ពាក្យថា ទុកក៏មិនចំណេញដកចេញក៏មិនខាត នេះចាត់ជាពាក្យមានពឹសពុលបំផុតក្នុងសង្គមខ្មែរ បើមនុស្សឬពួកក្រុមណាយកពាក្យពឹសពុលនេះទៅប្រើដោយអយោនិសោមនសិការ មិនត្រិះរិះពិចារណា ឲ្យបានត្រឹមត្រូវទេ មនុស្សឬពួកក្រុមនោះអាចពុលស្លាប់ដោយពាក្យពេចន៍នេះ ពាក្យនេះត្រូវបានយកមក ប្រើប្រាស់ក្នុង យុគសម័យនៃរបបអាវខ្មៅ អាវខ្មៅចាត់ជាអាវអពមង្គលជានិមិត្តរូបនៃអំពើសោកនាថកម្ម សេចក្តីសៅហ្មង អំពើអាក្រក់ ឬជាធម្មជាតិប៉ែកអវិជ្ជមាន នៅយុគសម័យដែលមេបាខ្មែរស្រឡាញ់ចូលចិត្ត អាវខ្មៅ បោះបង់អាវស ចោលហើយបង្ខិតបង្ខំកូនចៅខ្មែរឲ្យបែរមកស្លៀកពាក់អាវខ្មៅវិញ ខ្លួនក៏ខ្មៅអាវក៏ខ្មៅ មេក៏ខ្មៅកូនក៏ខ្មៅ មើលទៅឃើញតែខ្មៅ ទាំងខ្លួនក៏ឈ្មោះខ្មែរទៀត មិនយូរប៉ុន្មានក៏ឃើញតែខ្មោចខ្មែរខ្មៅ ពាសវាលពាសកាល ។ អាវសចាត់ជាអាវសុភមង្គលជានិមិត្តរូបនៃសេចក្តីបរិសុទ្ធ សេចក្តីសុខ អំពើល្អ ឬ ជាធម្មជាតិប៉ែកវិជ្ជមាន ប៉ុន្តែ ដោយអាស្រ័យអកុសលកម្ម អាវសត្រូបានលុបបំបាត់ចោល ខ្មែរទូទាំងប្រទេស ក្នុងយុគសម័យនោះត្រូវបានបង្វែរគំនិតឲ្យមកស្លៀកពាក់អាវខ្មៅជំនួសវិញ ចុះអាវខ្មៅហ្នឹងបានមកពីណា ច្រើនម្លេះ? ផលិតខ្លួនឯង ឬ អ្នកណាឲ្យ អាវសដែលខ្មែរធ្លាប់ស្លៀកពាក់យកទៅណាអស់? កាលបើបាត់ អាវសដែលជានិមិត្តរូបនៃបុណ្យ កុសលហើយ ឃើញថាលទ្ធផលដែលទទួលបានពីការកែទម្រង់របស់មេបា ខ្មែរក្នុងយុគសម័យនោះបានបន្សល់ទុកនូវខ្មោចខ្មែររាប់លាននាក់ នេះគ្រាន់តែដូរអាវសមកពាក់អាវខ្មៅ ប៉ុណ្ណោះឯង ធម្មតា អាវខ្មៅក៏មើលទៅងងឹតឈ្លប់ទាំងយប់ទាំងថ្ងៃមើលមុខគ្នាមិនស្គាល់ មិនដឹងមួយណាបង មួយណាប្អូន ព្រោះខ្មៅទាំងអស់គ្នា ជាឱកាសឲ្យខ្មាំងដាក់ថ្នាំពឹសពុលគឺ ពាក្យពេចន៍សម្លាប់ខ្មែរបានអស់ ជាច្រើនស្ទើរតែផុតពូជ សមដូចពាក្យថា ខ្មោចខ្មែរសែនខ្មៅព្រោះខ្មាំងខ្មីឃ្មាតពិឃាតសម្លាប់ ខ្មោចខ្មែរ ត្រូវស្លាប់ព្រោះខ្មាំងសម្លាប់ដោយពាក្យពឹសពុល ។ មេបាខ្មែរដែលទទួលបានមនោគមខ្មៅមកក៏យកមកបំពាក់កកូនចៅខ្មែរឲ្យបែរមកពាក់អាវខ្មៅ ទើបខ្មោចខ្មែរ ស្លាប់រង្គាលពេញរណ្តៅ ខ្មោចដែលស្លាប់ទៅទើបដង្ហោយហៅផ្តាំអស់កូនចៅលែងស្លៀកពាក់ខ្មៅដែលជា ដំបៅនៃប្រវត្តិសាស្ត្រជាតិ មនោគមខ្មៅ បានដល់ មិច្ឆាទិដ្ឋិ សេចក្តីយល់ឃើញខុស គឺ ឃើញសជា ខ្មៅ ឃើញរណ្តៅជាត្រពាំង យល់ច្រឡំ ព្រិលភ្នែក វង្វេងវង្វាន់នឹងមនោគមវិជ្ជាបរទេសយកមកលុបបំបាត់ ចោលមនោគមសដែលបង្រៀនមនុស្សឲ្យស្គាល់បាបបុណ្យគុណទោសដោយបញ្ញា ។
មនោគមស បានដល់ សម្មាទិដ្ឋិ សេចក្តីយល់ឃើញត្រូវ ធ្វើល្អបានល្អ ធ្វើអាក្រក់ បានអាក្រក់ ងូតទឹក ត្រជាក់បានត្រជាក់រាងរៅ ងូតទឹកក្តៅបានក្តៅក្រហល់ក្រហាយ ។ល។
ពាក្យថា "ទុកក៏មិនចំណេញ ដកចេញក៏មិនខាត"ជាពាក្យពឹសពុល បើបុគ្គលឬក្រុមណាលេបចូល ទៅទាំងដុល ប្រាកដជាស្លាប់មិនខាន ប៉ុន្តែការដែលស្មេរខ្ញុំលើកយកមកនេះក៏ដើម្បីយកមកបន្សាបជាមួយនឹង ពុទ្ធធម៌លមើល៍ ក្រែងលោពាក្យពឹសពុលនេះបានសាបហើយក្លាយទៅជាឱសថព្យាបាលរោគបាន ពាក្យថា បាប អកុសល ពៀរវេរាផ្សេងៗដែលយើងបានសន្សំចូលមកទុកក្នុងចិត្ត អំពើទាំងអស់នោះចាត់ជាពឹសពុល របស់ចិត្ត ចិត្តបើត្រូវពឹសពុលគឺបាបជ្រាបចូលច្រើនហើយ ចិត្តច្បាស់ជាគ្មានសេចក្តីសុខឡើយ ត្រូវតែបន្សាប ពឹសចោល ចិត្តទើបមានសុខភាពល្អបាន ម្យ៉ាងទៀត បើយើងសន្សំអំពើបាបទាំងនេះទុកក្នុងចិត្តច្រើនទេ យើងច្បាស់ជាគ្មានបានចំណេញអ្វីទេ មានតែខាតឡុងចុង ពីព្រោះចិត្តដែលបរិបូរដោយបាប តែងបង្កទុក្ខ ទោសដល់ម្ចាស់ខ្លួនតែម្យ៉ាងប៉ុណ្ណោះ កាលបើមើលឃើញអំពើបាបចាត់ជាអំពើដែលយើងមិនគួរសន្សំទុក ដូច្នេះ យើងក៏គប្បីលាងជម្រះវាចេញទៅដោយបហានប្បធានការព្យាយាមលះលាងបាបអកុសល ឲ្យជ្រះស្រឡះចេញពីចិត្តសន្តានដើម្បីឲ្យចិត្តមានសេរីភាព ឥស្សរភាព ស្រាកស្រាលស្កាលចុះពីអំពើបាប ហេតុដូច្នេះ ឃើញថា បាបកម្មទោះបីជាទុកនៅក្នុងចិត្តក៏គ្មានបានផលចំណេញអ្វីដល់សាមីខ្លួនឡើយ ផ្ទយទៅ វិញបើដកបាបកម្មចេញទាំងអស់បានហើយ បុគ្គលនោះក៏មានតែចំណេញបានសេចក្តីសុខខាងផ្លូវចិត្ត ប្រៀបដូចជាថ្នាំពុលដែលត្រូវបន្សាបចោលហើយ បុគ្គលអ្នកលាបថ្នាំពុលនោះក៏ជាសះស្បើយដូចដើមវិញ ។
សរុបសេចក្តីមកថា ពាក្យពឹសពុល គឺ ទុកក៏មិនចំណេញដកចេញក៏មិនខាតនេះ ត្រូវបានបន្សាបចោលហើយ ដោយពុទ្ធធម៌ ឥឡូវនេះបានក្លាយទៅជាឱសថសម្រាប់ព្យាបាលរោគចិត្តបានហើយ ប៉ុន្តែក៏មានបំរាមដែរ ក្នុងការយកទៅប្រើប្រាស់នោះ គឺថា ហាមប្រើប្រាស់ទៅកាន់អ្នកដទៃ ជាថ្នាំដែលប្រើបានចំពោះតែខ្លួនឯង ប៉ុណ្ណោះ បើប្រើទៅលើអ្នកដទៃអាចនឹងគ្រោះថ្នាក់បាន ចូរប្រើដោយប្រុងប្រយ័ត្ន !
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ