ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ការដែលពេលវេលាកន្លងទៅរាល់ថ្ងៃហើយមនុស្សធ្វើការងារផ្សេង ៗ ត្រូវចំណាយពេលវេលាយូរទម្រាំនឹងដល់ ១ ឆ្នាំ កាលបើនិយាយដល់អតីតកាល ឬ អនាគតកាល ពេលវេលានៅឆ្ងាយពីពេលបច្ចុប្បន្ន ទើបជាហេតុធ្វើឲ្យមនុស្សត្រូវកំណត់កាលវេលាសម្រាប់ពោលដល់កំលុងពេលនោះ ៗ ការកំណត់ល្វែងពេលវេលាស្រេចតែមនុស្សកំណត់យកទៅប្រើប្រយោជន៍ ដូចជា ការបែងចែកពេលវេលាជាថ្ងៃ សប្តាហ៍ ខែ ឆ្នាំ វិនាទី នាទី ម៉ោង ពុទ្ធសករាជ គ្រិស្តសករាជ ឬ ចុល្លសករាជជាដើម ។

ការចរទៅជុំវិញខ្លួនឯងរបស់ផែនដីធ្វើឲ្យកើតពេលថ្ងៃនិងពេលយប់ ហើយការចរទៅរបស់ផែនដីជុំវិញដួងអាទិត្យធ្វើឲ្យកើតមានរដូវកាលផ្សេង ៗ ការចរទៅនៃដួងអាទិត្យលើសុរិយវិថី(Ecliptic)ត្រូវឆ្លងកាត់ផ្កាយឫក្ស ១២ ក្រុមដោយស៊ីពេលអស់ ៣៦៥ ថ្ងៃ ក្រុមនីមួយ ៗចំណាយពេលគោចរប្រមាណជា ១ ខែដោយកំណត់ ១ ក្រុមផ្កាយឫក្សថា ១ រាសី រួមទាំងអស់ជា ១២ ខែ គឺ ១២ រាសី ទាំង ១២ រាសីហៅថា ១ រាសិចក្រ ឬ ១ ចក្ររាសី(horoscope) ហើយរាសីនីមួយ ៗមានល្វែងវេលា ៣០ អង្សា ។ 

សង្រ្កាន្ត បានដល់ ការដែលដួងអាទិត្យចរឆ្លងកាត់ផ្កាយឫក្សដួងទី ១ គឺ មិគសិរឫក្ស ដល់ផ្កាយឫក្សដួងចុងក្រោយ គឺ កត្តិកឫក្ស គ្រប់ ១ ជុំ គឺ គ្រប់ ១ ឆ្នាំ ចាត់ជា ១ រាសិចក្រ គឺ ១ សង្រ្កាន្ត ដូច្នេះ ១ ជុំ ឬ ១ ឆ្នាំ ឬ ១ រាសិចក្រ គឺ ១ សង្រ្កាន្តហ្នឹងឯង ។

ចម្ងល់របស់ខ្មែរទូទៅថា ហេតុអ្វីបានជាខ្មែរត្រូវមកចូលឆ្នាំថ្មីនៅខែចេត្រ?

ការដែលខ្មែរត្រូវមកចូលឆ្នាំថ្មីនៅខែចេត្រព្រោះត្រូវប្រារព្ធធ្វើទៅតាមលំអានចុល្លសករាជ ដែលឆ្នាំចុល្លសករាជនេះកើតឡើងក្នុងព.ស. ១១៨២ដោយព្រះមហាក្សត្រភូមា ១ ព្រះអង្គ ដូច្នេះ ចុល្លសករាជ ១ ត្រូវនឹងពុទ្ធសករាជ ១១៨២ បើរាប់ពុទ្ធសករាជ គឺ កន្លងទៅបាន ១១៨១ បើត្រូវការចង់ដឹងថា ឆ្នាំនេះចុល្លសករាជប៉ុន្មានត្រូវយកព.ស.ដែលត្រូវឆ្លងលុបដោយ ១១៨១ បើត្រូវការចង់ដឹងព.ស. ត្រូវយកចុល្លសករាជបូកនឹង ១១៨១ ឧ. ឆ្នាំនេះ ព.ស. ២៥៥៥ - ១១៨១ ស្មើនឹង ១៣៧៤ ដូច្នេះ ចុល្លសករាជនៅឆ្នាំនេះ គឺ ១៣៧៤ ការហៅឆ្នាំចុល្លសករាជមានវិធីហៅដូចតទៅនេះ

  បើលេខចុងចុល្លសករាជប្រកបដោយលេខ ១ ហៅថា ឯកស័ក ដូចជា ១៣៧១

បើលេខចុងចុល្លសករាជប្រកបដោយលេខ ២ ហៅថា ទោស័ក ដូចជា ១៣៧២

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៣ ហៅថា ត្រីស័ក ដូចជា ១៣៧៣

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៤ ហៅថា ចត្វាស័ក ដូចជា ១៣៧៤

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៥ ហៅថា បញ្ចស័ក ដូចជា ១៣៧៥

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៦ ហៅថា ឆស័ក ដូចជា ១៣៧៦

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៧ ហៅថា សប្តស័ក ដូចជា ១៣៧៧

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៨ ហៅថា អដ្ឋស័ក ដូចជា ១៣៧៨

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៩ ហៅថា នព្វស័ក ដូចជា ១៣៧៩

បើលេខចុងចុល្លសករាជប្រកបដោយលេខ ០ ហៅថា សំរិទ្ធិស័ក ដូចជា ១៣៧០

មានសករាជមួយទៀត ហៅថា មហាសករាជ កើតឡើងនៅព.ស. ៦២១ ដោយព្រះមហាក្សត្រឥណ្ឌា ទ្រង់ព្រះនាមថា កនិស័ក(kanishka) ឬព្រះបាទសលិវាហនៈនៃរាជវង្សកុសាណ(Kushan)គ្រប់គ្រងរដ្ឋគន្ធារៈ ក្រោយពីទ្រង់បង្រ្កាបដែនដីឥណ្ឌាភាគខាងត្បូងបានទទួលជោគជ័យ  ព្រះអង្គក៏តាំងមហាសករាជនេះឡើង បើត្រូវការដឹងថា ឆ្នាំនេះមហាសករាជប៉ុន្មាន ត្រូវយកពុទ្ធសករាជលុបដោយ ៦២១ ដូច្នេះឆ្នាំនេះ ២៥៥៥ - ៦២១ ស្មើនឹង ១៩៣៤ គឺ មហាសករាជ ១៩៣៤ (ម.ស. ១៩៣៤ )។

រាប់សករាជនៅឆ្នាំនេះថា ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ច.ស. ១៣៧៤ ម.ស. ១៩៣៤ ជាដើម (ច.ស. ចុល្លសករាជ)

តាមការសិក្សាស្រាវជ្រាវ សង្កេតឃើញភស្តុតាងក្នុងគម្ពីរសុរិយយាត្រដែលកំណត់យកតាមចន្ទគតិចែងថា ការចូលឆ្នាំថ្មីនៃចុល្លសករាជស្ថិតនៅកំឡុងតិថី ៦ ឬ ៧ ខាងរនោចឬខ្នើតនៃខែចេត្រ ព្រោះអាស្រ័យភស្តុតាងនៃគម្ពីរសុរិយយាត្រនេះឯង ទើបប្រទេសខ្មែរប្រកាន់យកខែចេត្រជាថ្ងៃចូលឆ្នាំថ្មីទាំងជាឆ្នាំផ្លាស់ពុទ្ធសករាជទៀត ព្រោះហេតុនោះ នៅឆ្នាំនេះ ថ្ងៃចូលឆ្នាំថ្មី គឺ តិថី ៧ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៣ មេសា គ.ស. ២០១២ ព.ស. ២៥៥៦ ច.ស. ១៣៧៤ ម.ស. ១៩៣៤ ។

តិថី ៧ រោច ខែចេត្រ ហៅថា ថ្ងៃមហាសង្រ្កាន្តថ្ងៃចូលឆ្នាំថ្មី (១៣  ខែមេសា)

តិថី ៨ រោច ខែចេត្រ ហៅថា វារៈកណ្តាលវារៈវ័នបត (១៤ ខែមេសា)

តិថី ៩ រោច ខែចេត្រ ហៅថា វារៈឡើងស័ក គឺ ថ្ងៃឡើងចុល្លសករាជថ្មី ឬ ឡើងពុទ្ធសករាជថ្មី (១៥ ខែមេសា)

នៅពេលនិយាយដល់ពេលវេលាកន្លងហួសទៅ ឬ ពេលវេលាដែលមិនទាន់មកដល់ ដូចជា ១០ ឆ្នាំមុន ឬ ១០ ឆ្នាំទៀត ១០០ ឆ្នាំមុន ឬ ១០០ ឆ្នាំទៀត  ១០០០ ឆ្នាំមុន ឬ ១០០០ ឆ្នាំទៀត ដើម្បីងាយស្រួលក្នុងការហៅ ទើបកំណត់កំលុង ១០ ឆ្នាំថា ១ ទសវត្សរ៍ កំលុង ១០០ ឆ្នាំថា ១ សតវត្សរ៍ កំលុង ១០០០ ឆ្នាំ ថា ១ សហស្សវត្សរ៍ កំលុង១០០០០ ឆ្នាំថា ១ នហុតវត្សរ៍ ឬ ១ ទសសហស្សវត្សរ៍ជាដើម

ការរាប់ទសវត្សរ៍រាប់ចាប់ពីលេខ ០ ជាឆ្នាំដំបូងរហូតដល់លេខ ៩ ភាគច្រើននិយមរាប់ខាងគ្រិស្តសករាជ ដូចជា កំលុង ៣ ទសវត្សរ៍កន្លងមក ប្រទេសខ្មែរមានការបែប្រួលយ៉ាងគួរឲ្យកត់សម្គាល់ មានន័យថា កំលុងពេល ៣០ ឆ្នាំកន្លងមកនេះ ជាដើម

ពុទ្ធសតវត្សរ៍ទី ១ សំដៅដល់ កំលុងរវាងព.ស. ១ ដល់ ព.ស. ១០០

ពុទ្ធសតវត្សរ៍ទី ២ សំដៅដល់ កំលុងរវាងព.ស. ១០១ ដល់ ព.ស. ២០០

ពុទ្ធសតវត្សរ៍ទី ៣ សំដៅដល់ កំលុងរវាងព.ស. ២០១ ដល់ ព.ស. ៣០០

ពុទ្ធសតវត្សរ៍ទី ៤ សំដៅដល់ កំលុងរវាងព.ស. ៣០១ ដល់ ព.ស. ៤០០ ជាដើម

ពុទ្ធសហស្សវត្សរ៍ទី ១ សំដៅដល់ កំលុងរវាងព.ស. ៩០១ ដល់ ព.ស. ១០០០

ពុទ្ធសហស្សវត្សរ៍ទី ២ សំដៅដល់ កំលុងរវាងព.ស. ១០០១ ដល់ ព.ស. ២០០០ ជាដើម

គ្រិស្តសតវត្សរ៍ទី ១៨ សំដៅដល់ កំលុងរវាងគ.ស.១៧០១ ដល់ គ.ស. ១៨០០

គ្រិស្តសតវត្សរ៍ទី ១៩ សំដៅដល់ កំលុងរវាងគ.ស. ១៨០១ ដល់ គ.ស. ១៩០០

គ្រិស្តសតវត្សរ៍ទី ២០ សំដៅដល់ កំលុងរវាង គ.ស. ១៩០១ ដល់ គ.ស. ២០០០

គ្រិស្តសតវត្សរ៍ទី ២១ សំដៅដល់ កំលុងរវាង គ.ស ២០០១ ដល់ គ.ស. ៣០០០ ជាដើម

សព្វថ្ងៃនេះយើងកំពុងតែរស់នៅក្នុងពុទ្ធសហស្សវត្សរ៍ទី ៣ និង គ្រិស្តសតវត្សរ៍ទី ២១ ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រកបដោយព្រះមហាករុណាធិគុណបានត្រាស់ដាស់តឿនវេនេយ្យបុគ្គលថា

អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ

យោ ចេបិ អតិច្ច ជីវតិ អថ ខោ សោ ជរសាបិ មិយ្យតិ ។

ជីវិតនេះតិចណាស់ មនុស្សដែលយោនយកកំណើតកើតមកហើយតែងស្លាប់ទៅក្នុងកំលុង ១ សតវត្សរ៍ ទោះបីមានមនុស្សរស់នៅហួស ១ សតវត្សរ៍ក៏ដោយ ក៏មុខជានឹងស្លាប់ព្រោះចំណាស់មិនខាន ។

ទិដ្ឋាបិ សុតាបិ តេ ជនា យេសំ នាមមិទំ បវុច្ចតិ

នាមំយេវាវសិស្សតិ អក្ខេយ្យំ បេតស្ស ជន្តុនោ ។

ជនទាំងឡាយដែលមានឈ្មោះហៅនេះនៅជួបគ្នាបានខ្លះ នៅស្តាប់ឮសម្លេងគ្នាបានខ្លះ ប៉ុន្តែសម្រាប់ជនដែលស្លាប់ទៅហើយ គង់នៅសល់តែឈ្មោះដែលគេនិយាយដល់ប៉ុណ្ណោះ ។

សូមសិរីសួស្តីកើតមានដល់ខេមរជនគ្រប់រូបនាឱកាសឆ្នាំថ្មីព.ស.  ២៥៥៦ នេះ !

Views: 201

ឆ្លាក: ឆ្នាំថ្មី

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

បញ្ចេញវិចារដោយព្រះមហាភិរម្យ ក្នុងខែមេសា 13, 2012 នៅម៉ោង 10:00pm

សូមចម្រើនពរ ញោម សុវណ្ណកែវ !

មហាសករាជ កើតឡើងនៅព.ស. ៦២១ ដោយព្រះមហាក្សត្រឥណ្ឌា ទ្រង់ព្រះនាមថា កនិស័ក(kanishka)នៃរាជវង្សកុសាណ(Kushan)គ្រប់គ្រងរដ្ឋគន្ធារៈ ក្រោយមកបានផ្សាយចូលមកកាន់សុវណ្ណភូមិ ដែលមានមន ខ្មែរជាដើមតាមរយៈព្រាហ្មណ៍និងអ្នកជំនួញ ។

បញ្ចេញវិចារដោយSovann Keo ក្នុងខែមេសា 13, 2012 នៅម៉ោង 7:46pm

ព្រះតេជគុណ ខ្ញុំករុណានៅមានចម្ងល់១ទៀតទាន តើមហាសករាជ ប្រទេសណាអ្នករកឃើញ ទាន ហើយដោយហេតុអ្វីបានមានមហាសករាជនេះទាន? សូមព្រះគុណម្ចាស់ជួយពន្យល់ជាធម្មទានផង ទានណា៎! សូមអរាធនា និមន្តទាន

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service