បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជា
បិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុង បាត្រ។ ឯពាក្យ
ភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ត្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យធំៗពីរ គឺបុណ្យ
កាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះ និងពិធី
បុណ្យចូលឆ្នាំថ្មី ។ គេតែងតែនាំគ្នា ទៅធ្វើ បុណ្យកាន់
បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេតាំងចិត្តដាច់ខាតត្រូវតែ ទៅវត្តឱ្យបានម្តងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា
“ភ្ជុំបិណ្ឌ”។ រឿងហេតុទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្តាប់ចាស់ៗដែលពោលណែនាំ និងអនុវត្តជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចោតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្តដែលបានចែក ឋានទៅ ហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើត ក្នុង អបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញ ពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារ បរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះគេបាន ដោះ លែងឱ្យមកទទួលយកផល្លានិសង្សដែលញាតិ សាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។ ម៉្យាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេចបណ្តាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧ វត្តហើយមិនឃើញសាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយ ទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគ ឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្តីសុខ និងសេចក្តីចំរើន ។
ប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបាន បំពេញទានមិនបរិសុទ្ធ គឺស៊ី បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើត ទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោបានត្រាស់ដឹងឡើងក្នុងលោកពួកប្រេត ទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំងឡាយមិនត្រូវ បានអាហារ បរិភោគទេ”។ លុះដល់ព្រះពុទ្ធព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំងនោះនាំគ្នាទៅ សួរទៀត ។ ព្រះពុទ្ធព្រះនាមនាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធ ព្រះ នាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធ ព្រះនាម សមណគោត្តមយើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់អ្នកទាំងឡាយទ្រង់ឱ្យទានដល់តថាគត នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិន ផ្សាយទៅឱ្យពួកញាតិក៏ ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះយំស្រែក ទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទ ពិម្ពិសារស្តេចយាងទៅកាន់វត្តវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនា តថាគត”។ ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ ។ ពេលព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើ បុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផល ក្នុងពេលនោះហើយ ។
កម្មវិធីបុណ្យ
ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់ ។ អ្នកដែលបានព្រមទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្តាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថាកាន់បិណ្ឌ ហើយថាបិណ្ឌ១ គេត្រូវមកកាន់ទីវត្ត ដើម្បីដំណើរ ការពិធីដូចគេទៅ ៖
១-អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករ ដំណើបហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើង បិណ្ឌ នោះជាពីរចំណែក ទុកប្រគេនព្រះសង្ឃមួយចំណែក សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅ ថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើ គ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និង ចំណូលចិត្តរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួន វេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ត្រង់កំពូលស្រួច ហើយញាត់បាយ ដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះ គ្រប់ពណ៌ពីលើជាលំអ សំរាប់ ឧទ្ធិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។
២-នៅពេលព្រលប់លោកអាចារ្យ អ្នកកាន់វេន និងពុទ្ធបរិស័ទទាំងអស់ប្រារឰធ្វើពិធីថ្វាយបង្គំ
ព្រះ និង ឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែកឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣-ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ចំរើនព្រះបរិត្ត និងឧទ្ទិស កុសលបាច ទឹកមន្ត គឺពិធី ក្រុងពាលីបាយបិណ្ឌ ។
៤-ព្រះសង្ឃទេសនាច្រើនទេសន៍ពីអានិសង្សនៃកុសលដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬ ពីកុសលផ្សេងៗ ដែលពាក់ព័ន្ធដល់ពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
៥-ព្រះសង្ឃ(ប្រធានសង្ឃ)ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ។ ថ្ងៃស្អែក ពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេកដើម្បី ដំណើរការពិធីបន្តដូចតទៅ ៖
-ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ ។ រីឯពុទ្ធបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូល ទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។
-ព្រះសង្ឃនិមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ដើម្បី
សូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ដែលចែងពីរឿងវិនាស១២ប្រការ មាន អំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌ អ្នកមាន ទ្រព្យសម្បត្តិមិនចិញ្ចឹមមាតាបិតា ការសេពគប់បុគ្គលពាល ៘
-សូត្របរាចប់ ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះ សង្ឃសូត្រចប់អាចារ្យវាយគងហើយភ្លេងពិណពាទ្យចាប់កំដរពិធី។
-ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិសជាបន្តបន្ទាប់នោះ ពួកពុទ្ធ បរិស័ទទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែលគេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំ សរសៃនៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំអាចារ្យប្រកាសថា អនុមោទនា លោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗ មួយទង នៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាម អាចារ្យដែលអញ្ជើញចេញទៅក្រៅវត្តទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើ ធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឱ្យខ្មោចដែលគ្មានបងប្អូន ធ្វើ បុណ្យបញ្ជូនឱ្យ។ អាចារ្យបានហាមមិនឱ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះ ហាក់ ដូចជាអសីលធម៌ដល់ ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេតទាំង នោះ ដែលមកចាំទទួលដែរតែគ្មានញាតិសន្តានឧទ្ទិសឱ្យ។
-បន្ទាប់ពីចប់កិច្ចក្រៅវត្ត ពុទ្ធបរិស័ទទាំងអស់បានចូលមកកាន់សាលាឆាន់វិញ ដើម្បីរៀបចំ ប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។
-ព្រះសង្ឃបានរៀបចំពិធីបង្សុកូលដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ។
-ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូត ដល់ម៉ោង១១។
-ម៉ោង១១អាចារ្យទូងស្គរម្តងទៀតដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់។
-ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ។
កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្តជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយ ថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ធបរិស័ទដើម្បី ឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសល នេះគេរៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នក កាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមកចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។
ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរបានរៀបចំសែនដូនតា ដោយមានរៀប កំរាលស ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។ រណ្តាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រាបហើយ អុជទៀនបំភ្លឺព្រោងព្រាតផង។
នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុក សំរាប់ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់ អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្តែក ល្ងឆៅ …សំរាប់ទុកជូនដូនតាហូបចុកបន្តទៀត ។
ចម្លងចេញពីគេហទំព័រទស្សនាវដ្តីខ្មែរ khmermagazine.co.cc
.....................................................................................................................
សូមសាធុជនទាំងឡាយអាននិងត្រិះរិះពិចារណាអោយបានគ្រប់ជ្រុងជ្រោយផងចុះ ធម្មតាជំនឿទាំងឡាយ
គ្រប់ជាតិសាសន៍តែងតែមានលាយឡំទៅដោយទំនៀមទម្លាប់ប្រពៃណីប្រចាំជាតិ ដើម្បីធ្វើអោយលក្ខណៈ
នៃជាតិនិមួយៗមានលក្ខណៈជាឯកលក្ខណ៍។ យ៉ាងណាមិញពិធីបុណ្យនានានៅក្នុងព្រះពុទ្ធសាសនាខ្មែរយើង
ក៏តែងតែមានជំនឿដែលល្អៀងឃ្លៀងឃ្លាតខ្លះពីទ្រឹស្តីពិតប្រាកដនៃព្រះពុទ្ធសាសនាជាមិនខាន ព្រោះបាន បញ្ចូលនូវជំនឿនិងទំនៀមទម្លាប់របស់ជាតិផ្ទាល់ផង និងមានការសេសសល់ពីឥទ្ធិពលនៃព្រហ្មញ្ញសាសនា
ខ្លះផង ។ ហេតុនេះបើសាធុជនទាំងឡាយមានចំណាប់អារម្មណ៍ចង់លើកយកចំណុចណាមួយមកធ្វើការពិភាក្សា
សូមមេត្តាលើកឡើងដោយមេត្រីភាព។
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ