ផ្លែឈើទម្រាំនឹងទុំមានក្លិនក្រអូបឈ្ងុយឲ្យមនុស្សបានភ្លក់រសផ្អែមត្រជាក់បានក៏ត្រូវចំណាយពេលវេលាយូរអម្បាយ
ក្នុងការបន្ទុំ យ៉ាងណាមិញ មនុស្សយើងទម្រាំនឹងសម្រេចជោគជ័យបានទទួលអំណរត្រេកអរសោមនស្សចិត្តក៏ត្រូវឆ្លងកាត់ពេលវេលាពិសោធ មកយូរបង្គួរ មិនមែនភ្លាមទាន់ហន់ទេ សេចក្តីសម្រេចជោគជ័យនោះអាស្រ័យគុណអំពើចម្រុះជាច្រើន លំពាំងតែផ្គងប្តេជ្ញាប្រាថ្នា ប្តូរផ្តាច់តែម៉្យាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានចំណេះដឹងពិត ស្គាល់មាគ៌ាដែលត្រូវធ្វើដំណើរទៅ ស្គាល់ហេតុបច្ច័យដែលមកពាក់ព័ន្ធ ហើយប្រការដែលសំខាន់បំផុត គឺ បដិបត្តិឲ្យត្រូវយុទ្ធសាស្រ្ត មានបញ្ញាជាឆ្មាំឃ្លាំពិនិត្យមើលជានិច្ច បើសម្រេចជោគជ័យ ដោយគ្រាន់តែប្តេជ្ញាចិត្ត ឬ ផ្គងបំណងប៉ងប្រាថ្នាដោយមិនធ្វើអ្វីទេ ក្នុងលោកនេះ មុខជាពុំមានមនុស្សដែលខុសបំណងឡើយ អង្គុយផ្គងបំណងប៉ងប្រាថ្នាទៅក៏បាន មិនយូរទេនឹងសមបំណងដូចចិត្តប៉ងហើយ ។
គ្រានោះឯង ភិក្ខុភូមិជៈត្រឡប់មកពីបិណ្ឌបាត លុះឆាន់ចង្ហាន់ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ដល់ទីប្រថាប់ ថ្វាយបង្គំហើយក៏គង់ត្រង់កន្លែងសមគួរ ក្រាបទូលថា
"បពិត្រព្រះអង្គទ្រង់ចម្រើន ! សូមប្រទានព្រះវរោកាស ! ព្រឹកមិញ ខ្ញុំព្រះអង្គស្លៀកស្បង់ឃ្លុំចីពរកាន់បាត្រចូលទៅវាំងរបស់ជយសេនរាជកុមារ គង់លើអាសនៈដែលក្រាលស្រាប់ ជយសេនរាជកុមារបានយាងមករកខ្ញុំព្រះអង្គ ត្រាស់សន្ទនាសំណេះសំណាលល្មមជាទីរលឹកដល់គ្នានិងគ្នាហើយក៏ប្រថាប់គង់ត្រង់កន្លែងសមគួរ ត្រាស់នឹងខ្ញុំព្រះអង្គថា "បពិត្រព្រះតេជព្រះគុណភូមិជៈ ! សមណៈព្រាហ្មណ៍មួយពួកមានវាទៈថា
'សូម្បីជនទាំងឡាយផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យ ក៏មិនអាចសម្រេចផលបាន, សូម្បីមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យ ក៏មិនអាចសម្រេចផលបាន, សូម្បីទាំងផ្គងបំណងប៉ងប្រាថ្នាទាំងមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យ ក៏មិនអាចសម្រេចផលបាន, សូម្បីផ្គងបំណងប៉ងប្រាថ្នាក៏មិនមែនមិនផ្គងបំណងប៉ងប្រាថ្នាក៏មិនមែន ប្រព្រឹត្តព្រហ្មចារ្យ ក៏មិនអាចសម្រេចផលបាន', ក្នុងរឿងនេះ ព្រះសាស្តារបស់ព្រះតេជព្រះគុណភូមិជៈមានវាទៈដូចម្តេច? ត្រាស់បង្រៀនដូចម្តេច? "
កាលបើជយសេនរាជកុមារត្រាស់យ៉ាងនេះ ខ្ញុំព្រះអង្គក៏បានថ្វាយព្រះពរថា
"ព្រះរាជកុមារ ! រឿងនេះអាត្មាភាពមិនបានស្តាប់មកនៅចំពោះព្រះភក្រ្តរបស់ព្រះដ៏មានព្រះភាគជាម្ចាស់ទេ ប៉ុន្តែអាចទៅរួចដែលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ព្យាករថា
'សូម្បីជនទាំងឡាយផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយមិនត្រូវទំនង ក៏មិនអាចសម្រេចផលបាន,សូម្បីមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយមិនត្រូវទំនង ក៏មិនអាចសម្រេចផលបាន, សូម្បីទាំងផ្គងបំណងប៉ងប្រាថ្នាទាំងមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយមិនត្រូវទំនង ក៏មិនអាចសម្រេចផលបាន, សូម្បីផ្គងបំណងប៉ងប្រាថ្នាក៏មិនមែន មិនផ្គងបំណងប៉ងប្រាថ្នាក៏មិនមែន ប្រព្រឹត្តព្រហ្មចារ្យដោយមិនត្រូវទំនង ក៏មិនអាចសម្រេចផលបាន, ផ្ទុយទៅវិញ សូម្បីផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយត្រូវទំនង ក៏អាចសម្រេចផលបាន,សូម្បីមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយត្រូវទំនង ក៏អាចសម្រេចផលបាន,សូម្បីទាំងផ្គងបំណងប៉ងប្រាថ្នាទាំងមិនផ្គងបំណងប៉ងប្រាថ្នា ប្រព្រឹត្តព្រហ្មចារ្យដោយត្រូវទំនង ក៏អាចសម្រេចផលបាន,សូម្បីផ្គងបំណងប៉ងប្រាថ្នាក៏មិនមែនមិនផ្គងបំណងប៉ងប្រាថ្នាក៏មិនមែន ប្រព្រឹត្តព្រហ្មចារ្យដោយត្រូវទំនង ក៏អាចសម្រេចផលបាន '
បពិត្រព្រះអង្គទ្រង់ចម្រើន ! ខ្ញុំព្រះអង្គថ្វាយព្រះពរយ៉ាងនេះ ឈ្មោះថា និយាយត្រូវតាមដែលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ទុក មិននិយាយមួលបង្កាច់ព្រះដ៏មានព្រះភាគជាម្ចាស់ដោយមុសាវាទឬទេ?
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា
"ភូមិជៈ ! ណ្ហើយចុះ លោកត្រូវគេសួរយ៉ាងនេះ កាលបើឆ្លើយយ៉ាងនោះ ឈ្មោះថា និយាយត្រូវតាមដែលតថាគតនិយាយ មិនឈ្មោះថា និយាយមួលបង្កាច់តថាគតដោយមុសាវាទទេ អ្នកនិយាយវាទៈប្រកបដោយធម៌ មិនដល់ឋានៈគួររិះគន់ទេ"
សមិទ្ធផលប្រៀបដូចជាបុប្ផជាតិដែលស្រស់ស្អាតគួរឲ្យបេះមកហឺតហិត ក្លិនបុប្ផជាតិពេញជាមានស្នេហ៍ក្រអូបក្រអួនអង្រួនចិត្តមែន ព្រោះហេតុនេះបានជាអ្នកផងទាំងពួងតែងតែប៉ងប្រាថ្នាត្រូវការសមិទ្ធផលតាមផ្នែកផ្សេង ៗ ដូចជា គូគ្រង ការងារ លុយកាក់ ការមានកិត្តិយសឈ្មោះសម្លេង សូម្បីតែអ្នកលះបង់ផ្ទះសម្បែងចេញបួសប្រព្រឹត្តព្រហ្មចារ្យក៏នៅត្រូវការសម្រេចផលខាងការបំពេញសមណធម៌ ម្នាក់ៗសុទ្ធតែមានគោលបំណងប៉ុនប៉ងសមិទ្ធផលទាំងអស់ អ្នកដែលមានគោលបំណងប៉ុនប៉ងសមិទ្ធផលក្នុងផ្លូវល្អ សូម្បីបើមានកិលេស គឺ លោភៈលាយឡំខ្លះ ក៏មិនគួរនឹងរិះគន់ត្មះតិះដៀលដែរ ផ្ទុយទៅវិញ អ្នកដែលរស់នៅដូចចករសាត់អណ្តែតសែតអញ្ជង់គ្មានគោលដៅទៅវិញទេដែលគួរនឹងទទួលបានពាក្យរិះគន់ ។
ប៉ុន្តែថាមានត្រឹមតែគោលបំណងតែម៉្យាង មិនមានសេចក្តីព្យាយាមប្រឹងប្រែង ឬថាមានសេចក្តីព្យាយាមប្រឹងប្រែងដែរប៉ុន្តែខ្វះ ការយកចិត្តទុកដាក់ត្រិះរិះពិចារណា តើនឹងសម្រេចជោគជ័យបានទេ?
គុណធម៌ជាគ្រឿងជ្រោមជ្រែងឲ្យសម្រេចជោគជ័យមាន ៤ យ៉ាង គឺ ឥទ្ធិបាទ ៤ គឺ ឆន្ទៈ វិរិយៈ ចិត្តៈ និង វិមំសា បើមានឆន្ទៈ និង វិរិយៈទាំង ២ យ៉ាងនេះ ប៉ុន្តែបើខ្វះចិត្តៈនិងវិមំសាជួយអបស្ទបទេ ក៏ពិបាកនឹងសម្រេចផលដល់គោលដៅណាស់ តោងតែដល់ព្រមដោយ ឆន្ទៈ វិរិយៈ ចិត្តៈ និង វិមំសាទើបនឹងសម្រេចផលដល់គោលដៅបាន ។
ក្នុងឥទ្ធិបាទ ៤ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់លើកយកឆន្ទៈ(សេចក្តីស្រឡាញ់ពេញចិត្ត)ជាអាទិភាពនាំទៅរកវិរិយៈសេចក្តីប្រឹងប្រែងខ្នះខ្នែង ចិត្តៈដឹកនាំពាំយួរឲ្យកើតវិមំសា គឺ បញ្ញាចូលមកពិនិត្យពិចារណាកិច្ចការដែលធ្វើទង្វើដែលបំពេញ ចំណែកឯការបំពេញសមណធម៌ក្រៅតែពីមានឆន្ទៈ វិរិយៈ ចិត្តៈ និង វិមំសាជាគ្រឿងអបអងហើយ នៅមានការបដិបត្តិយ៉ាងត្រូវទំនងទៀតផង ការប្រព្រឹត្តព្រហ្មចារ្យទោះផ្គងបំណងប៉ងប្រាថ្នាឬមិនផ្គងបំណងប៉ងប្រាថ្នាក៏ដោយ បើខ្វះការបដិបត្តិដោយត្រូវទំនងហើយ ក៏មិនអាចនឹងសម្រេចផលដែលប៉ងប្រាថ្នានោះបានទេ ហេតុនោះត្រូវប្រកបដោយឆន្ទៈ វិរិយៈ ចិត្តៈ វិមំសានិងការបដិបត្តិយ៉ាងត្រូវទំនងទើបនឹងសម្រេចផលបាន ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ