ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ការដែលវិទ្យាសាស្ត្រផ្តោតសិក្សាស្រាវជ្រាវច្បាប់ធម្មជាតិឬធម្មនិយាមនេះជាសញ្ញាណបង្ហាញឲ្យឃើញថា វិទ្យាសាស្ត្រត្រូវការ​ស្វែងរកមូលហេតុដែលនាំឲ្យកើតបាតុភូតផ្សេង ៗក្នុងធម្មជាតិ ដូចជា ការដែលខ្យល់បក់ផាត់ទៅមកជាបាតុភូតដែលអ្នក​វិទ្យាសាស្ត្រត្រូវការចម្លើយថា ហេតុអ្វីបានជាខ្យល់បក់? ការតាំងសំណួរថា ហេតុអ្វី? នេះសម្តែងឲ្យឃើញថា ត្រូវការដឹងមូលហេតុ កាលបើសិក្សាទៅ ក៏បានចម្លើយថា "ការដែលខ្យល់បក់ព្រោះមានចលនារបស់អាកាសពីតំបន់ដែលមានសម្ពាធអាកាសខ្ពស់ទៅ កាន់តំបន់ដែលមានសម្ពាធអាកាសទាប កាន់តែមាននានាភាពរវាងតំបន់សម្ពាធអាកាសខ្ពស់និងទាបច្រើនប៉ុនណា ខ្យល់ក៏កាន់​តែបក់ខ្លាំងច្រើនប៉ុណ្ណោះ" ព្រោះហេតុនោះ ការសិក្សារាវរកមូលហេតុ(Causation) របស់បាតុភូតធម្មជាតិទើបជាភារកិច្ចសំខាន់ របស់អ្នកវិទ្យាសាស្ត្រ ។ 

ការសិក្សាស្រាវជ្រាវមូលហេតុក្នុងធម្មជាតិក៏ជាលក្ខណៈសំខាន់របស់ព្រះពុទ្ធសាសនាដែរ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងលក្ខណៈ​ពាក្យ​ប្រៀនប្រដៅដែលមិនមែនជាព្រះពុទ្ធសាសនា ៣ ប្រភេទ គឺ

  1. បុព្វេកតហេតុទិដ្ឋិ បានដល់ លទ្ធិកម្មចាស់ គឺ លទ្ធិដែលប្រកាន់ថា អ្វីក៏ដោយឲ្យតែបានទទួលរងទោះសុខ ទុក្ខ មិនមែនសុខ មិនមែនទុក្ខក៏ដោយសុទ្ធតែមានហេតុមកពីកម្មចាស់ដែលធ្លាប់បានធ្វើក្នុងអតីតកាល និងថាកម្មចាស់បានកំណត់​ព្រឹត្តការណ៍​ក្នុងបច្ចុប្បន្នយ៉ាងងាប់ក្រឡាថា អ្វីដែលនឹងកើតឡើង ក៏ត្រូវតែកើតឡើង ដោយមិនអាចចៀសវាងបាន ចូលលក្ខណៈថាជាកម្មលិខិតកម្រិតខ្សែជីវិតបច្ចុប្បន្នឲ្យជួបផលវិបាកផ្សេង ៗ ពាក្យ​បង្រៀន​​នេះ​ចាត់ជានិយតិនិយម(determinism) ។
  2. ឥស្សរនិម្មានហេតុទិដ្ឋិ បានដល់ លទ្ធិព្រះអាទិទេព គឺ លទ្ធិដែលប្រកាន់ថា  ព្រះអាទិទេព(God) ឬ ព្រះព្រហ្ម​ជាដើម​ទ្រង់បង្កបង្កើតពិភពផែនដី មនុស្ស សត្វ និង សារពើវត្ថុគ្រប់យ៉ាង  មនុស្សសត្វទទួលរងសុខ ទុក្ខ មិនមែន សុខ​មិនមែន​ទុក្ខក៏ព្រោះតែព្រះអាទិទេពទាំងនោះបណ្តាលឲ្យមានឡើង ទាំងកំណត់ជោគវាសនារបស់មនុស្សនិង​ពិភព​ផែនដីទុក​ជាមុនផងដែលយើងហៅថា ព្រហ្មលិខិត កម្រិតជោគវាសនាជីវិតរបស់មនុស្ស ពាក្យបង្រៀននេះក៏ចាត់​ជា​និយតិនិយម​ដែរ(determinism) ។
  3. អហេតុអបច្ចយទិដ្ឋិ បានដល់ លទ្ធិផ្សងព្រេង ឬ ផ្សងសំណាង គឺ លទ្ធិដែលប្រកាន់ថា   អ្វីៗក៏ដោយទោះជាសុខ ទុក្ខ មិនមែនសុខមិនមែនទុក្ខសុទ្ធតែកើតឡើងឯង គ្មានហេតុគ្មានបច្ច័យជាគ្រឿងប្រកប ទាំងគ្មានអ្នកបង្កបង្កើតឲ្យ​កើត​មាន​ឡើងទេ គ្មានច្បាប់គ្មានសណ្តាប់អ្វីទាំងអស់ ដល់ពេលវេលាដែលត្រូវកើតក៏កើតឡើងឯង ពិភពលោកនេះជាចក្រវាល​ចលាចល ។

លទ្ធិទាំង ៣ ប្រការនេះមិនសមស្របដោយហេតុផល កាលបើត្រូវដេញដោលក៏ទើលទាល់ ប្រាប់ថាប្រកាន់ជឿតៗគ្នាមក​ចាត់​ជាអកិរិយទិដ្ឋិ បើប្រកាន់តាមលទ្ធិទាំង ៣ ប្រការនេះនាំឲ្យកើតទោស គឺ មិនបំពេញឆន្ទៈនិងវិរិយៈឲ្យបរិបូរឡើងក្នុងករណីកិច្ច និងវៀរបង់អករណីយកិច្ច ។

ព្រះពុទ្ធសាសនាមិនយល់ស្របនឹងលទ្ធិទាំង ៣ ប្រការនេះទេ ព្រះពុទ្ធសាសនាចាត់ជាកម្មវាទី គឺ បង្រៀនថា សត្វលោកតែង​ប្រព្រឹត្តទៅតាមកម្ម(កម្មុនា វត្តតី លោកោ) ប៉ុន្តែមិនមែនមានន័យថា ជីវិតជាកម្មលិខិតឲ្យទទួលផលនៃកម្មដែលធ្លាប់​ធ្វើគ្រប់​យ៉ាងដោយគ្មានផ្លូវចៀសវាងបាននោះទេ មនុស្សអាចធ្វើកុសលកម្មក្នុងបច្ចុប្បន្នដើម្បីកាយកប់លុបលាង​អកុសលកម្ម​ក្នុង​អតីតកាល បាន ម្យ៉ាងទៀត ព្រឹត្តការណ៍ទាំងឡាយដែលកើតឡើងក្នុងលោកមិនមែនកើតឡើង​ដោយព្រះអាទិទេពបណ្តាលឲ្យ​កើតឡើង ឬកំណត់ជោគវាសនារបស់មនុស្សទេ ប៉ុន្តែមិនមែនមានន័យថា កើតឡើងឯងដោយគ្មានហេតុ​គ្មានបច្ច័យជាគ្រឿង​ប្រកបនោះ​ទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រកាសពាក្យប្រៀនប្រដៅសំខាន់មួយឈ្មោះថា  ឥទប្បច្ចយតា គឺ ការដែល​ព្រឹត្តិ​ការណ៍ផ្សេង ៗ កើតឡើងព្រោះមានហេតុនេះៗជាបច្ច័យ ឬថា បដិច្ចសមុប្បាទ គឺ ការដែលព្រឹត្តិការណ៍អ្វីៗ​កើតឡើងព្រោះ​អាស្រ័យ​គ្នា​និងគ្នា​កើត​ឡើង  គោលការណ៍បដិច្ចសមុប្បាទ អះអាងថា ពិភពលោកនិងមនុស្សកើតឡើង តាំងនៅ និងរលត់ទៅ​ព្រោះការដល់ព្រមនៃហេតុបច្ច័យ ។

គោលការណ៍សំខាន់របស់បដិច្ចសមុប្បាទមានដូចតទៅនេះ 

ឥមស្មឹ សតិ ឥទំ ហោតិ កាលបើវត្ថុនេះមាន វត្ថុនេះក៏មាន

ឥមស្សុប្បាទា ឥទំ ឧប្បជ្ជតិ ព្រោះវត្ថុនេះកើតឡើង វត្ថុនេះក៏កើតឡើង

ឥមស្មឹ អសតិ ឥទំ ន ហោតិ  កាលបើវត្ថុនេះមិនមាន វត្ថុនេះក៏មិនមាន

ឥមស្ស និរោធា ឥទំ និរុជ្ឈតិ ព្រោះវត្ថុនេះរលត់ វត្ថុនេះក៏រលត់ ។

សរុបគោលការណ៍ថា "កាលបើមាន ក៏មាន កាលបើមិនមាន ក៏មិនមាន " ។

គោលការណ៍បដិច្ចសមុប្បាទមាន ២ សង្កាត់ គឺ សង្កាត់ដំបូង ថា "កាលបើមាន ក៏មាន " សេចក្តីនេះសម្តែងថា ផលកើត​ព្រោះ​ហេតុកើត(សមុទយវារៈ) សង្កាត់លំដាប់ ថា "កាលបើមិនមាន ក៏មិនមាន " សេចក្តីនេះសម្តែងថា ផលរលត់​ព្រោះ​ហេតុរលត់(និរោធវារៈ) ។ 

គម្ពីរមហាបដ្ឋាននៃអភិធម្មបិដកបានសម្តែងថា ការដែលអ្វីណានីមួយកើតឡើងឬរលត់ទៅព្រោះអាស្រ័យបច្ច័យច្រើនយ៉ាង​ចូលទៅប្រកប ពាក្យថា បច្ច័យ សំដៅដល់ ហេតុសំខាន់ ព្រះគន្ថរចនាចារ្យបានបែងចែកបច្ច័យសំខាន់ជា ២៤ បែប គឺ

  1. ហេតុបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាហេតុ
  2. អារម្មណបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអារម្មណ៍
  3. អធិបតិបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអធិបតី
  4. អនន្តរបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាប់ជួនគ្មានចន្លោះ
  5. សមនន្តរបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាប់ជិតឥតចន្លោះ
  6. សហជាតបច្ចយោ ធម៌ដែលជួយប្រកបដោយការកើតព្រមគ្នា
  7. អញ្ញមញ្ញបច្ចយោ ធម៌ដែលជួយប្រកបដោយការអាស្រ័យគ្នានិងគ្នា
  8. និស្សយបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាទីអាស្រ័យ
  9. ឧបនិស្សយបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាទីអាស្រ័យដែលមានកម្លាំងច្រើន
  10. បុរេជាតបច្ចយោ ធម៌ដែលជួយប្រកបដោយការកើតមុន
  11. បច្ឆាជាតបច្ចយោ ធម៌ដែលជួយប្រកបដោយការកើតក្រោយ
  12. អាសេវនបច្ចយោ ធម៌ដែលជួយប្រកបដោយការសេពជាប្រចាំ
  13. កម្មបច្ចយោ ធម៌ដែលជួយប្រកបដោយការតាក់តែងដើម្បីឲ្យកិច្ចផ្សេង ៗសម្រេច
  14. វិបាកបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាវិបាក គឺ ដល់នូវសេចក្តីចាស់ក្លា ឬ ទុំជោរ និង អស់កម្លាំង
  15. អាហារបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអ្នកដឹកនាំ
  16. ឥន្ទ្រិយបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអ្នកគ្រប់គ្រង
  17. ឈានបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអ្នកសម្លឹងអារម្មណ៍
  18. មគ្គបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាផ្លូវ
  19. សម្បយុត្តបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាសម្បយុត្ត
  20. វិប្បយុត្តបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាវិប្បយុត្ត
  21. អត្ថិបច្ចយោ  ធម៌ដែលជួយប្រកបដោយភាពជាអ្នកនៅមាន
  22. នត្ថិបច្ចយោ  ធម៌ដែលជួយប្រកបដោយភាពជាអ្នកមិនមាន
  23. វិគតបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអ្នកទៅប្រាស
  24. អវិគតបច្ចយោ ធម៌ដែលជួយប្រកបដោយភាពជាអ្នកមិនទៅប្រាស

ហេតុនោះ ការសិក្សាស្រាវជ្រាវរកហេតុបច្ច័យតាមគោលការណ៍បដិច្ចសមុប្បាទទើបចាត់ជារឿងសំខាន់ក្នុងព្រះពុទ្ធសាសនា វិទ្យាសាស្រ្តក៏មានជំហរបែបពុទ្ធសាសនាដែរ គឺ ផ្តោតសិក្សាភាពជាហេតុផលក្នុងធម្មជាតិដោយមិនទទួលស្គាល់ទស្សនៈថា ព្រះអាទិទេពបង្កើតពិភពផែនដីទេ ទាំងបដិសេធអំណាចរបស់ព្រះអាទិទេពដែលថាព្រឹត្តការណ៍ផ្សេង ៗត្រូវបានកំណត់ទុក​ជា​ស្រេចហើយដោយព្រះអាទិទេព ។

 

Views: 67

ឆ្លាក: ពុទ្ធសាសនានិងវិទ្យាសាស្ត្រ

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

បញ្ចេញវិចារដោយThey Mony ក្នុងខែវិច្ឆិកា 17, 2011 នៅម៉ោង 1:46pm

អត្ថបទនេះល្អណាស់ព្រះអង្គ !

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃនេះ

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service