ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

បំភ្លឺគាថាបាលីរបស់សម្តេច លាស់ ឡាយ

អធិប្បាយឆន្ទក្នុងភាសាបាលី

            ឆន្ទ  ប្រែថា ធម្មជាតដែលបិទបាំងនូវទោស មានវិគ្គហៈថា អវជ្ជំ ឆាទេតីតិ ឆន្ទំ  (ពន្ធ:, គាថា, វុត្តិ ជាវេវចនៈរបស់ឆន្ទ )

ការដែលក្លាយជាឆន្ទនីមួយ ៗ ត្រូវប្រកបដោយអ្វីខ្លះ?

ឆន្ទ ប្រកបដោយ

- ទីឃៈ   បានដល់ សព្ទ​ដែលប្រកបដោយស្រ:មានសំឡេងវែង គឺ  អា ឦ ឩ ឯ ឱ ដូចជា វាចា សីហោ ជាដើម

-ស្សៈ              បានដល់ សព្ទដែលប្រកបដោយស្រ:មានសំឡេងខ្លី គឺ អ ឥ ឧ    ដូចជា បតិ មុនិ ជាដើម​

សំឡេងរបស់ឆន្ទ

-គរុ       បានដល់ សំឡេងធ្ងន់  សំដៅដល់ ស្រៈមានសំឡេងវែង  គឺ អា ឦ ឩ ឯ ឱ

-លហុ    បានដល់ ស្រៈដែលមានសំឡេងខ្លី គឺ អ ឥ ឧ និង ស្រៈទីឃៈ ឯ ឱ ផ្សំនឹងព្យញ្ជនៈសំយោគ ដូចជា

            សេយ្យោ សោត្ថិ ជាដើម

ព្យញ្ជន:សំយោគ មាន ៤ ប្រភេទ គឺ

១.សំយោគាទិគរុ   បានដល់ បទឬពាក្យដែលមានសំយោគ   ដូចជា  ពុទ្ធោ ធម្មោ  សង្ឃោ កត្វា ជាដើម

២.ទីឃគរុ   បានដល់ បទដែលមានសំឡេងវែង ដូចជា លោបោ វាចា  ជាដើម

៣.បាទន្តគរុ   បានដល់ ពាក្យចុងបាទ គឺ ព្យាង្គទីបំផុតនៃបាទ  ទោះបីកំណត់ឲ្យជាគរុក៏ដោយ ក៏ប៉ុន្តែអាចតែងជាលហុបាន ដូចជា យានីធ ភូតានិ សមាគតានិ ព្យាង្គដែលគូសបន្ទាត់ខាងក្រោមនោះ ហៅថា បាទន្តគរុ

៤.និគ្គហិតគរុ  បានដល់ ពាក្យ​ដែលមាននិគ្គហិត ដូចជា វំសោ ឧទកំ វរំ ជាដើម

ពន្យល់ការប្រើពាក្យ

-វិភត្តិ គឺ សព្ទសម្រាប់ប្រកបផ្សំក្រោយនាមសព្ទ ដូចជា សិ យោ អំ យោ ជាដើម

-សព្ទ  គឺ ពាក្យដែលមិនបានផ្សំជាមួយនឹងវិភត្តិ ដូចជា ភន្តេ ច ខោ  បុរិស  ទេវ ជាដើម

-បទ  គឺ ពាក្យដែលផ្សំជាមួយនឹងវិភត្តិហើយ ដូចជា បុរិសោ បុរិសា ទេវោ ទេវា ជាដើម

-ព្យាង្គ គឺ មាត្រាសំឡេងដែលពោលចេញមក ១ ដង  ហៅថា ១ ព្យាង្គ ដូចពាក្យថា អារាមេ មាន ៣ ព្យាង្គ អាចរិយោ មាន ៤ ព្យាង្គ ជាដើម

-បាទ គឺ ក្រុមពាក្យដែលមានចំនួនព្យាង្គគ្រប់តាមដែលកំណត់ក្នុងឆន្ទនោះៗ ដូចជា បឋ្យាវត្ត ក្នុងបាទនីមួយ ៗ កំណត់ឲ្យ​មាន ៨ ព្យាង្គ ជាដើម

-គាថា  គឺ កម្រងពាក្យដែលមាន ៤ បាទ   មានន័យថា ៤ បាទ ជា  ១ គាថា បើមាន ២ បាទ ហៅថា កន្លះគាថា (អឌ្ឍគាថា) និង ៦ បាទ ហៅថា ១ គាថា កន្លះ ជាដើម

សូមបញ្ជាក់ថា ក្នុងបាទនីមួយ ៗ មាន ៨ ពាក្យ ឬ អក្សរនោះ  អត្ថន័យក្នុងភាសាខ្មែរអាចភ្លំាងភ្លាត់បាន   ដូចជា  កមល បទុម  ជាដើម ឃើញថា មាន ៣ អក្សរ ប៉ុន្តែពេលអាន  អានតែ ២ ព្យាង្គប៉ុណ្ណោះ   តទៅនេះនឹងប្រើពាក្យ​ថា “ព្យាង្គ”ជាគោលដើម្បីភាពជាក់លាក់

ប្រភេទរបស់ឆន្ទ

ឆន្ទចែកជា ២ ប្រភេទ គឺ

១.ឆន្ទ​វណ្ណព្រឹត្តិ (វណ្ណវុត្តិ) បានដល់ ឆន្ទ​ដែលកំណត់ចំនួនព្យាង្គក្នុងបាទនីមួយ ៗ ដូចជា បឋ្យាវត្ត កំណត់ឲ្យបាទនីមួយ មាន ៨ ព្យាង្គ   ឥន្ទវជីរ កំណត់ឲ្យ​​បាទនីមួយ ៗ មាន ១១ ព្យាង្គ  ឥន្ទវង្ស កំណត់ឲ្យ​​បាទនីមួយ ៗ មាន ១២ ព្យាង្គ ជាដើម

២.ឆន្ទមាតា្រព្រឹត្តិ  (មត្តាវុត្តិ) បានដល់  ឆន្ទ​​ដែលកំណត់មាត្រាសំឡេង គឺ ចំនួនគរុ លហុ ក្នុងបាទនីមួយ ៗ

គណ:របស់ឆន្ទ

គណ: គឺ ក្រុមព្យាង្គ (ពាក្យ) ដែលប្រកបដោយគរុ និង លហុ

គណ:របស់ឆន្ទ​វណ្ណព្រឹត្តិ  កំណត់ឲ្យ​គណ:នីមួយ ៗ មាន ៣ ព្យាង្គ  ទំាងអស់ មាន ៨ គណ:

គណ:របស់ឆន្ទមាត្រាព្រឹត្តិ កំណត់ឲ្យ​គណ:នីមួយ ៗ មាន ៤ មាត្រា ទំាងអស់ មាន ៥ គណ:

គណ:របស់ឆន្ទ​​​វណ្ណព្រឹត្តិ

             ម ន ស ជ ត ភ រ យ  តួអក្សរនីមួយ ៗនេះ  សន្មតឲ្យជាឈ្មោះរបស់គណ:ឆន្ទ  គឺ  ម-គណ: ន-គណ: ជាដើម រួមទំាងអស់ មាន ៨ គណ:

តទៅនេះជាមេសូត្រ​សម្រាប់ចំណាំគណ:របស់ឆន្ទ​វណ្ណព្រឹត្តិ 

ព្វញ្ញូ មោ សុមុនិ នោ                   សុគតោ សោ មុនិន្ទ ជោ

      មារាជិ តោ មារជិ ភោ                    នាយកោ រោ មហេសី យោ.

គណៈនីមួយ ៗ មាន ៣ ព្យាង្គ ដូចតទៅនេះ

             សព្វញ្ញូ មោ      ហៅថា ម-គណ: (គរុ គរុ គរុ)

             សុមុនិ នោ       ហៅថា ន-គណ:  (លហុ លហុ លហុ)

             សុគតោ សោ   ហៅថា ស-គណ: (លហុ លហុ គរុ)

            មុនិន្ទ ជោ         ហៅថា ជ-គណ:  (លហុ គរុ លហុ)

             មារាជិ តោ       ហៅថា ត-គណ: (គរុ គរុ លហុ)

             មារជិ ភោ        ហៅថា  ភ-គណ:(គរុ លហុ លហុ)

              នាយកោ រោ    ហៅថា រ-គណ: (គរុ លហុ គរុ)

               មហេសី យោ ហៅថា យ-គណ: (លហុ គរុ គរុ)

ការតែងឆន្ទគ្រប់ប្រភេទត្រូវដាក់បាទគាថាពីឆ្វេងទៅស្ដាំ  ឬ រៀងពីលើចុះក្រោមរហូតដល់គ្រប់ ៤ បាទ  

ការរៀងសព្ទក្នុងការតែងឆន្ទ  មិនសូវប្រិតប្រៀងតំណែងរបស់សព្ទដូចការតែងប្រយោគធម្មតាទេ ទោះជារៀងសព្ទនៅកន្លែងណាក៏បាន កុំឲ្យ​តែខុសគណ:ឆន្ទ  ចាត់ទុកថា អាចទទួលយកបាន ប៉ុន្តែមិនមែនមានន័យថា រៀងរំលងប្រយោគត្រឡប់ត្រឡិន ប្រើសព្ទច្របូកច្របល់រហូតដល់រកចាប់សេចក្ដីមិនបាននោះទេ  លើកលែងតែនិបាតបុព្វបទ និង តេ មេ វោ នោ ដែលជាបុរិសសព្វនាមប៉ុណ្ណោះ ដែលត្រូវរៀងទុកខាងក្រោយបទដទៃជានិច្ច

ដើម្បីបកស្បែកហែកឲ្យឃើញទោសកំហុសខុសរបៀបក្នុងការតែងឆន្ទ  សូមអនុញ្ញាតលើកយកឆន្ទ ដែលតែងដោយសម្ដេចធម្មលិខិត លាស់ ឡាយ មកជាករណីសិក្សាដើម្បីជាឧទាហរណ៍ ទោះដោយចំណេះដឹងមិនដល់ ឬ ប្រមាទលិខិត ដោយប្រការណាមួយក៏ដោយ ក៏ចាត់ថាល្មើសនឹងវិធីតែងឆន្ទ  ដូចតទៅនេះ

ក្នុងរូបភាពនេះប្រសិនបើយកមកចាត់រៀងឲ្យត្រឹមត្រូវតាមរបៀបគាថាបឋ្យាវត្ត  ត្រូវរៀងបែបនេះ បើលើកវិធីតែងឆន្ទបឋ្យាវត្តមកផ្ទៀងផ្ទាត់ នឹងឃើញថាត្រូវឬខុស​

                                     ខេមរំ សច្ចំ បាលេតុ  ​​    បាលយិស្សតិ ​​​និរន្តំ

                                    បិយន្តុ  ខេមរា សព្វេ ​​​​​​ ​​   មាមុឡ្ហន្តុ  ជាតិយា .

បាទទី ១  ខេមរំ សច្ចំ  បាលេតុ  ខុសទី​ ១  គ្មានប្រធាន បើប្រែថាចូររក្សានូវសច្ច: ខេមរំ ​ក្លាយសព្ទអណ្ដែត មិនអាចសម្ពន្ធចូលនឹងសព្ទណាមួយ បាន ទី ២ ខុសគណ: ព្យាង្គទី ៥ ​ត្រូវមានសំឡេងខ្លី (រស្ស:) ប៉ុន្តែក្នុងទីនេះ សច្ចំ មានសំឡេងវែង

បាទទី ២  បាលយិស្សតិ  ​នឹងរក្សា (មិនដឹងរក្សាអ្វី? ហើយប្រធានជាអ្វីគ្មានរូបច្បាស់លាស់  ថែមទំាងជំទាស់នឹងបាលេតុ  ហើយ និរន្តំ គ្មានសព្ទ បែបនេះទេ ​សង្ស័យអ្នកតែងសំដៅយក និរន្តរំ ​ ​ រួមប្រយោគបញ្ចូលគ្នាជា បាលយិស្សតិ និរន្តំ ពាក្យទី ៦ ត្រូវមានសំឡេងធ្ងន់ (គរុ) ទី ៧ សំឡេងស្រាល (លហុ)  ចំណែកទី ៨  មិនបង្គាប់គរុឬលហុទេ  ប៉ុន្តែហៅថា បាទន្តគរុ ពោលគឺ ជាសំឡេងធ្ងន់​  ក្នុងទីនេះ ព្យាង្គ​ទី ៦ ត្រឡប់ជាមាន សំឡេងស្រាល ទី ៧ ត្រឡប់ជាមានសំឡេងធ្ងន់ ត្រឡប់ត្រឡិនគ្នា ​

បាទទី​ ៣  បិយន្តុ  ខេមរា សព្វេ បិយន្តុ ​ គួរតែជា បិយាយន្តុ ប្រកបកិរិយាខុស ចាត់ថា ខុសទំាងប្រយោគ  ព្រោះសូម្បីតែវេយ្យាករណ៍ ដែល មូលដ្ឋានភាសាបាលីក៏ខុស ថែមទាំងជាបទកិរិយារបស់បទប្រធានក្នុងប្រយោគទៀត  ដើម្បីយកមកប្រៀបធៀបភាសាបាលី

                                               ខេមរំ សច្ចំ  បាលេតុ  ​​  បាលយិស្សតិ ​​​និរន្តំ

                                                បិយន្តុ ខេមរា សព្វេ ​​​​​​ ​​   មាមុឡ្ហន្តុ  ជាតិយា.

នឹងភាសាខ្មែរ   ​សូមអស់ខេមរជាតិគ្រប់រូប ​(ខេមរា សព្វេ)​  ស្មោះត្រង់ (បិយន្តុ) ​នឹងជាតិ (ជាតិយា) រក្សា (បាលេតុ)  ការពារជាតិ   (បាលយិស្សតិ)  ក្នុងករណីនេះ បទប្រធាន គឺ ខេមរា សព្វេ​ ​ជាពហុវចន:ចំណែកបទកិរិយាជាឯកវចន: ចាត់ថាខុសក្បួនតែងបាលី លោកមិនប្រើបទករិយាធាតុតែមួយ​ បាលេតុ  ​​  បាលយិស្សតិ​​  យ៉ាងនេះទេ លើកលែងតែរូបវិគ្គហៈដែលប្រើវត្តមានកាលវិភត្តិ អជ្ជត្តនីវិភត្តិ និងភវិស្សន្តិវិភត្តិ ដូចជា ជីរតិ អជីរិ ជីរិស្សតីតិ ជរា ជាដើម ប៉ុន្តែមិននិយមប្រើបញ្ចមីវិភត្តិទេ  ដែលប្រៀបបីដូចមនុស្សដំឡាន់ និយាយត្រដាក់ ត្រដុប  គឺ រក្ខេតុ បាលេតុ គោបេតុ ​  ហើយប្រកបវិភត្តិស្មើគ្នា មិនមែនប្រើវិភត្តិប្រទាញប្រទង់គ្នាដូច្នោះទេ និរន្តំ ឲ្យបានជានិរន្តរ៍   ​សព្ទត្រឹមត្រូវ គឺ និរន្តរំ

ទី​ ៤ មាមុឡ្ហន្តុ ជាតិយា  ត្រូវញែកជា​ មា មុឡ្ហន្តុ ជាតិយា ​មិនគ្រប់បាទទេ

ដើម្បីឲ្យត្រូវតាមសេចក្តីភាសាខ្មែរនិងឆន្ទបាលី សូមតែងសាជាថ្មីថា

                                    រដ្ឋស្ស ឧជុកា ហោន្តុ                       មា មុឡ្ហន្តុ ជាតិយា 

                                    បាលេន្តុ  ខេមរា សព្វេ                    អត្ត​រដ្ឋំ  និរន្តរំ.

សូមអស់ខេមរជនគ្រប់រូបស្មោះត្រង់នឹងជាតិ កុំវង្វេងនឹងជាតិខ្លួនឡើយ សូមរក្សាការពារជាតិ​របស់​ខ្លួនឲ្យ​បាន​ជានិរន្តរ៍ ។  ឆន្ទនេះ ហៅថា បឋ្យាវត្ត

            ពាក្យថា  សជាតិយា ប្រែថា នឹង ឬ ចំពោះជាតិរបស់ខ្លួន ពាក្យ នាំមុខ ជាតិយា នោះ ប្រែថា របស់ខ្លួន តាមពិត សព្ទ សជាតិយា នេះមិនត្រូវតាមការប្រើភាសាបាលីទេ ប៉ុន្តែការតែងនេះគ្រាន់តែ​ធ្វើ​អនុលោម​ទៅ​តាម​​ភាសាខ្មែរប៉ុណ្ណោះ ។

            ការបកស្រាយនេះមិនមែនជាការផ្ទញ់ផ្ទាល់ឬមើលងាយមើលស្រាលសម្តេច លាស់ ឡាយទេ គ្រាន់តែធ្វើឡើងដើម្បីបង្ហាញឲ្យឃើញនូវ កំហុសឆ្គងក្នុងការតែងបាលីដែលជាភាសាមានបែបផែនច្បាស់លាស់ ។

                                                គួរពុំគួរដោយប្រការណា សូមមេត្តាអភ័យទោស ។

                                                            បាងកក ថ្ងៃទី ២៤​ កញ្ញា ២០១៥ ។

                                                ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

                                                ព្រះមហាភិរម្យ សុវណ្ណបញ្ញោ  មហា ៨ ប្រយោគ

Views: 562

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service