ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

៥.មូលហេតុនាំឲ្យកើតសាសនា 

មូលហេតុនាំឲ្យកើតសាសនានោះមានច្រើនយ៉ាងស្រេចតែបរិស្ថាននៃសហគមនិងយុគសម័យនីមួយ ៗ  ដែលសាសនវិទូបានធ្វើសេចក្តីសន្និដ្ឋានអំពីមូលហេតុដែលនាំឲ្យកើតសាសនាដូចតទៅនេះ

  1. កើតចេញពីអវិជ្ជា អវិជ្ជានៅទីនេះ សំដៅដល់ ការមិនដឹង ឬ យល់មិនច្បាស់លាស់ ដូចជា មិនយល់ក្នុងបាតុភូតធម្មជាតិនៅជុំវិញខ្លួន ថា ហេតុអ្វីបានជាកើតផ្លេកបន្ទោរ ផ្គរលាន់ រន្ទះបាញ់ ឬ ភ្លៀងធ្លាក់ កាលបើមិនដឹង មិនយល់ក៏ឈ្មុសឈ្មុល ស្វែងរកចម្លើយក្នុងលក្ខណៈផ្សេង ៗ ដូចជា យល់ថា ផ្លេកបន្ទោរបណ្តាលមកពីនាងមេខលាយកកែវមណីប្រដេញរាមសូរ ហើយរន្ទះបាញ់ព្រោះរាមសូរគ្រវែងពូថៅទៅប៉ះកែវមណីរបស់នាងមេខលាបែកខ្ចាយ ជាដើម កាលបើមិនយល់មូលហេតុ ពិតរបស់បាតុភូតធម្មជាតិទើបនាំគ្នាគិតថា ប្រាកដជាមានអ្វីលើសពីធម្មជាតិ អាចជាទេពតាឬវត្ថុសក្តិសិទ្ធិដែលមានអំណាចលើសមនុស្ស ទើបនាំគ្នាបូជាបួងសួងទទូចអង្វរឲ្យអាណិតអាសូរ គំនិតបែបនេះចាត់ជាមូលហេតុនាំឲ្យកើតសាសនា សាសនារបស់មនុស្សបុរាណទើបកើតចេញពីអវិជ្ជា គឺ ការមិនយល់ដឹងនេះឯង  ការមិនយល់ដឹងហេតុផលត្រឹមត្រូវតាមឯកទេស ដូចជា ១)មិនយល់ដឹងហេតុផលខាងភូមិសាស្រ្ត មនុស្សក្នុងឥណ្ឌាមិនដែលឡើងទៅលើកំពូលភ្នំហិមាល័យដែលគ្រប​ដណ្តប់ដោយទឹកកកយ៉ាងក្រាស់ក្នុងរដូវរងា លុះដល់រដូវក្តៅ ទឹកកកក៏ចាប់ផ្តើមរលាយ ទឹកហូរចុះមកតាមស្ទឹងគង្គា ជនឥណ្ឌាមិនដឹងប្រភពទឹកស្ទឹងគង្គាកើតចេញពីហេតុនេះទើបនាំគ្នាជឿថា ជាទឹកដែលហូរមក​ពីឋានសួគ៌​ឆ្លងកាត់​សីសៈព្រះសិវៈដែលជាព្រះអាទិទេពសក្តិសិទ្ធិរបស់សាសនាព្រាហ្មណ៍ទាំងជឿថា ស្ទឹងគង្គានោះសក្តិសិទ្ធិណាស់ អាច​លាងបាបបាន មនុស្សទើបនិយមលាងបាបក្នុងស្ទឹងគង្គាតាមជំនឿរបស់សាសនាព្រាហ្មណ៍ ២)មិនដឹងហេតុផលខាងតារាសាស្រ្ត នៅពេលកើតចន្ទ្រគ្រាសនិងសូរ្យគ្រាសព្រោះដំណើរគោចររបស់ផែនដីជុំវិញ​ព្រះអាទិត្យ ប្រជាជនដែលមិនដឹងហេតុផល ក៏ហៅថា រាហូចាប់ចន្ទ្រ អ្នកខ្លះក៏បាញ់កាំភ្លើង អ្នកខ្លះក៏អុជផាវ អ្នកខ្លះ​ក៏វាយ​ត្រដោក អ្នកខ្លះក៏គោះដើមឈើផ្លែដើម្បីឲ្យបានផ្លែច្រើន ឬ ដើម្បីឲ្យរាហូប្រលែងចន្ទ្រជាដើម ៣)មិនដឹងហេតុផលខាងជីវសាស្រ្ត អ្នកខ្លះដើរឆ្លងកាត់ដើមឈើធំក៏លើកដៃសំពះ ព្រោះជឿថាដើមឈើនោះ​ជាទី​សណ្ឋិតរបស់រុក្ខទេវតា អ្នកដែលដើរឆ្លងកាត់ភ្ណំធំឬភ្នំដែលប្រកបដោយថ្មប្លែក ៗ អ្នកស្រុកហៅភ្នំនោះ​ប្រដូច​ទៅនឹងអ្វីមួយ ហើយក៏គោរពភ្នំនោះដោយយល់ថាជាទីសណ្ឋិតរបស់រុក្ខទេវតាឬអ្នកតាជាដើម ៤)មិនដឹងហេតុផលខាងវិទ្យាសាស្រ្ត នៅពេលឃើញឥន្ទធនូចុះ ក៏ជឿថា ឥន្ទធនូចុះផឹកទឹក កើតចេញ​ពីអំណាច​សក្តិសិទ្ធិបណ្តាលឲ្យកើតឡើង ទើបទាយទៅតាមសេចក្តីយល់ឃើញរបស់ខ្លួនថា ឥន្ទធនូចុះផឹកទឹកនៅទិសនេះ នឹងមានភ្លៀងធ្លាក់ច្រើន នៅទិសនោះនឹងរាំងស្ងួតជាដើម ។ 
  2. កើតចេញពីសេចក្តីភ័យខ្លាច សេចក្តីភ័យខ្លាចជាមូលហេតុតភ្ជាប់មកពីអវិជ្ជា នៅពេលមិនដឹងឬយល់មិនច្បាស់ក្នុងបាតុភូតធម្មជាតិនោះ សេចក្តីភ័យខ្លាចក៏កើតឡើង គឺ ភ័យខ្លាចចំពោះបាតុភូតដែលខ្លួនមិនយល់មិនដឹងនោះ ទើបរិះគិតរកដំណោះស្រាយ គឺ ផ្គាប់ចិត្តបាតុភូតនោះក្នុងលក្ខណៈក្រាបសំពះ សែនព្រេន បួងសួង ឬ បន់ស្រន់  ដើម្បីមិនឲ្យបាតុភូតទាំងនោះបណ្តាលគ្រោះភ៏យមកដល់ខ្លួន  ប៉ុន្តែបណ្តាលតែសេចក្តីសុខចម្រើនដល់ខ្លួនជាដើម ។
  3. កើតចេញពីភក្តិភាព  សេចក្តីស្រឡាញ់ស្មោះក្នុងសាសនា សំដៅដល់ ការផ្ញើជំនឿនិងសេចក្តីជ្រះថ្លាដោយជឿជាក់ថា អ្វីដែលខ្លួនជឿនិងជ្រះថ្លានោះជារបស់សក្តិសិទ្ធិដែលអាចផ្តល់អត្ថប្រយោជន៍ដល់ខ្លួនបាន សាសនាដែលមានមូលហេតុកើតចេញពីភក្តិភាព បានដល់ សាសនាប្រភេទទេវនិយម ដូចជា សាសនាយូដាយ សាសនាគ្រិស្ត សាសនាឥស្លាមជាដើម  ។
  4. កើតចេញពីតម្រូវការយល់ដឹងសច្ចភាពរបស់ជីវិត សេចក្តីត្រូវការយល់ដឹងច្បាស់ជាមូលហេតុនាំឲ្យកើតសាសនា ជាពិសេស ព្រះពុទ្ធសាសនាដែលផ្តោតយ៉ាងសំខាន់លើការយល់ដឹងដោយជាក់ច្បាស់អំពីសច្ចភាពនៃជីវិត ។
  5. កើតចេញពីតម្រូវការសុខសន្តិភាពរបស់សង្គម ច្បាប់ សណ្តាប់ បទបញ្ជា និង កតិកា នៅមិនទាន់គ្រប់គ្រាន់សាងសង្គមឲ្យសុខសាន្តបានទេ ត្រូវតែមានពាក្យប្រាមប្រៀនរបស់សាសនាជួយដុសខាត់ចិត្តគំនិតរបស់មនុស្សក្នុងសង្គមនោះឲ្យមានសេចក្តីខ្មាសអៀនចំពោះការធ្វើអំពើអាក្រក់ ខ្លាចញញើតចំពោះការធ្វើខុស កាលបើប្រើច្បាប់គួបផ្សំនឹងពាក្យប្រាមប្រៀនខាងសាសនាតែងធ្វើឲ្យសង្គមមានសុខសន្តិភាពបានយ៉ាងយូរអង្វែង ។

Views: 74

ឆ្លាក: សាសនសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service