ការស្វែងរកព្រះនៃនាងកុលធីតា
មានសេចក្តីតំណាលតៗគ្នាមកថា ក្នុងកាលកន្លងទៅយូរយារណាស់ហើយ មានគ្រួសារក្រីក្រមួយ ដែលមានតែម្តាយ និងកូនស្រីម្នាក់។ ចំណែកលោកឪពុក បានស្លាប់បាត់បង់អាយុជីវិតទៅយូរយារណាស់ទៅហើយ។ លំនៅរបស់គ្រួសារនោះ តាំងនៅមិនឆ្ងាយប៉ុន្មានពីវត្តអារាមរបស់ព្រះសង្ឃ។ ចំណែកឯនាងជាកូន ស្រីគេហៅឈ្មោះនាងថា នាងកុលធីតា ជានារីមានចិត្តស្លូតបូត សុភាពរាបសា ហើយក៏មានចិត្តប្រកបទៅដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាផងដែរ។
មានថ្ងៃមួយនោះ នាងកុលធីតាមានបំណងចង់ថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ។ ដោយសារតែ នាងកើតក្នុងត្រកូលក្រីក្រទ្រព្យសម្បត្តិ ទើបនាងគ្មាន ទេយ្យវត្ថុប្រណីតយកទៅថ្វាយព្រះអង្គនៅឯវត្ត។ តែជាសំណាងល្អ ចេកដែល នាងដាំនៅជាប់នឹងសំយាបផ្ទះមួយគុម្ព ក៏មានផ្លែមួយស្ទងមានផ្លែមានសាច់នោះថ្លោសៗល្អ និងចាស់ល្មមនឹងកាប់យកមកបន្ទុំ។ ចាប់តាំងតែពីដាំចេកនោះហើយ នាងកុលធីតាមានសេចក្តីឧស្សាហ៍ព្យាយាម បោចស្មៅ ស្រោចទឹកដាក់ជី និងពួន គល់ស្ទើរតែរៀងរាល់ថ្ងៃ។ ពេលទំនេរពីការងារចិញ្ចឹមជីវិត នាងឧស្សាហ៍ចុះទៅ ត្រួតពិនិត្យមើលជាញឹកញាប់ណាស់ ខ្លាចក្រែងគោក្របីស៊ី កាច់បំបាក់ ជាន់កម្ទេច ចោល។ នៅពេលបានឃើញផ្លែចេកចាស់ល្មម និងថ្លោលៗទ្រលុកទ្រលន់យ៉ាងនេះ ហើយ នាងមានសេចក្តីត្រេកអរនៅក្នុងចិត្តយ៉ាងក្រៃលែង ដោយនឹកគិតនៅក្នុង ចិត្តដូចនេះថា “ថ្ងៃនេះ អញមានភព្វសំណាងខ្លាំងណាស់ អញនឹងអាចបំពេញទាន បានជាក់ជាមិនខាន។ ពេលខ្លះ អញចង់ធ្វើទានតែគ្មានទេយ្យវត្ថុ ជួនកាល អញ មានទេយ្យទានហើយ តែខ្វះបដិគ្គាហកៈ ជួនណាទៅអញមានទាំងទេយ្យវត្ថុ មានទាំងបដិគ្គាហកៈតែអញអត់សទ្ធា ពេលនេះ អញមានទាំងសទ្ធា មានទាំង ទេយ្យវត្ថុ ឯបដិគ្គាហកៈទៀតសោត លោកគង់នៅវត្តក្បែរផ្ទះរបស់អញ ដូចនេះ អញនឹងធ្វើបុណ្យឱ្យទាល់តែបាន”។ នាងធីតាគិតដូចនេះហើយ ក៏ឡើងទៅលើផ្ទះ ទាញយកកាំបិតយ៉ាងកញ្ចាស់កំរិល ដែលដាក់ទុកនៅកៀនជញ្ជាំងជាយូរមក ហើយ ដើម្បីយកទៅកាប់ចេកក្បែរសំយាបផ្ទះនោះ។ ពេលដែលនាងកាប់ចេក កុលធីតា លើកលីចេកទាំងស្ទងនោះយ៉ាងថ្នមៗ យកទៅទុកបន្ទុំនៅក្បែរកៀនជង្រុកស្រូវ។ ចេកនោះ នាងកុលធីតាបានកាប់ទាំងស្ទងតែម្តង មិនហ៊ានលះ ឬចិតចេញពីស្និត នោះទេ ព្រោះនាងខ្លាចពេលដែលនាងពន្លះស្និតចេកទៅត្រូវមុតដាច់សាច់ចេក ដោយប្រការផ្សេងៗ ។
ថ្លែងពីស្ត្រីចំណាស់ចាស់ជរាកំព្រាឯកា ដែលត្រូវជាអ្នកម្តាយរបស់នាង កុលធីតានោះវិញ មានរូបនោះខ្មៅស្គមកំព្រឹង មើលទៅឃើញតែស្បែកដណ្តប់ឆ្អឹង មានសរសៃឡើងរវាមជាប់នឹងស្បែក រស់នៅជាមួយកូនស្រីកម្សត់សំណព្វចិត្ត។ យាយចាស់ជាម្តយ្កា រស់នៅយ៉ាងលំបាកតោកយ៉ាក ត្រដាបត្រដួសយ៉ាងក្រៃលែង ណាមួយ ខ្លួនឯងជាជនក្រីក្រខ្វះទ្រព្យសម្បត្តិ ខ្វះម្ហូបអាហារបំពេញក្រពះ ណាមួយ កូនស្រីទោលរបស់គាត់ មិនសូវយកចិត្តទុកដាក់ថែទាំ បីបាច់រក្សាការពារ បម្រើ ទំនុកបម្រុងឱ្យបានដិតដល់។ មួយទៀតនោះ កូនស្រីជាប់រវល់តែនឹងការងាររក ទទួលទាន ដោយចេញទៅធ្វើការបាត់ៗពីផ្ទះ។ ចំណែកឯម៉ែនៅផ្ទះបរិភោគមិន ដែលបានឆ្អែតស្កប់ស្កល់ម្តងណាឡើយ ព្រោះបាយសម្លមិនគ្រប់គ្រាន់។ ដោយសារ តែចិត្តជាម្តាយអាណិតស្រឡាញ់កូន ម៉ែមិនដែលហ៊ានបង្ហើបរឿងនេះ ប្រាប់ឱ្យកូន ដឹងទេ ព្រោះខ្លាចកូនពិបាកចិត្ត មិនសប្បាយចិត្ត ហេតុនេះហើយ ម៉ែក៏នៅទ្រាំអត់ សង្កត់ចិត្ត រក្សាសេចក្តីទុក្ខនៅក្នុងចិត្តតែម្នាក់ឯង។
ចំណែកឯកូនស្រីវិញ មិនដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីបម្រើ ឬកំដរ អ្នកម្តយ្កាឡើយ។ ថ្ងៃណាក៏ទៅធ្វើការស៊ីឈ្នួលគេយកប្រាក់មកចិញ្ចឹមក្រពះដែរ។ យូរៗម្តង កូនមានពេលទំនេរខ្លះ តែកូនភ្លេចខ្លួនថា ខ្លួនមានម្កយ្តាចាស់ជរាត្រូវ បម្រើ ហើយបែរជាឆ្លៀតពេលនោះ ទៅដើរលេងនៅផ្ទះមិត្តភក្តិ ឬផ្ទះញាតិដែល នៅភូមិផងរបងជាមួយគ្នាទៅវិញ។ ហេតុនេះហើយ ទើបធ្វើឱ្យដូនចាស់មានការ លំបាកច្រើនជាងអ្នកដែលមានវ័យចំណាស់ដូចគ្នានៅភូមិជាមួយគ្នា។
មួួយួទៀត ពេលកូនទៅខាងក្រៅផ្ទះម្តងៗ ម៉ែនឹកគិតអាណិតដល់កូន និង ព្រួយបារម្ភចំពោះកូន ដែលដើរលេងទៅផ្ទះមិត្តភក្តិ សាច់ញាតិជិតខាងបាត់ៗពីផ្ទះ។ ម៉ែខ្លាចកូនមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ ខ្លាចរូបកូនត្រូវគេធ្វើបាប ព្រោះកូន ជាស្រីដើរលេងតែម្នាក់ឯង។ អ្នកម្តាយរូបនេះតែងនឹកមមីដល់កូនសម្លាញ់ជានិច្ច មិនដែលភ្លេចមួយវិនាទីណាឡើយ ។ ពេលព្រលប់ហើយមិនឃើញកូនត្រឡប់មក ផ្ទះវិញ ម៉ែនៅមិនសុខចេះតែរសាប់រសល់នៅក្នុងកាយា ហាក់ដូចជាសត្វល្អិតកំពុង តែរុករានទន្ទ្រាននៅក្នុងករជ្ជកាយ។ ពេលកំពុងតែធ្វើក្នុងនៅខាងក្នុងផ្ទះ ម៉ែឮ សំឡេងមាត់មនុស្ស ម៉ែរត់ស្ទុះទៅបើកទ្វារ ដោយនឹកស្មានថាកូនត្រឡប់មកផ្ទះ វិញ។ ពេលមិនឃើញកូន ម៉ែនឹកព្រួយព្រឺព្រួចៗក្នុងចិត្តគិតតែម្នាក់ឯងនឹកដល់កូន។
មើលចុះ! ទឹកចិត្តរបស់អ្នកម្តាយកម្សត់រូបនេះ នៅក្នុងខួរក្បាលរបស់គាត់ ផ្ទុកទៅដោយរូបកូនគ្រប់ៗ ផត។ ម៉ែធ្វើការនេះ ធ្វើការនោះ មិនបានពេញលេញ ឬមានអារម្មណ៍មូលទៅលើការងារនោះទេ គឺផ្តោតអារម្មណ៍តែទៅលើរូបកូន។ ដូនចាស់ជាម្តាយនឹកគិតដល់កូនស្រីយ៉ាងនេះគ្រប់ពេលវេលា ស្របនឹងបុរាណ ភាសិតរបស់ខ្មែរតែងពោលថា “ម្តាយនឹកកូនដូចច្រវាប្រដេញ កូននឹកម៉ែវិញ ដូចព្រះបែរក្រោយ” ។
ពេលចេកមួយស្ទងដែលបន្ទុំទុកុក្បែរជង្រុកនោះទុំល្អហើយ នាងកុលធីតា ក៏រៀបចំចាត់ចែងចេកនោះ យកទៅថ្វាយព្រះនៅឯវត្ត។ ក្នុងខណៈនោះឯង ម្តាយ ចាស់ស្គមកំព្រឹងនោះ អង្គុយនៅកណ្តាលផ្ទះ សម្លឹងមើលចេកទុំដែលកូនស្រីយួរ កាត់មុខឆ្ពោះទៅវត្ត ទឹកមុខរបស់គាត់គួរឱ្យស្រណោះ និងអាណិតអាសូរយ៉ាង ក្រៃលែង។ ដោយសារតែក្រពះទាមទារធ្វើទុក្ខដុកដាន់ខ្លាំងពេក ធ្វើឱ្យម៉ែស្រេក ឃ្លានខ្លាំងណាស់ ក៏ដាច់ចិត្តហារមាត់ស្រែកសុំចេកកូនថា “កូនស្រីសម្លាញ់ម៉ែ! កូន យកចេកទុំនេះទៅខាងណា? ឱ្យម៉ែទទួលទានខ្លះផងបានទេ? ម៉ែស្រេកឃ្លានខ្លាំង ណាស់!”។ កូនស្រីហេតុតែនៅល្ងង់ខ្លៅនៅឡើយ មិនទាន់ស្គាល់គុណូបការៈរបស់ ម៉ែច្បាស់លាស់ ហើយក៏មិនបានរៀបចំទុកដាក់ឱ្យម៉ែទទួលួទានខ្លះទេ ក៏ឆ្លើយនឹងម៉ែ ដូចនេះថា “ ម៉ែអើយ! ចេកនេះ ខ្ញុំយកទៅថ្វាយព្រះនៅឯវត្តទេ ម៉ែកុំបរិភោគអី! ខ្លាចបាប!”។ ម៉ែកាលឮពាក្យកូនពោលពាក្យប្រាប់យ៉ាងហ្នឹង ហើយក៏ខំអត់ សង្កត់ចិត្ត ទាំងក្តីស្រេកឃ្លានហើយអង្គុយទ្រឹងសម្លឹង មើលកូនកាន់យួរចេកដើរ ទៅកាន់វត្តរហូតដល់ផុតកន្ទុយភ្នែក។ អស់លោកមើលចុះ! ម៉ែដ៏សែនក្រលំបាក តោកយ៉ាក និងសែនកម្សត់នេះ គួរឱ្យអាណិតអាសូរណាស់ !
នាងកុលធីតា កាលធ្វើដំណើរទៅដល់វត្តហើយ ក៏ចូលទៅថ្វាយបង្គំព្រះ បរមគ្រូ ហើយក៏ប៏ង្អោនចេកមួយស្ទងនោះថ្វាយព្រះអង្គ។ ព្រះបរមសម្ពុទ្ធមិន ទាន់ទទួលចេកទុំនោះភ្លាមទេ តែបែរជាទ្រង់សាកសួរទៅកាន់នាងកុលធីតាវិញថា “មើល៍កុលធីតា! នាងបានចេកមួយស្ទងនេះមកថ្វាយតថាគត ក្នុងពេលនេះ តើនាង បានចាត់ចែងរៀបចំចេកចំនួនណាខ្លះ ដើម្បីថ្វាយដល់ព្រះក្នុងផ្ទះនាងហើយឬនៅ? នាងកុលធីតាបានក្រាបទូលព្រះមានព្រះភាគថា “បពិត្រព្រះអង្គដ៏ចម្រើន ផ្ទះរបស់ ខ្ញុំម្ចាស់អត់មានព្រះទេ ទើបខ្ញុំម្ចាស់មិនបានរៀបចំថ្វាយ។ ហេតុនេះហើយ ខ្ញុំម្ចាស់ យកចេកនេះមកថ្វាយព្រះអង្គវិញ ដើម្បីជាបុណ្យកុសលរបស់ខ្ញុំម្ចាស់តទៅ”។ ព្រះ អនាវរណញ្ញាណមានព្រះទ័យសន្តេស្កា ចង់ឱ្យនាងមានការភ្ញាក់រឭកដោយខ្លួនឯង ទើបព្រះអង្គមានព្រះបន្ទូលយ៉ាងនេះថា “ម្នាលនាងកុលធីតា នៅក្នុងផ្ទះរបស់នាង ពិតជាមានព្រះយ៉ាងជាក់ប្រាកដ ហេតុនេះ នាងត្រូវត្រឡប់ទៅផ្ទះវិញ ហើយ រកព្រះឯផ្ទះឱ្យឃើញ រួចរៀបចំចាត់ចែងចេកមួយចំណែកថ្វាយដល់ព្រះអង្គសិនចុះ សឹមយកមកថ្វាយតថាគតមួយចំណែកជាខាងក្រោយ ”។
ដោយសេចក្តីគោរពចំពោះព្រះអរហន្តសម្មាសម្ពុទ្ធ នាងមិនបានដេញដោល សួរជជីករកឫសគល់ទេ នាងក៏ថ្វាយបង្គំព្រះអង្គលាវិលត្រឡប់មកផ្ទះវិញ ដើម្បីរក ព្រះនៅឯផ្ទះ នឹងរៀបចំចាត់ចែងថ្វាយទ្រង់នូវគ្រឿងតង្វាយ។ នៅពេលនាងត្រឡប់ មកដល់ផ្ទះវិញ នាងខិតខំប្រញាប់ប្រញាល់ រុករកព្រះក្នុងផ្ទះរបស់ខ្លួន ដោយមិន ដំអក់ពេលយូរឡើយ ។ នាងចាប់ផ្តើមរកព្រះក្នុងផ្ទះ ចាប់តាំងពីកន្លែងដេក ក្នុងម៉ុងុ ក្នុងរមូរកន្ទេល និងកៀនកោះ ចន្លោះជញ្ជាំង កៀនជង្រុកស្រូវ បាវអង្ករ ពាងទឹក រហូតដល់ជើងក្រានក្នុងផ្ទះបាយជាដើម។ ទោះបីនាងខិតខំស្វែងរកព្រះយ៉ាងណា ក៏នៅតែរកមិនឃើញទាល់តែសោះ។ នាងខិតខំរកសព្វទីកន្លែង សព្វចន្លោះកន្លៀត កៀនកោះ រករហូតបែកញើស សស្រាក់ពេញទាំងថ្ងាស នៅតែរកមិនឃើញទៀត។ ពេលនាងរកអស់ចិត្ត អស់ចង់ហើយ នៅតែរកមិនឃើញព្រះក្នុងផ្ទះរបស់ខ្លន្លួទៀត ទើបស្រែកហៅ រកម៉ែឱ្យជួយរកជាមួយថា “ ម៉ែ ! ពេលដែលខ្ញុំយកចេកទុំនេះ ទៅថ្វាយព្រះនៅឯវត្ត ព្រះអង្គមិនព្រមទទួលទេ តែទ្រង់បានបង្គបា់ឱ្យកូនមករក ព្រះក្នុងផ្ទះ ហើយរៀបចំចាត់ចែងចេកទុំនេះ ថ្វាយទ្រង់សិន ទើបព្រះនៅឯវត្ត ព្រមទទួលទេយ្យទានរបស់ខ្ញុំ។ ម៉ែអើយសូមម៉ែជួយកូនផង! គឺជួយួរកព្រះក្នុងុ ផ្ទះរបស់យើងឱ្យឃើញ ដើម្បីឱ្យកូនបានធ្វើបុណ្យជាមួយួព្រះនៅឯវត្តបានម្តង។ តើម៉ែដឹងទេថា ព្រះនៅក្នុងផ្ទះរបស់យើង ទ្រង់គង់នៅកន្លែងណា? ខ្ញុំបានខិតខំ ប្រឹងប្រែងស្វែងរក សព្វទីកន្លែងហើយដែរ តែនៅតែរកមិនឃើញ”។
ដូនចាស់កម្សត់ជាម្តយ្កា ដែលកំពុងតែឆ្ងល់នឹងកូនរបស់ខ្លួនដែលកំពុងតែយួរ ចេកទាំងស្ទងមិនព្រមដាក់ចុះសោះ ដើរទៅដើរមក ហើយខ្លន្លួឯងត្រូវសេចក្តីស្រេក ឃ្លានគ្របសង្កត់ដុតកម្តៅផង ក៏គិតតែក្នុងចិត្តតែម្នាក់ឯងថា “ឱ! កូន សម្លាញ់មាស ម្តាយអើយ! កូនស្រីនៅមានសេចក្តីល្ងង់ខ្លៅច្រើនពេកណាស់។ នៅក្នុងផ្ទះជាមួយួ គ្នាអស់កាលជាយូរណាស់មកហើយ កូនមិនដឹងថា ព្រះពិតនៅទីកន្លែងណា មិនដឹង ថានរណាជាអ្នកមានគុណរបស់កូន នរណាជាព្រះផ្តល់កំណើតបង្កើតកូនសោះ”។ ដូនចាស់អង្គុយគិតដូចនេះហើយក៏នៅស្ងៀមទៅ ដោយមិនមានមាត់កអ្វីបន្តិច ទាល់តែសោះ។
នាងកុលធីតា កាលដែលកំពុងស្វែងរកព្រះក្នុងផ្ទះ ក៏មិនបានដាក់ចេកនោះ ទុកនៅមួយកន្លែងទេ នាងកាន់យួរបណ្តើរ ដើររកព្រះបណ្តើររហូតដល់ចេកទុំនោះ រលេះបាក់ជ្រុះខ្លះមកលើរនាបផ្ទះ។ ក្នុងគ្រានោះឯង ដូនចាស់ជាម្តយ្កាបានឃើញ ចេករលេះជ្រុះដូច្នេះហើយ ក៏និយាយទៅកាន់កូនស្រីថា “នែកូន! ចេកនេះរលេះ ដាច់ចេញជ្រុះពីស្និតហើយ ចេកដែលជ្រុះហើយនោះ តើកូនអាចឱ្យម្តាយបរិភោគ បានដែរឬទេ? កូនស្រីកាលបានឃើញ និងបានឮដូចនេះក៏និយាយថា “ ម៉ែ! សូមម៉ែ យកទៅពិសាចុះ”។ ម្តាយកាលបើបានចេកទុំពីរបីនោះ យកទៅបរិភោគហើយ ក៏ មានសេចក្តីត្រេកអរក្រៃលៃង ហើយក៏បរិភោគតាមសេចក្តីត្រូវការទៅ។
នាងកុលធីតាកាលបើរកព្រះក្នុងផ្ទះមិនឃើញដូចនេះហើយ ក៏ត្រឡប់ទៅ វត្តវិញ។ កាលទៅដល់វត្តហើយ នាងក៏លើកចេកទុំទៅថ្វាយព្រះ ដំណាលគ្នា នឹងសម្តីក្រាបទូលព្រះអង្គថា “បពិត្រព្រះអង្គដ៏ចម្រើន នៅក្នុងផ្ទះរបស់ខ្ញុំម្ចាស់ ពិតជាគ្មានព្រះទេ ខ្ញុំម្ចាស់បានរកសព្វទិសទីកន្លែងហើយ តែនៅតែរកមិនឃើញ ទាល់តែសោះ”។
ព្រះពុទ្ធបរមគ្រូ ៖ “ ម្នាលនាងកុលធីតា! ព្រះនៅក្នុងផ្ទះរបស់នាងពិតជាមាន ប្រាកដ។ នែនាង! ចេកនេះកាលដែលនាងយកមកថ្វាយ តថាគតលើកដំបូង គឺនៅ ពេញលេញគ្រប់ល្អទាំងអស់ តែនៅពេលនេះហាក់ដូចជា បាត់រលស់ខ្លះ តើមានហេតុ ភេទដូចម្តេច?”។
កុលធីតា ៖ “ក្រាបទូលព្រះអង្គ កាលដែលខ្ញុំម្ចាស់កំពុងតែស្វែងរក ព្រះក្នុង ផ្ទះនោះ ខ្ញុំម្ចាស់បានកាន់យួរចេកនេះជាប់ជានិច្ច ហេតុនេះហើយទើបធ្វើឱ្យចេកមួយ ចំនួនខ្លះ រលេះរបេះចេញពីស្និត ហើយធ្លាក់ចុះទៅលើរនាបផ្ទះ។ ឃើញចេកជ្រុះ មកដូច្នេះ ម្តាយរបស់ខ្ញុំម្ចាស់ក៏សុំយកទៅបរិភោគទៅ។ ដោយយល់ថា ចេកនោះ ជ្រុះទៅហើយ ខ្ញុំម្ចាស់ក៏សុខចិត្តជូនគាត់ ទទួលទានតែម្តងទៅ”។
ព្រះពុទ្ធ ៖ “ ម្នាលនាងកុលធីតា នាងបានស្វែងរកព្រះនៅឯផ្ទះ បានជួបនឹង ជនណា ផ្លែចេកដែលនាងជ្រុះ គឺជនណារើសយកទៅបរិភោគ ជននោះហើយ ជាព្រះនៅក្នុងផ្ទះរបស់នាង ជាព្រះរស់បង្កើតមនុស្សលោក នៅលើភពផែនដីនេះ ពោលគឺមាតាបិតារបស់នាងហ្នឹងឯង។ មាតាបិតាជាព្រះនៅក្នុងផ្ទះរបស់កូនប្រុស ស្រីទាំងឡាយ បុត្រធីតាទាំងឡាយត្រូវតែគោរពប្រណិប័តន៍ នមស្ការ បូជាមុនព្រះ ណាៗទាំងអស់ ”។
ក្នុងគ្រានោះឯង ព្រះសម្ពុទ្ធទ្រង់បានសម្តែងធម៌ជាច្រើនអំពីគុណមាតាបិតា ដល់នាងកុលធីតា។ (គុណរបស់មាតាបិតាខ្ញុំនឹងធ្វើសេចក្តីអត្ថាធិប្បាយនៅក្នុង សៀវភៅនេះទាំងមូល)។ ការសម្តែងធម៌របស់ព្រះបរមគ្រូបានធ្វេឱ្វីន្យាងកុលធីតា មានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែង និងធ្វើឱ្យនាងមានការភ្ញាក់ខ្លួននឹកដល់អ្នកម្តយ្កា កម្សត់របស់នាង ។
ក្រោយបានស្តាប់ធម៌ទេសនាចប់ នាងកុលធីតាបានត្រឡប់មកផ្ទះវិញ ទាំង ប្រាជ្ញាដឹងច្បាស់ចំពោះគុណម៉ែ និងសេចក្តីសោកស្តយ្កាស្រណោះ ចំពោះកំហុសឆ្គង ទាំងឡាយដែលខ្លួនបានប្រព្រឹត្តខុសកន្លងមកចំពោះអ្នកម្តាយ ព្រោះតែខ្លួននៅល្ងង់ ខ្លៅ មិនស្គាល់ព្រះក្នុងផ្ទះ មិនបានខ្វល់ខ្វាយបម្រើ ថែរក្សាទំនុកបម្រុងម៉ែឱ្យបាន ដិតដល់ជាដើម។ នាងកុលធីតាចាប់ផ្តើមតាំងចិត្តប្តេជ្ញាក្នុងហឫទ័យ នឹងមិន ប្រព្រឹត្តឱ្យឆ្គាំឆ្គងចំពោះម៉ែតទៅទៀតឡើយ ហើយសច្ចាថានឹងបម្រើ បីបាច់ថែរក្សា ចិញ្ចឹមម៉ែចាស់ជរា ឱ្យបានល្អប្រសើរជាទីបំផុត ទោះបីជីវភាពរបស់ខ្លួនក្រតោក យ៉ាកយ៉ាងណាក៏ដោយ ក៏ត្រូវតែតស៊ូលុះសូន្យសង្ខារ។
លុះមកដល់ផ្ទះវិញ នាងកុលធីតាក៏ក្រាបថ្វាយបង្គំម៉ែ ក្រាបសំពះស្មារលា ទោសម៉ែ សូមឱ្យម៉ែអត់ឱនលើកលែងទោសកំហុសទាំងប៉ុន្មាន សូមម៉ែកុំប្រកាន់ ទោស និងសូមឱ្យកូនបានបម្រើម៉ែតទៅ។ នាងពោលថា ៖
ទោសណាដែលខ្ញុំធ្វើ ខុសឆ្គងលើអ្នកម្តាយពិត ដោយកាយវាចាចិត្ត ភ្លេចនឹងគិតធ្វើហួសទៅ។សូមម៉ែអនុគ្រោះ ទ្រង់សន្តោសអត់ទោសខ្ញុំ ខុសឆ្គងអ្នកម៉ែកុំ យកទោសខ្ញុំតទៅទៀត។ដើម្បីនឹងសង្រួម រវាំងព្រមមិនឱ្យឃ្លាត សូមជួបអ្នកម្តាយទៀត រហូតដល់និព្វានហោង។
ដូនចាស់ជាម្តយ្កាឮដូច្នេះមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ញញឹមបិទមាត់ មិនជិត ព្រោះឃើញកូនស្រីសំណព្វចិត្តចេះភ្ញាក់រឭក ចេះស្គាល់គុណមាតាបិតា យ៉ាងនេះ។ ជាមួយសេចក្តីត្រេកអរ ម៉ែក៏មានទឹកភ្នែកហូរមកជាមួយដែរ លាយឡំ ដោយពាក្យសម្តីប្រណីមេត្តាសន្តោសលើកលែងទោសកំហុស ឱ្យកូនស្រីសម្លាញ់។
ចាប់តាំងពីពេលនោះមក នាងកុលធីតាក៏ចាប់ផ្តើមទំនុកបម្រុងម៉ែ ដោយ ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុត។ ម៉ែដែលធ្លាប់តែស្គមខ្មៅកំព្រឹង ក្លាយជា មានសាច់ឈាមភ្លឺថ្លា មុខមាត់ស្រស់បស់ឡើងវិញ ប្រៀដូចជាបុប្ផាត្រូវទឹកសន្សើម នៅនានិទាឃរដូវ។ ចាប់ពីពេលនេះតទៅ អ្នកទាំងពីរគឺម្តយ្កា និងកូនស្រី រស់នៅ ប្រកបដោយសុខសុភមង្គល ដរាបដល់អស់ជីវិតរៀងៗខ្លួន។
ក្រោយពីការអាននូវនិទាននេះចប់ហើយ អាចក្តីជឿជាក់ថា លោក/អ្នកអាច ទាញយកផលប្រយោជន៍ពីខ្លឹមសារនៃនិទាននេះ យកទៅប្រើប្រាស់នៅក្នុងសង្គម គ្រួសាររបស់ខ្លួន ប្រកបដោយជោគជ័យជាក់ជាមិនខាន។
សូមរង់ចាំអានភាគបន្ត...!
(អត្ថបទនេះដកស្រងពីសៀវភៅព្រះក្នុងផ្ទះរបស់ភិក្ខុញាណចារី ឆែម ពេជ រូបខ្ញុំផ្ទាល់)
សូមបញ្ចេញវិចារ!
បញ្ចេញវិចារដោយតំណក់ក្ដីសង្ឃឹម ក្នុងខែមិថុនា 14, 2010 នៅម៉ោង 8:28am
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ