបានឃើញជាក់ច្បាស់ហើយគឺថា កាល​ដែល​ប្រទេស​យើង​មិន​ទាន់​មាន​សាលា​រៀន​អក្សរសាស្ត្រក្នុងផ្លូវការនៅឡើយ មាន​តែ​វត្ត​អារាម​ហ្នឹង​ឯង​ជា​សាលា​រៀន, កាល​​ដែល​​ផ្លូវ​​ការ​​មិន​​ទាន់​​មាន​​មន្ទីរ​ពេទ្យ​ព្យាបាល​រោគ​នៅ​ឡើយ មាន​តែ​វត្ត​អារាម​ជា​មន្ទីរ​ពេទ្យ​សម្រាប់​មើល​ជម្ងឺ​នៃ​ប្រជាជន, មិន​​ត្រឹម​​តែ​មើល​ជម្ងឺ​កាយ​ប៉ុណ្ណោះ​ទេ អាច​ពិនិត្យ​មើល​ជម្ងឺ​ចិត្ត​ផង​ទៀត ព្រោះ​​ថា​​ការ​​កើត​​ទុក្ខ​​ព្រួយ​​បារម្ភ​​ក្នុង​​ផ្លូវ​​ចិត្ត​​នេះ ចាត់​ជា​រោគ​មួយ​យ៉ាង​ធំ​ណាស់ វត្ត​អារាម​​នៃ​​ព្រះ​​ពុទ្ធ​សាសនា​ឈ្មោះ​​ថា​​ជា​​កន្លែង​​សម្រាប់​​រម្ងាប់​​រោគ​​កាយ-ចិត្ត ដែល​​មាន​​ទុក្ខ​​ឲ្យ​​ធូរ​​ស្រាល​​ក៏​​មាន ឲ្យ​​ជា​​សះ​​ស្បើយ​​ទៅ​​ក៏​មាន​។

៥- ក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជាយើងមានវត្តអារាមធំៗ គឺវត្តឧណ្ណាលោម វត្តលង្កា វត្តសារាវ័ន វត្ត​បទុមវតី ជាដើម ជាវត្តទទួលបន្ទុកនៃពួកភិក្ខុ-សាមណេរ និងកុមារតូចធំបានច្រើនណាស់។ វត្ត​នីមួយៗ​មាន​ភិក្ខុ​សាមណេរ និងកុមារ ដែលស្វះពន្លះចេញអំពីស្រុកខែត្រផ្សេងៗ មកនៅបញ្ចុះជ្រំជាមួយគ្នា ដើម្បី​សិក្សា​រៀន​សូត្រ យកចំណេះវិជ្ជា ព្រោះថាក្រុងភ្នំពេញជាទីប្រជុំធំសម្បូណ៌ដោយការសិក្សាជាងទីឯទៀត។ ពួក​ភិក្ខុ​ដែល​មក​នៅ​ក្នុង​វត្ត​ទាំង​នោះ​បាន​យូរ​ឆ្នាំ ទាំង​មាន​សមត្ថភាព​គ្រាន់​បើ ហើយ​បាន​ធ្វើ​ជា​មេកុដិ​ អាច​​ទទួល​​ចិញ្ចឹម​ភិក្ខុ-សាមណេរ​និង​កុមា​រឲ្យ​នៅ​រៀន​សូត្រ​ផង ទាល់​តែ​សម្រេច​ការ​សិក្សា។ ពួក​​កុមារ​​ដែល​​មក​​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​វត្ត​ជា​មួយ​ព្រះ​សង្ឃ​នោះ​សុទ្ធ​តែ​ជា​កូន​អ្ន​កស្រែ​ចំការ ដែល​ក្រ​ទាល់​ទ្រព្យ​សម្បត្តិ គួរ​ឲ្យ​អណោច​អធម្ម អាណិត​អាសូរ​ពួក​កុមារ​កំសត់​ទាំង​នេះ​ពន់ពេក បើ​កុំ​តែ​មាន​វត្ត​ព្រះ​ពុទ្ធសាសនា ប្រ​ហែល​ជា​មិន​បាន​ទទួល​រស្មី​ការ​សិក្សា​ដូច​កូន​អ្នក​មាន​ទ្រព្យ​ទេ ប្រែ​សេច​ក្តី​ថា "កូន​​អ្នក​​ក្រី​​ក្រ​​ធន​​ធាន​ ​រស់​​នៅ​ដោយ​សារ​បាយ​វត្ត" ខំ​ទ្រាំ​ទ្រ​នៅបំពេញ​ការ​សិក្សា​ទាំង​រហេម​រហាម ទាល់​​តែ​​សម្រេច​​ផល​​នៃ​​ការ​​សិក្សា​​បា​​ន​​ឡើង​ឋានៈ​ទៅ​ជា​អ្ន​ក​មាន​ជីវភាព​ខ្ពង់​ខ្ពស់​តាម​សម​គួរ​ដល់​សមត្ថភាព​របស់​ខ្លួន ចំណែក​​ខាង​​ឯ​​កូន​​អស់​​លោក​​ឥស្សរ​ជន ឬ​កូន​គហបតី មិន​ត្រូវ​ការ​មក​ជ្រក​កោន​នៅ​អាស្រ័យ​ក្នុង​វត្ត​ឡើយ។

កូន​​ចៅ​របស់​អ្នក​ក្រី​ក្រ បាន​ទទួល​សេចក្តី​សង្គ្រោះ​អំពី​បព្វជិត​ពុទ្ធសាសនិក​ក្នុង​ឆ្នាំ​នី​មួយៗ បាន​​ច្រើន​​អ្នក​ណាស់​ ​ដូច​​យ៉ាង​វត្ត​ធំ​ៗ មាន​កុមារ​ចំនួន​៣០០ ឬ ៤០០នាក់ ។ ចំនួន​ពួក​កុមារ​ទាំង​ប៉ុណ្ណោះ បើ​​ជា​​រាជ​​រដ្ឋា​ភិបាល​​ទទួល​យក​ទៅ​ចិញ្ចឹម​វិញ អស់​ប្រាក់​ថវិកា​ជាតិ មិ​ន​មែន​តិច​ទេ ។ កុមារ​ទាំង​នេះ​ឈ្មោះ​ថា រស់​​នៅ​ដោយ​​អាស្រ័យ​​នឹង​​ម្លប់​​ព្រះ​​ពុទ្ធសាសនា នៅ​ជ្រក​កោន​ក្រោម​ម្លប់​ទង់​ព្រះ​ពុទ្ធសាសនា ខំ​​ប្រឹង​​ប្រែង​​សិក្សា​ទាល់​​តែ​​បាន​ទទួល​លទ្ធផល នៃ​ការ​សិក្សា​របស់​ខ្លួន ។ ករណី​នេះ​ឃើញ​ថា ព្រះ​ពុទ្ធសាសនា នៅ​​ប្រទេស​កម្ពុជា​​យើង មាន​ប្រយោជន៍​ដ៏​ធំ​ទូលាយ អាច​ជួយ​សង្គ្រោះ​ទំនុក​បម្រុង​ដល់​ប្រទេស​ជាតិ​បាន គឺ​ថា វត្ត​​នៃ​ព្រះ​​ពុទ្ធសាសនា​ទុក​ដូច​ជា​កន្លែង​ឧបត្ថម្ភ​អាហា​រូបករណ៍​មួយ​ដ៏​ប្រសើរ​ដល់​អ្នក​ក្រី​ក្រ អាច​​ចិញ្ចឹម​​មនុស្ស​​ក្រ​ទ័ល​​ដែល​​មិន​​មាន​លំនៅ​ជ្រក​កោន​និង​អាហារ​បរិភោគ ។ វត្ត​របស់​ព្រះ​ពុទ្ធ​សាសនា ឈ្មោះ​​ថា​​បាន​​ជួយ​សម្រាល​​​ភារៈ​នៃ​រាជ​រដ្ឋាភិបាល​ឲ្យ​ធូរ​ស្រាល​បាន​ច្រើន​ណាស់។​

៦- បព្វជិត​​ពុទ្ធសាសនិក នៅ​វត្ត​អារាម​គ្រប់​ស្រុក មាន​លោក​ចៅ​អធិការ​គ្រូសូត្រ​ជា​ដើម ដែល​​ភ្ញាក់​​ខ្លួន​​ក្នុង​​ការ​​សិក្សា​ធម្ម​វិន័យ ហើយ​បាន​ចុះ​ស្នាម​ក្នុង​ផ្លូវ​សិក្សា​តាម​សម័យ​និយម​។ ការ​​សិក្សា​ច្បាប់​​ព្រះ​​ពុទ្ធសាសនា​​របស់​​បព្វជិត​​ពុទ្ធសាសនិក​នោះ ជា​កម្លាំង​មួយ​ដែល​នាំ​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​បរិបូណ៌ នាំ​ឲ្យ​ភ្លឺ​ក្នុង​ផ្លូវ​ធម៌​ផង ផ្លូវ​​លោក​​ផង គឺ​ថា ការ​សិក្សា​នោះ​ជួយ​ឲ្យ​បព្វជិត​នោះ​មាន​ឧត្តម​គតិ​និង​សមត្ថភាព ទាំង​​ពួក​​ឧបាសក​​ជើង​​វត្ត​​ក៏​​អាច​ដឹក​នាំ​ចិត្ត ឲ្យ​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ការ​កសាង​សេនា​សនៈ​សម្រាប់​បម្រើ​ព្រះ​ពុទ្ធ​សាសនា​ផង បម្រើ​​ប្រទេស​​ជាតិ​ផង ។ ដូច​យ៉ាង​សាលា​សិក្សា​អក្សរ​សាស្ត្រ ដែល​កើត​មាន​ព្រោង​ព្រាត​ក្នុង​ស្រុក-ខែត្រ​​ផ្សេង​​ៗ​។ មាន​​ខែត្រ​កណ្តាល តាកែវ-ស្វាយរៀងជាដើម ច្រើន​តែ​កើត​អំពី​ចំហាយ​នៃ​ការ​សិក្សា​ព្រះ​ពុទ្ធសាសនា ជា​​ដើម​​អាទិ៍ គឺថា សាលា​សិក្សា​ទាំង​នោះ​កើត​ឡើង​បាន​ដោយ​សារ​ស្នា​ដៃ​របស់​ព្រះសង្ឃ​មាន​ចៅ​អធិការ ឬ​គ្រូ​សូត្រ​ជា​ដើម ណែ​នាំ​ពួក​គ្រហស្ថ​ជើង​វត្ត​ឲ្យ​កសាង​ដោយ​ឥត​មើល​បំណាំ​រាជ​រដ្ឋាភិបាល​ឡើយ លុះ​​កសាង​​ហើយ​​ជូន​​ប្រគល់​​សាលា​​សិក្សា​​នោះ​​ដល់​​រាជ​​រដ្ឋា​​ភិបាល​​ដើម្បី​​ឲ្យ​​រាជ​​ការ​​ចាត់​ចែង​​រក​​គ្រូ​​បង្រៀន​​តាម​​ផ្លូវ​​ការ​​តទៅ ដែល​អាច​គាំ​ពារ​រាជរដ្ឋាភិបាល ​ជួយ​​កម្លាំង​​ហិរញ្ញ​វត្ថុ​​ដល់​​រាជ​​រដ្ឋា​ភិបាល​ឲ្យ​​ចំណេញ​​ថវិកា​​ជាតិ​​បាន​​ច្រើន​​ណាស់។​

ដំណើរ​​នេះ​​ស​​ឲ្យ​​ឃើញ​​ថា "ព្រះ​​ពុទ្ធសាសនា កាល​បើ​បុគ្គល​ណា​បាន​អប់រំ​សិក្សា​ល្អ​ហើយ​ អាច​​នាំ​​ឲ្យ​​ឆ្លុះ​​បំភ្លឺ​ឃើញ​​សារ​​ប្រយោជន៍​ក្នុង​ផ្លូវ​ធម៌​បាន​ផង ផ្លូវ​លោក​បាន​ផង"។ ព្រះ​ពុទ្ធសាសនា ឈ្មោះ​​ថា​​ជា​​សាសនា​​ជួយ​ពល​រដ្ឋ​ប្រទេស​កម្ពុជា ឲ្យ​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន​បាន​ដោយ​បរិបូណ៌ ជា​សាសនា​មាន​ទ្រឹស្តី​ល្អ អាច​ជួយ​សាង​វឌ្ឍនធម៌​និង​សាមគ្គី​ធម៌​របស់​ជាតិ ឲ្យ​កើត​មាន​ឡើង​។

៧- អក្សរ​សាស្ត្រ​ខ្មែរ សម្រាប់​ប្រទេស​យើង បើ​កុំ​មាន​វត្ត​អារាម​នៃ​ពុទ្ធសាសនិក ប្រហែល​​ជា​​សាប​​សូន្យ​​អស់​​ទៅ​​ហើយ ព្រោះ​ហេតុ​នោះ វត្ត​អារាម​ឈ្មោះ​ថា​ជា​កន្លែង​សម្រាប់​រក្សា​ទុក​នូវ​សិល្ប​សាស្ត្រ ចិញ្ចឹម​​អក្សរ​​សាស្ត្រ របស់​​ជាតិ​​ទុក​​ឲ្យ​​រស់​​នៅ​។ អក្សរ​សាស្ត្រ​នេះ​ទុក​ជា​ពន្លឺ​រស្មី​របស់​ជាតិ កាល​បើ​​បាត់​​អក្សរ​​សាស្ត្រ​​ហើយ ជាតិ​​ក៏​អាប់​ឱន សាប​សូន្យ​ទៅ​ជា​លំដាប់ ដោយ​​ហេតុ​​នេះ​​ពុទ្ធសាសនា​​នៅ​ប្រទេស​​យើង​​ឈ្មោះ​​ថា​​ជា​​សាសនា​​ជួយ​​ជ្រោម​​ជ្រែង​​រក្សា​​ទុក​​នូវ​​អក្សរ​​សាស្ត្រ​​ជាតិ។

បព្វជិត​​ពុទ្ធសាសនិក ដែល​បាន​រៀន​ក្នុង​ផ្លូវ​គន្ធ​ធុរៈ គឺ​រៀន​គម្ពីរ​បាលី​ព្រះ​ត្រៃ​បិដក ចេះ​ចាំ​យល់​ស័ព្ទ​បាលី អាច​​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ​បាន​ដោយ​ងាយ បាន​បោះ​ពុម្ពផ្សាយ​ចេញ​ជា​សៀវ​ភៅធំ-តូច គគោក សូម​អញ្ជើញ​​មើល​​ក្នុង​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ព្រម​ទាំង​បណ្ណាគារ​ឯ​ទៀត​ៗ នឹង​​ឃើញ​​សៀវ​ភៅ​​ខ្មែរ​​ដេរ​ដាស់​​រាប់​មិន​ឈ្នះ ។ សៀវ​ភៅ​អក្សរ​ខ្មែរ​ផ្សាយ​ផ្នែក​ពុទ្ធសាសនា ចេញ​​ព្រោង​​ព្រាត​​ទាំង​​នេះ​​ច្រើន​​តែ​​កើត​​អំពី​ស្នា​​ដៃ​​ព្រះ​​សង្ឃ ដែល​​បាន​​រៀន​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា។ ប្រទេស​​កម្ពុជា​​ដែល​​មាន​​វឌ្ឍន​ធម៌​​ខាង​​ផ្លូវ​​សិល្ប​សាស្ត្រ, អក្សរ​សាស្ត្រ កំពុង​រើប​ៗទៅ​រក​ផ្លូវ​ចម្រើន​រុង​រឿង​មក​នេះ ដោយ​​កម្លាំ​ង​​រស្មី​​នៃ​​ព្រះ​​ពុទ្ធ​សាសនា​​ជា​ប្រា​កដ​!!

[អត្ថបទរៀបរៀងដោយ ព្រះឧបាលិវង្ស សូរ-ហាយ, ដកស្រង់ចេញពីសៀវភៅ ពុទ្ធសាសនា២៥០០]

Views: 485

ឆ្លាក: ពុទ្ធសាសនា

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service