
សាមគ្គីជាដែនកើតនៃសេចក្តីសម្រេចទាំងពួង ជាដែនកម្លាំងខ្លាំងដែលអាចកសាងសេចក្តីចម្រើនលូតលាស់ និង ស្ថេរភាពឲ្យកើតឡើងបាន ទាំងជាគោលការណ៍ដែលរាល់សមាជិកក្នុងសង្គមគប្បីឈ្វេងយល់ យកចិត្តទុកដាក់ និង សហការគ្នាកសាងឲ្យកើតឡើង ។
ក្នុងព្រះពុទ្ធសាសនាដែលយើងគោរពបូជានោះ ព្រះសម្ពុទ្ធដែលជាស្ថាបនិកនៃសាសនានេះបានត្រាស់គោលធម៌ជាគ្រឿងត្រួសត្រាយផ្លូវនាំឲ្យកើតសាមគ្គីភាព ៦ យ៉ាង ហៅថា សារាណីយធម៌ បានដល់ គោលធម៌ដែលជាទីតាំងនៃការរលឹកដាស់តឿនគ្នា ។
សារាណីយធម៌នេះជាគោលធម៌ដែលជួយសាងចេតនាល្អចំពោះគ្នានិងគ្នាបានក្នុងគ្រាប្រេះឆា ដើម្បីផ្សាភ្ជាប់សាមគ្គីភាពឡើងវិញ ។
បើសង្គមណាត្រូវការស្ថាបនាសាមគ្គីភាពឲ្យកើតឡើង សង្គមនោះគប្បីប្រើសារាណីយធម៌នេះដើម្បីបង្រួបបង្រួមផ្សះផ្សាគ្នា ។
គោលធម៌ ៦ ប្រការនោះ គឺ
- មេត្តាមនោកម្ម បានដល់ គិតល្អ សំឡឹងមើលគ្នាក្នុងផ្លូវល្អ មានចេតនាល្អ និងបំណងល្អចំពោះគ្នា ស្រឡាញ់រាប់អានគ្នា គិតជួយស្ថាបនាគ្នា មិនច្រណែនឫស្យាគ្នា មិនគិតដោយអគតិចំពោះគ្នា មិនគិតព្យាបាទគ្នា មិនខឹងគ្នា ចេះឲ្យឱកាសនិងឲ្យអភ័យទោសចំពោះគ្នាជានិច្ច ។
- មេត្តាវចីកម្ម បានដល់ និយាយល្អចំពោះគ្នា និយាយគ្នាដោយសេចក្តីស្រឡាញ់រាប់អាន ចេះប្រើសំដីឲ្យកម្លាំងចិត្តគ្នាក្នុងគ្រាដែលមិត្រណាមួយជួបសេចក្តីទុក្ខលំបាក កំហកបំណង ឬ សំណោកសោកសង្រេង មិននិយាយជាន់ថែម ឬ មិននិយាយដើមទាំងប្រទល់មុខនិងកំបាំងមុខ និយាយណែនាំក្នុងផ្លូវល្អ និង មានប្រយោជន៍ ធ្វើតាមពាក្យដែលនិយាយ មិនកុហកបោកប្រាស់ ។
- មេត្តាកាយកម្ម បានដល់ ធ្វើល្អចំពោះគ្នា ជ្រោមជ្រែងគ្នាខាងកម្លាំងទ្រព្យ ឬ កម្លាំងកាយ មានសេចក្តីឱនលំទោនចំពោះគ្នា ចេះគោរពគ្នា មិនបៀតបៀនគ្នា មិនធ្វើបាបគ្នា ធ្វើល្អចំពោះគ្នារហូត ។
- សាធារណភោគី បានដល់ ការចែករំលែកភោគផលដល់គ្នាដោយយុត្តិធម៌ ជួយអនុគ្រោះគ្នា មិនគិតប្រយោជន៍ផ្ទាល់ខ្លួន មិនយកប្រៀបគ្នា មានសេចក្តីស្មើភាពគ្នា អើពើគ្នាជានិច្ច ។
- សីលសាមញ្ញតា បានដល់ ការបដិបត្តិតាមច្បាប់ របៀប បទបញ្ជា ឬ បទវិន័យផ្សេង ៗ គោរពសិទ្ធិសេរីភាពរបស់បុគ្គល មិនអាចអំណាច ឬ អាងខ្នងណា ៗ ។
- ទិដ្ឋិសាមញ្ញតា បានដល់ មានគំហើញស្របគ្នា គិតក្នុងគោលដៅដូចគ្នា សម្រួលជ្រុងគំនិតឲ្យត្រូវគ្នា ស្វែងរកចំណុចរួម និង រក្សាទុកចំណុចផ្សេងរបស់គ្នានិងគ្នា មិនប្រកាន់ខ្ជាប់តែគំហើញរបស់ខ្លួនជាធំ ចេះស្តាប់មតិយោបល់របស់អ្នកដទៃ ។
គោលធម៌ទាំង ៦ យ៉ាងខាងដើមជួយសាងសាមគ្គីភាពនិងស្ថេរភាពឲ្យកើតឡើងក្នុងសង្គមដែលជាហេតុនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពទាំងពួង ។

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!
Join ព្រះពុទ្ធសាសនាខ្មែរ