ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ទាសោវ បញ្ញស្ស យសស្សិ ពាលោ

អត្ថេសុ ជាតេសុ តថាវិធេសុ

យំ បណ្ឌិតោ និបុណំ សំវិធេតិ

សម្មោហមាបជ្ជតិ តត្ថ ពាលោ ។

ទោះបីជនកម្លៅមានយសសក្តិក៏ដោយ ក៏ក្លាយទៅជាអាយ៉ងរបស់បញ្ញវន្ត នៅពេលហេតុការណ៍ផ្សេង ៗកើតឡើង បណ្ឌិតជួយចាត់ចែងកិច្ចការល្អិតល្អន់ណា ជនកម្លៅបែរជាភាន់វង្វេងក្នុងកិច្ចការនោះ

ជនកម្លៅ បានដល់ ជនល្ងង់ខ្លៅ ឬជនពាលទោះបីបានយសសក្តិមកគ្រប់គ្រងក៏ដោយ ក៏មិនចេះប្រើយសសក្តិនោះឲ្យកើតជាប្រយោជន៍ដល់អ្នកដទៃដែរ បានត្រឹមតែអោបក្រសោបយសសក្តិក្រាញននៀល ប្រៀបបាននឹងស្វាបានផ្លែដូង ដឹងបានត្រឹមតែសម្បក មិនស្គាល់ប្រយោជន៍ដែលគួរទទួលបាននិងធ្វើដល់អ្នកដទៃ ជនកម្លៅច្រើនតែប្រាថ្នាត្រូវការយសសក្តិព្រោះយល់ថា យសសក្តិនឹងធ្វើឲ្យខ្លួនប្រសើរឡើង  ទោះជាប្រសើរឡើងដោយទ្រព្យឬសេចក្តីរាប់អានពីអ្នកដទៃក៏ដោយ ជនកម្លៅមើលឃើញយសសក្តិបីដូចជាទឹកឃ្មុំដែលត្រូវបរិភោគឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ការបានយសសក្តិគឺជាសេចក្តីសុខម្យ៉ាងដែលជនកម្លៅតែងស្រមើស្រមៃ យសសក្តិច្រើនតែស្ថិតក្នុងដៃរបស់ជនកម្លៅច្រើនជាងបញ្ញវន្ត ព្រោះជនកម្លៅច្រើនតែលាក់កំណួចរបិញរបុញក្នុងការស្វែងរកយសសក្តិ ដោយប្រកាន់ពាក្យភាសិតថា ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង គឺ ត្រូវមានល្បិចស្នៀតក្នុងការស្វែងរកយសសក្តិ បើសម័យបច្ចុប្បន្នត្រូវមានដុងខាងលេងបក្សពួក  គឺ រ.ល.ក រត់លុតក្រាប ឬ ល.ក.ត លុយក្រោមតុ បើមានគ្រប់ទាំង ២ យ៉ាង យសសក្តិតែងចម្រើនទៅជារឿយ ៗ ទោះបីក្នុងក្រសែភ្នែករបស់បណ្ឌិតមើលឃើញថាជារឿងមិនគួរគប្បីក៏ដោយ ប៉ុន្តែជនកម្លៅមើលឃើញថាជារឿងចាំបាច់ឬថាជាតម្រូវការដែលត្រូវធ្វើឲ្យទាល់តែបានសម្រេច ផ្ទុយទៅវិញ បណ្ឌិតប្រកាន់សុភាសិតថា ផ្លូវវៀចគួរបោះបង់ ផ្លូវត្រង់គួរខំដើរ ពោលគឺ ត្រូវតែស្មោះត្រង់ទាំងខ្លួនឯង និង អ្នកដទៃ ត្រូវហ្វឹកហាត់និស្ស័យធ្វើអ្វីៗឲ្យមានតម្លាភាពអាចឲ្យអ្នកដទៃត្រួតពិនិត្យនិងរិះគន់កែលម្អបាន ទោះបីជាត្រូវស្វែងរកយសសក្តិតាមវិស័យបុថុជ្ជនក៏ដោយ ក៏ត្រូវធ្វើឲ្យមានតម្លាភាពជាទីបំផុត ប្រណាំងប្រជែងស្វែងរកយសសក្តិតាមស្មារតីនៃភាតរភាព ។

ជនកម្លៅនៅពេលបានទទួលយសសក្តិតាមបំណងហើយច្រើនតែខ្វះរបៀបក្នុងការធ្វើការងា ពោលគឺ ខ្វះយុទ្ធសាស្រ្តដើម្បីសម្រេចការងារ នៅពេលមានហេតុការណ៍ដែលត្រូវប្រើបញ្ញាកើតឡើង ក៏ស្រវេស្រវាស្វែងរកបញ្ញវន្តមកជួយការងារ សុខចិត្តធ្វើជាអាយ៉ងរបស់បញ្ញវន្តដើម្បីសម្រេចគោលដៅ ព្រោះខ្លាចប៉ះពាល់ដល់យសសក្តិរបស់ខ្លួន ឬខ្លាចគេដឹងថាខ្លួនឯងល្ងង់ខ្លៅមិនអាចធ្វើកិច្ចការដែលប្រើកម្លាំងបញ្ញាបាន ។

បណ្ឌិតតែងយល់កិច្ចការល្អិតល្អន់ដែលខ្លួនចាត់ចែង ប៉ុន្តែជនពាលបែរជាភាន់វង្វេងក្នុងកិច្ចការដែលបណ្ឌិតចាត់ចែងទៅវិញ សេចក្តីរីកចម្រើនផ្នែកវត្ថុសម្ភារៈឬចិត្តវិញ្ញាណយ៉ាងស្ថិតស្ថេរច្រើនតែកើតចេញពីកម្លាំងបញ្ញារបស់បណ្ឌិត ហេតុនោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សរសើរគុណជាតិខាងបញ្ញាថា បញ្ញាប្រសើរជាងទ្រព្យ (បញ្ញា វ ធនេន សេយ្យោ)ព្រោះបញ្ញាជាពិសេសបញ្ញារបស់បណ្ឌិតតែងញ៉ាំងទ្រព្យឲ្យកើតឡើងបានទាំងទ្រព្យប្រភេទលោកិយៈនិងលោកុត្តៈ ។

  យសសក្តិគ្រាន់តែជាគ្រឿងសន្មតសម្រាប់អ្នកមានបញ្ញាដែលត្រូវការចូលមកធ្វើជាតំណាងសម្រួលប្រយោជន៍ដល់មនុស្សភាគច្រើនប៉ុណ្ណោះមិនមែនសន្មតឡើងសម្រាប់ជនល្ងង់ខ្លៅយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប្រៀបដូចជាមគ្គុទេសក៍សម្រាប់នាំផ្លូវអ្នកដែលមិនស្គាល់ផ្លូវដូច្នោះ មិនមែនតាំងខ្លួនឯងជាមគ្គុទេសក៍ឬនិយមបក្សពួកដើម្បីនាំអ្នកដទៃឲ្យវង្វេងផ្លូវខាតបង់ប្រយោជន៍ដែលគួរទទួលបានពីការដើរផ្លូវនោះទេ សមដូចពុទ្ធតម្រាស់ថា

យសំ លទ្ធាន ទុម្មេធោ អនត្ថំ ចរតិ អត្តនោ

អត្តនោ ច បរេសញ្ច ហឹសាយ បដិបជ្ជតិ. 

ជនកម្លៅលុះបានយសសក្តិហើយក៏ប្រព្រឹត្តអំពើចោលម្សៀត ពោលគឺ បដិបត្តិដើម្បីបៀតបៀនខ្លួនឯង និង អ្នកដទៃ

បើគ្រាន់តែស្វែងរកយសសក្តិតាមរយៈល្បិចស្នៀតដើម្បីបានមកគ្រប់គ្រងហើយបន្តបៀតបៀនអ្នកដទៃទេ គ្មានហេតុផលគ្រប់គ្រាន់ដែលមនុស្សភាគច្រើនត្រូវផ្តល់ទំនុកចិត្តឡើយ ពីព្រោះយសសក្តិតាមរយៈល្បិចវៀចវៀរច្រើនតែមិនអាចបម្រើប្រយោជន៍ទូទៅបាន ព្រោះហេតុនោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់រំលឹកស្មារតីថា យសោ លទ្ធា ន មជ្ជេយ្យ បានយសសក្តិហើយមិនគួរធ្វេសប្រហែស ពោលគឺ  ត្រូវប្រុងប្រយ័ត្នក្នុងការប្រើយសសក្តិនោះឲ្យកើតប្រយោជន៍ដល់មនុស្សដទៃឲ្យបានច្រើនជាទីបំផុត ។

សរុបសេចក្តីថា ស្ថាប័នណា ៗក៏ត្រូវការបញ្ញវន្តដើម្បីជួយសម្រួលប្រយោជន៍ ប៉ុន្តែបញ្ញវន្តច្រើនតែចាញ់ល្បិចស្នៀតរបស់ជនកម្លៅដែលចូលមកប្រណាំងប្រជែងដណ្តើមយសសក្តិដែរ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សរសើរបញ្ញវន្តថាគួរទទួលបានទំនុកចិត្ត ព្រោះបញ្ញវន្តឬបណ្ឌិតចេះចាត់ចែងកិច្ចការដែលជនល្ងង់ខ្លៅមិនអាចធ្វើបាន សមដូចសុភាសិតថា បណ្ឌិតមានបញ្ញាជាអាវុធ ពាលពុតត្បុតមានអាវុធជាបញ្ញា

Views: 87

ឆ្លាក: សង្គមិកធម៌

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃស្អែក

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service