ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទោះបីបើព្រះអង្គបរិនិព្វានទៅហើយអស់កាលជាយូរអង្វែងក៏ដោយ ក៏ប៉ុន្តែព្រះធម្មវិន័យនិង សកម្មភាពដែលព្រះអង្គបានបំពេញរហូតព្រះជន្មាយុនោះបានក្លាយទៅជាសមិទ្ធផលអមតៈបន្សល់ទុកឲ្យពុទ្ធសាសនិកជនគោរពបូជាតាមកម្លាំងសទ្ធារៀងៗខ្លួនដោយមិនអាចបំភ្លេចគុណោបការៈរបស់ព្រះអង្គបាន ។
ដោយសារតែព្រះមហាករុណាធិគុណនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គនោះ ព្រះអង្គស៊ូទ្រាំធ្វើពុទ្ធដំណើរទៅកាន់តំបន់ផ្សេងៗ ដើម្បីប្រោសណែនាំវេនេយ្យបុគ្គលដែលនៅជាប់ចំពាក់ដោយគ្រឿងសៅហ្មង គោលបំណង គឺ ដើម្បីរំដោះពួកគេឲ្យរួចផុតពីគ្រឿងសៅហ្មងដែលជាហេតុនៃទុក្ខក្នុងសង្សារវដ្តទាំងនោះសមដូចព្រះមនោរថ(បំណង)ដែលព្រះអង្គធ្លាប់ផ្គងទុកថា
បើយើងត្រាស់ដឹងហើយ នឹងជួយរំដោះអ្នកដទៃឲ្យត្រាស់ដឹងតាមផង
បើយើងរួចផុតស្រឡះហើយ នឹងជួយរំដោះអ្នកដទៃឲ្យរួចផុតស្រឡះផង
បើយើងឆ្លងផុតរួចហើយ នឹងជួយចម្លងអ្នកដទៃឲ្យឆ្លងផុតរួចផង
ព្រោះមនោរថដ៏ប្រកបដោយព្រះមហាករុណាធិគុណនោះ បន្ទាប់ពីបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណនៅព្រះជន្ម ៣៥ ឆ្នាំនាតិថី ១៥ កើត ខែពិសាខហើយ ព្រះអង្គក៏សម្រេចព្រះទ័យចេញពុទ្ធដំណើរទៅប្រោសវេនេយ្យជនសព្វកន្លែង ដោយទ្រង់រលឹកនឹកដល់គុណោបការៈរបស់បញ្ចវគ្គីយ៍ដែលធ្លាប់នៅចាំបម្រើព្រះអង្គនៅខណៈដែលព្រះអង្គធ្វើទុក្ករកិរិយានោះឯង ព្រះអង្គត្រូវវិលត្រឡប់ទៅរកបញ្ចវគ្គីយ៍ដើម្បីប្រោសណែនាំឲ្យបានត្រាស់ដឹងសច្ចធម៌ដូចយ៉ាងព្រះអង្គដែរ ហេតុនោះក្រោយពីព្រះអង្គនៅសោយវិមុត្តិសុខ ឬ រៀបចំគោលការណ៍អស់រយៈពេល ៧ សប្តាហ៍ ព្រះអង្គក៏ធ្វើដំណើរចាកចេញពីឧរុវេលាសេនានិគមតម្រង់ទៅកាន់ព្រៃឥសិបតនមិគទាយវ័នដែលជាទីស្នាក់នៅរបស់បញ្ចវគ្គីយ៍ ទម្រាំនឹងធ្វើពុទ្ធដំណើរទៅដល់ព្រៃដែលបញ្ចវគ្គីយ៍អាស្រ័យនៅនោះ ត្រូវចំណាយពេល ១៥ ថ្ងៃ បើជាមនុស្សធម្មតាដូចសព្វថ្ងៃនេះគង់នឹងគ្មានអ្នកណាសុខចិត្តដើរផ្លូវដោយ ថ្មើរជើងទៅប្រាប់ណែនាំមនុស្ស ៥ នាក់ដែលខ្លួនស្គាល់នោះទេ ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ធ្វើពុទ្ធដំណើរទៅដើម្បីហុចឲ្យនូវវត្ថុមានតម្លៃបំផុតដែលសត្វលោកមិនមានដល់បញ្ចវគ្គីយ៍ មើលចុះ ! ព្រះអង្គត្រូវតស៊ូបែបណាក្នុងការផ្សព្វផ្សាយគោលធម៌ដល់អ្នកដទៃ ពិតជាអស្ចារ្យ និងគួរឲ្យសរសើរក្រៃលែង ។ លុះដល់តិថី ១៥ កើតខែអាសាឍ ព្រះអង្គក៏ទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រស្តីពីផ្លូវជ្រុលនិយម ២ ដែលមនុស្សជាពិសេសអ្នកបួសត្រូវចៀសវាង គឺ អត្តកិលមថានុយោគ ការធ្វើបាបខ្លួនឯងឲ្យលំបាក(Self-mortification) កាមសុខល្លិកានុយោគ គឺ ការផ្តេកផ្តួលក្នុងកាមសុខ(sensual indulgence) នៅថ្ងៃនោះឯង ព្រះអញ្ញាកោណ្ឌញ្ញៈបានសម្រេចសោតាបត្តិផល ចាត់ជាបឋមសាវ័កក្នុងព្រះពុទ្ធសាសនា
នៅតិថី ១ រោជ ខែអាសាឍ ព្រះវប្បៈបានសម្រេចសោតាបត្តិផល
នៅតិថី ២ រោជ ខែអាសាឍ ព្រះភទ្ទិយៈបានសម្រេចសោតាបត្តិផល
នៅតិថី ៣ រោជ ខែអាសាឍ ព្រះមហានាមៈបានសម្រេចសោតាបត្តិផល
នៅតិថី ៤ រោជ ខែអាសាឍ ព្រះអស្សជិបានសម្រេចសោតាបត្តិផល
លុះដល់តិថី ៥ រោជ ខែអាសាឍ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្តែងអនត្តលក្ខណសូត្រ ព្រះបញ្ចវគ្គីយ៍ទាំង ៥ អង្គក៏សម្រេចព្រះអរហត្តផល ពេលនោះឯង ព្រះអរហន្ត ៦ អង្គបានកើតឡើងក្នុងលោក ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសបញ្ចវគ្គីយ៍ទាំង ៥ ដោយវិធីឯហិភិក្ខុឧបសម្បទា គឺ ទ្រង់សន្មតតែងតាំងបញ្ចវគ្គីយ៍ទាំងនោះឲ្យក្លាយជាភិក្ខុក្នុងព្រះពុទ្ធសាសនា ប្រៀបដូចជាព្រះធម្មរាជាទ្រង់តែងតាំងធម្មសេនាឲ្យបម្រើគោលនយោបាយរបស់ព្រះអង្គដើម្បីប្រយោជន៍សុខដល់ប្រជារាស្ត្រដូច្នោះ ។
ព្រះរតនត្រ័យ គឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃបានកើតឡើងគ្រប់អង្គទាំង ៣ នៅតិថី ១៥ កើត ខែអាសាឍនេះឯង ។
ថ្ងៃអាសាឡ្ហបូជានៅឆ្នាំនេះត្រូវនឹងថ្ងៃសុក្រទី ១៥ ខែកក្កដា ឆ្នាំ ២០១១ ខាងសុរិយគតិ ឯខាងចន្ទគតិ ត្រូវនឹងតិថី ១៥ កើតខែអាសាឍ ពុទ្ធសករាជ ២៥៥៥ ។
ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃកំណើតកកើតនៃព្រះពុទ្ធសាសនា ពោលគឺ កងចក្រ គឺ ពុទ្ធធម៌បានចាប់ផ្តើមវិលទៅកាន់ពិភពលោកនៅថ្ងៃនេះឯង បើគ្មានព្រះអរហន្តទាំង ៦ អង្គ មានព្រះពុទ្ធជាម្ចាស់ជាប្រធាន និង ៥ អង្គជាសមាជិកនេះទេ ព្រះពុទ្ធសាសនាប្រហែលជាមិនអាចធ្វើដំណើរចូលមកក្នុងប្រទេសខ្មែរដែលស្ថិតនៅឆ្ងាយពីដែនដីកំណើតរបស់ព្រះពុទ្ធសាសនាបានទេ ព្រោះអាស្រ័យកម្លាំងនៃសតិបញ្ញា កម្លាំងនៃការតស៊ូពុះពារគ្រប់ឧបសគ្គ កម្លាំងនៃសេចក្តីបរិសុទ្ធ គឺ អហិង្សា និង កម្លាំងនៃការសង្គ្រោះវេនេយ្យជនដោយទឹកចិត្តអាណិតអាសូរនៃព្រះអរហន្តទាំងឡាយ ព្រះពុទ្ធសាសនាទើបរីកសាយភាយនៅទូទាំងជម្ពូទ្វីបរហូតដល់ហៀរចេញទៅកាន់ពិភពលោកទាំងមូល ។
ព្រោះមើលឃើញសារៈសំខាន់នៃថ្ងៃអាសាឡ្ហបូជានេះ ពុទ្ធសាសនិកជនខ្មែរទូទាំងពិភពលោកគប្បីលំឱនចិត្តយកថ្ងៃនេះជាវរោកាសនៃការជួបជុំ សាងបុណ្យកុសលរួមគ្នា ប្រមុំប្រមូលចូលជាកម្លាំងចលករនៃឯកភាពជាតិខ្មែរទាំងមូល លើកស្ទួយ ព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរចេរកាលជាយូរអង្វែងតរៀងទៅ ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ