សព្វថ្ងៃនេះ ទឹកជំនន់កាន់តែមានសភាពខ្លាំងក្លាឡើង ទឹកជំំនន់បានជោរជន់និងហូរកួចក្របួចយកផ្ទះសម្បែងរបស់មនុស្សឲ្យវិនាសហិនហោចទៅយ៉ាងច្រើន ធ្វើឲ្យកើតមាននិគ្គេហជន(homeless people)ច្រើនឡើង លើសពីនោះទៀត ក៏កើតមានមហាសោកនាដកម្ម ដូចជា ផែនដីរញ្ជូយ រលកបាតសមុទ្រ ដីបាក់ទ្រេល ជាដើម លាញលុបកប់មនុស្សទាំងរស់ ឧប្បត្តិភ័យផ្សេង ៗ ដែលកើតឡើងសុទ្ធតែមានមូលហេតុមកពីការដែលមនុស្សលោកប្រព្រឹត្តខុសសីលធម៌ វង្វេងវង្វាន់ក្នុងអបាយមុខ ធ្វើឲ្យចរន្តបាបបានចង្វាក់កម្លាំងខ្លាំងក្លា ញ៉ាំងឲ្យធម្មជាតិប្រែប្រួលទៅ រហូតដល់មានហោរាចារ្យទស្សន៍ទាយទុកថា បើមិនប្រញាប់ប្រញាល់រំដោះគ្រោះកម្មនៃដំណើរធម្មជាតិប្រែប្រួលនេះឲ្យទាន់ពេលវេលាទេ ពិភពផែនដីអាចនឹងដល់ចំណុចអវសានបាន ។
រឿងលោកវិនាសនេះមានចារឹកទុកក្នុងព្រះត្រៃបិដកថា លោកនេះនឹងវិនាសទៅដោយភ័យ ៣ យ៉ាង គឺ បើយុគសម័យណា មនុស្សមានកិលេសប្រភេទទោសៈច្រើន នឹងកើតអគ្គីភ័យ(ភ្លើងឆេះ)សព្វកន្លែង បើមនុស្សមានរាគៈច្រើន នឹងកើតឧទកភ័យ(ទឹកជំនន់) និង បើមនុស្សមានមោហៈច្រើន នឹងកើតវាតភ័យ(ខ្យល់ព្យុះ) ។
ភ្លើងឆេះប្រល័យកប្ប
នៅសម័យដែលកប្បវិនាសព្រោះភ្លើងនោះ នឹងមានទេវតាថ្នាក់កាមាវចរ ឈ្មោះថា លោកព្យូហៈ ចុះមករំលឹកសតិស្មារតីដល់មនុស្សដោយកាឡាខ្លួនជាមនុស្សស្លៀកពាក់សំពត់ក្រហម ទុកសក់វែងស៊ើងទ្រើង យំយែកស្រែកទ្រហោ ជូតទឹកភ្នែកបណ្តើរដើរទៅបណ្តើរស្រែកប្រកាសថា "អ្នកទាំងឡាយអើយ ! កន្លងមួយសែនឆ្នាំតពីនេះទៅ នឹងអស់កប្ប លោកនឹងវិនាស ស្ទឹង ទន្លេ មហាសមុទ្រនឹងរីកស្ងួតហួតហែង មហាប្រឹថពី ភ្នំសុនេរុនឹងរលំរលាយរហូតដល់ព្រហ្មលោក អ្នកទាំងឡាយចូរនាំគ្នាចម្រើនមេត្តាព្រហ្មវិហារធម៌ ចូរទំនុកបម្រុងមាតាបិតា និងគោរពឱនលំទោនចំពោះអ្នកមានគុណធម៌ចុះ"
មនុស្សលោកនិងទេព្តាទាំងឡាយលុះបានឮដំណឹងដ៏គួរឲ្យព្រឺខ្លាចនោះហើយ ក៏កើតសេចក្តីសង្វេគស្លុតចិត្ត ត្រឡប់ជាមានចិត្ត មេត្តាឱនលំទោនរកគ្នា តាំងចិត្តសន្សំបុណ្យកុសលហើយក៏ទៅកើតក្នុងទេវលោក ចំណែកឯទេវតាទាំងឡាយក្នុងទេវលោកមិនតាំងនៅក្នុងបមាទធម៌ បំពេញភាវនារហូតដល់បានឈានហើយក៏ទៅកើតក្នុងព្រហ្មលោក ។
លុះកាលវេលាកន្លងផុតទៅបានមួយរយៈ ព្រះអាទិត្យដួងទី ២ ក៏កើតប្រាកដឡើង ធ្វើឲ្យកំណត់ពេលថ្ងៃនិងពេលយប់មិនបាន ព្រោះពិភពផែនដីភ្លឺស្វាងរហូត សត្វលោកចាប់ផ្តើមស្លាប់បាត់បង់ជីវិត ទឹកក្នុងស្ទឹងបឹងបួ ចាប់ផ្តើមរីងស្ងួត បន្ទាប់ពីនោះ ព្រះអាទិត្យដួងទី ៣ ក៏កើតប្រាកដឡើង ធ្វើឲ្យមហានទីរីងខះអស់ ហើយនៅពេលព្រះអាទិត្យដួងទី ៤ កើតប្រាកដឡើង មហាស្រះទាំង ៧ ក្នុងព្រៃហិមពាន្តដែលជាប្រភពនៃមហានទីរីងស្ងួតហួតហែងទៀត ទោះជាស្រះអនោតត្តក៏រីងស្ងួតអស់ដែរ ។
ទិនទិវាកន្លងផុតទៅ ព្រះអាទិត្យដួងទី ៥ ក៏កើតប្រាកដឡើងទៀត ពិភពលោកចាប់ផ្តើមឡើងកម្តៅក្តៅរហេងរហាងខ្លាំងឡើង រហូតដល់ទឹកក្នុងមហាសមុទ្រពុំមានសល់ឡើយ ភ្លាមៗដែលព្រះអាទិត្យដួងទី ៦ កើតប្រាកដឡើងនោះ ទូទាំងចក្រវាឡក៏ចាប់ផ្តើមមានផ្សែងហុយទ្រលោមឡើង បរិយាកាសអួអាប់ទៅដោយផ្សែងងងឹត លុះព្រះអាទិត្យដួងទី ៧ ដែលជាដួងចុងក្រោយ កើតប្រាកដឡើង ទូទាំងសែនកោដិចក្រវាឡក៏មានអណ្តាតភ្លើងឆាបឆេះរន្ទាលឡើង អណ្តាតភ្លើងឆេះរាលទៅរហូតដល់ឋានសួគ៌ជាន់ចាតុម្មហារាជិកា ធ្លាយទៅដល់ឋានសួគ៌ជាន់ទី ៦ ឆេះឆ្លងដរាបដល់ព្រហ្មលោកទៅទល់នឹងអាភស្សរព្រហ្ម ។
ទឹកជំនន់ប្រល័យកប្ប
នៅសម័យដែលទឹកប្រល័យកប្បឲ្យវិនាស ភ្លៀងនឹងបង្អុរចុះដោយឥតឈប់ឈររហូតដល់ជន់លិចពិភពផែនដី ហើយភ្លៀងទឹកក្រុតនឹងបង្អុរចុះទូទាំងសែនកោដិចក្រវាឡ កាលបើពិភពផែនដីឬភ្នំត្រូវបានទឹកក្រុតកាត់រំលុះរំលាយហើយ ទឹកជំនន់មានអានុភាពខ្លាំងជាងភ្លើងឆេះ ជន់លិចរហូតទៅដល់ព្រហ្មលោកជាន់បរិត្តាភា(ជាន់ទី ៤)អប្បមាណាភា(ជាន់ទី ៥ ) អាភស្សរា(ជាន់ទី ៦) បរិត្តសុភា(ជាន់ទី ៧) អប្បមាណសុភា(ជាន់ទី ៨)ត្រូវទឹកជំនន់ជន់លិចបំផ្លិចបំផ្លាញអស់ ។
ខ្យល់ព្យុះប្រល័យកប្ប
ប្រសិនលោកនឹងវិនាសព្រោះខ្យល់ នឹងមានអានុភាពខ្លាំងក្លាបំផុត អាចធ្វើឲ្យក្រឡាប់ផ្កាប់ផែនដីហើយបក់ផាត់ឲ្យខ្ចាត់ខ្ចាយប៉ើងហើរទៅក្នុងអាកាសវេហាស៍បាន ផ្ទៃផែនដីកម្រាស់ដល់ ១០០ យោជន៍ នឹងរលាយរលាញខ្ទេចខ្ទីអស់ទៅក្នុងអាកាសវេហាស៍ ខ្យល់ព្យុះនឹងបក់កួចយកភ្នំចក្រវាឡ ភ្នំព្រះសុមេរុប៉ើងទៅហើយប៉ះខ្ទប់គ្នា រហូតដល់ខ្ទេចល្អិតល្អងជាផង់ធូលី ហើយថែមទាំងបក់កួចយកវិមានក្នុងសគ្គាល័យទាំងសែនកោដិចក្រវាឡឲ្យវិនាសហិនហោចអស់ មហាវាតភ័យនេះបក់ផាត់តាំងពីមនុស្សលោករហូតដល់ព្រហ្មលោកជាន់សុភកិណ្ហា(ជាន់ទី ៩) ទៅទល់នឹងជាន់វេហប្ផលា(ជាន់ទី ១០) កាលបើពិភពផែនដីត្រូវបំផ្លិចបំផ្លាញនិងលាងសម្រាតឲ្យស្អាតស្អានហើយ សារពើវត្ថុក្នុងចក្រវាឡក៏រលាយទៅកាន់ធាតុដើមវិញដែលត្រូវចំណាយពេលរាប់កប្បទម្រាំនឹងកកើតជាថ្មីបាន ពោលគឺ ចាប់ផ្តើមមានពិភពផែនដី ដោយមានព្រហ្មចុះមកកើត មានដួងអាទិត្យ ដួងចន្ទ និងផ្កាយកើតឡើង មានជីវវត្ថុ មានសត្វ និងអ្វីៗដទៃទៀតជាច្រើន មានរុក្ខជាតិ ភ្នំកកំណើតកើតឡើងដូចយ៉ាងសព្វថ្ងៃនេះ ។
ពិភពផែនដីមិនទាន់វិនាស
យ៉ាងណាក៏ដោយ មិនមែនពិភពផែនដីនឹងដល់គ្រាអវសានក្នុងយុគសម័យនេះទេ ព្រោះតាមគោលពុទ្ធសាសន៍ នៅសល់ពេលវេលាយូរអង្វែងទៅមុខទៀត ពីព្រោះពិភពផែនដីកំពុងស្ថិតនៅក្នុងអន្តរកប្បទី ១២ ដែលត្រូវខៃឡើងឬចុះអាស្រ័យទៅលើការប្រព្រឹត្តសីលធម៌របស់មនុស្ស ម្យ៉ាងទៀត ពិភពផែនដីនឹងត្រូវវិនាសទៅលុះត្រាតែកន្លងហួសអន្តរកប្បទី ៦៤ ជាដើមទៅ សព្វថ្ងៃនេះ មនុស្សកំពុងតែរស់នៅក្នុងយុគសម័យនៃកប្បខៃចុះ កិលេសមនុស្សក្រាស់ឡើងជារឿយ ៗ, រាល់ៗ ១០០ ឆ្នាំ អាយុមនុស្សស្រុតចុះ ១ ឆ្នាំ អាយុខ័យ(អាយុកាលមធ្យម)របស់មនុស្សនឹងស្រុតចុះរហូតដល់ ១០ ឆ្នាំ ស្រ្តីអាយុ ៥ ឆ្នាំក៏ចាប់មានផ្ទៃពោះ មនុស្សកាប់សម្លាប់គ្នាឯង រហូតដល់ថ្នាក់កើត សត្ថន្តរកប្ប គឺ កប្បដែលមនុស្សមានសស្រ្តាវុធក្នុងដៃផ្តាច់ផ្តិលជីវិតគ្នាទៅវិញទៅមកស្ទើរតែផុតពូជពង្សមនុស្ស ចំណែកឯអ្នកដែលមើលឃើញហានិភ័យទាំងនោះក៏ភៀសខ្លួនចូលទៅក្នុងព្រៃ លុះអស់សឹកសង្រ្គាមក៏វិលត្រឡប់មកចាប់ផ្តើមប្រព្រឹត្តកុលសកម្មបទ ១០ វិញ ធ្វើឲ្យអាយុមនុស្សខៃឡើងទៅជារឿយ ៗរហូតដល់មនុស្សមានអាយុកាលមធ្យម ៨ ម៉ឺនឆ្នាំ ស្រ្តីមានអាយុ ៥០០ ឆ្នាំទើបមានគ្រួសារ យុគសម័យនោះមានសេចក្តីទុក្ខតែ ៣ យ៉ាងប៉ុណ្ណោះ គឺ សម្រេកស្រេកឃ្លាន រំងោកងោកងុយ និងចំណាស់ចាស់ជរា មនុស្សនៅតែប្រព្រឹត្តកុលសកម្មបថជានិច្ច អាយុក៏ខៃឡើងរហូតដល់មនុស្សមានអាយុអសង្ខេយ្យឆ្នាំ នៅក្នុងយុគសម័យដែលមនុស្សមានអាយុអសង្ខេយ្យឆ្នាំ ក៏មើលឃើញជរា និង មរណៈបានដោយលំបាក ជម្ងឺក៏មិនមាន ជាហេតុធ្វើឲ្យមនុស្សកើតសេចក្តីប្រមាទ វិលមកជាវដ្តចក្ររបស់មនុស្សក្នុងដើមកប្ប កាលបើមានកិលេសកើតក្រែលឡើង អាយុមនុស្សក៏ចាប់ផ្តើមស្រុតចុះមកនៅត្រឹម ៨ ម៉ឺនឆ្នាំ នៅពេលនោះឯង ព្រះអរិយមេត្តេយ្យ សម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់ឧប្បត្តិកឡើងក្នុងលោកដែលជាព្រះពុទ្ធអង្គទី ៥ ក្នុងភទ្ទកប្បនេះ ។
វិធីបង្ការទឹកជំនន់
ឃើញថា ពិភពផែនដីនឹងខៃឡើងឬចុះអាស្រ័យទៅលើចិត្តមនុស្សនេះឯង បើមនុស្សថែរក្សាពិភពផែនដីដោយការសំចៃធនាករ ធម្មជាតិរបស់ផែនដី មិនកាប់បំផ្លាញព្រៃឈើ ប៉ុន្តែដាំដើមឈើសងផែនដីវិញ និងមិនធ្វើឲ្យស្ទឹងបឹងបួរាក់រីងជាដើម ជាពិសេស មនុស្សវៀរចាកការផឹកគ្រឿងស្រវឹង មិនប្រព្រឹត្តខុសក្នុងគូគ្រងឬកុលធីតារបស់អ្នកដទៃ មិនវង្វេងវង្វាន់ក្នុងអបាយមុខ ផែនដីនេះនឹងតាំងនៅបានដោយល្អ ប៉ុន្តែបើមនុស្សមានចិត្តល្អក់ល្អន់ ធ្វើបាបអកុសល មានអត្តទត្ថភាពច្រើន វិបត្តិភ័យផ្សេងៗនឹងកើតឡើងដាក់ទោសទណ្ឌមនុស្ស ដរាបណាមនុស្សនៅប្រព្រឹត្តសីលធម៌ ពិភពលោកនឹងចម្រើនទៅជារឿយ ៗ ចិត្តគឺជាទីតាំងចុងក្រោយដែលមនុស្សគួររក្សាឲ្យបានខ្ជាប់ខ្ជួន មិនត្រូវឲ្យទឹកជំនន់គឺកិលេសហូរមកជោរជន់បានទេ គួរធ្វើទំនប់ការពារខ្លួនដោយការរក្សាចិត្តឲ្យផូរផង់ជាដរាប ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ