សព្វថ្ងៃនេះមនុស្សហាក់បីដូចជាត្រូវការសិទ្ធិយ៉ាងខ្លាំងទោះបីនិយាយឬធ្វើអ្វីណានីមួយក៏ច្រើនតែអះអាងថាជាសិទ្ធិ
របស់ខ្លួនដែរ សិទ្ធិដែលមនុស្សមួយចំនួនតែងតែនិយាយដោយមិនយល់នោះបានក្លាយទៅជាសិទ្ធិទំនើងឬអំពើចិត្ត ក្នុងន័យនេះ មនុស្សកំពុង ប្រើសិទ្ធិនេះជាឧបករណ៍ក្នុងការធ្វើសកម្មភាពមិនគួរគប្បី ព្រោះហេតុនោះ សិទ្ធិទើបត្រូវបែកចែក ជា ២ យ៉ាង គឺ សម្មាសិទ្ធិ និង មិច្ឆាសិទ្ធិ សម្មាសិទ្ធិ គឺ សិទ្ធិដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ ឯ មិច្ឆាសិទ្ធិ គឺ សិទ្ធិដែលមនុស្សអាងយកដោយអំណាចនៃចិត្តចង់បាន ចង់ធ្វើ(លោភៈ) សិទ្ធិមួយទៀតដែល មនុស្សហាក់ ដូចជាមើលរំលងនិងមិនចង់ដឹងចង់ឮព្រោះទាស់នឹងតម្រូវការរបស់ខ្លួនឯង គឺ ធម្មសិទ្ធិ ពោលគឺ សិទ្ធិដែលធម្មជាតិកំណត់មកឲ្យ មានន័យថា មនុស្សសត្វបានទទួលធម្មសិទ្ធិនេះដោយស្មើមុខគ្នា បានដល់ សិទ្ធិកើត សិទ្ធិចាស់ សិទ្ធិឈឺ សិទ្ធិស្លាប់ ធម្មសិទ្ធិនេះភាគច្រើនមានក្នុងព្រះពុទ្ធសាសនា ។
សិទ្ធិមនុស្សតាមច្បាប់ធម្មជាតិ បានដល់ សេចក្តីសម្រេចបានអត្តភាពជាមនុស្ស ការបានអត្តភាពជាមនុស្សនេះឯងចាត់ជា សិទ្ធិមនុស្សពិតបែបសភាវសច្ចៈ ឯសិទ្ធិមនុស្សដែលកំពុងតែទាមទារនិងតវ៉ានេះចាត់ជាសម្មុតិសច្ចៈ មនុស្សម្នាក់ៗតែង ទទួលបានសិទ្ធិនេះតាំងពីយោនយកកំណើតមកម្លេះ(ฺbirthright) ការបានកើតជាមនុស្សនេះឯងហៅថាមនុស្សប្បដិលាភោ ឬ មនុស្សភាវោ ឬ មនុស្សភូតោ ឬ សិទ្ធិមនុស្ស សិទ្ធិពិសេសមួយទៀតដែលមនុស្សព្យាយាមធ្វើល្អដើម្បីនឹងចូលទៅដល់ គឺ មនុស្សសម្បត្តិ អ្នកណាៗក៏ត្រូវការមនុស្សសម្បត្តិនេះដែរព្រោះបើគ្មានសិទ្ធិពិសេសក្នុងការចូលដល់ភាពជាមនុស្ស គឺ មនុស្សសម្បត្តិនេះទេ គង់នឹងគ្មានឱកាសបានឃើញពិភពលោកនេះដែរ ។
មនុស្សសម្បត្តិ បានដល់ សេចក្តីដល់ព្រមភាពជាមនុស្ស ពោលគឺ ការបានសិទ្ធិជាមនុស្សនោះឯង ការដែលបុគ្គលបានសិទ្ធិ ជាមនុស្សនេះព្រោះស្នាដៃរបស់ខ្លួនឯង គឺ ការគោរពសិទ្ធិក្នុងការធ្វើបុណ្យកុសល (បុញ្ញករណសិទ្ធិ) ទើបជាហេតុឲ្យខ្លួនឯង បានទទួលផលជាមនុស្សភាវោបែបនេះ បុព្វេកតបុញ្ញតា បានដល់ភាវៈជាអ្នកធ្លាប់ធ្វើបុណ្យកុសលទុកមក ជាឧបករណ៍ ចូលដល់មនុស្សសម្បត្តិ ការដែលមនុស្សត្រូវការសិទ្ធិមនុស្ស មនុស្សត្រូវសាងហេតុដែលនាំឲ្យកើតសិទ្ធិមនុស្សនោះ ពោលគឺ បើសាងហេតុត្រូវ គឺ បុណ្យកុសលទុកហើយ លទ្ធផល គឺ ការបានទទួលសិទ្ធិជាមនុស្សនោះឯង មិនត្រឹមតែប៉ុណ្ណោះទេ អាចបានសិទ្ធិជាទេវតាផង
សិទ្ធិមួយទៀតដែលមនុស្សគប្បីស្វែងរកឲ្យបាន គឺ អរិយសិទ្ធិ ពោលគឺ ការបានអត្តភាពជាមនុស្សហើយអាចផ្តួលរំលំអ្នក រំលោភសិទ្ធិរបស់យើងបាន អ្នកដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតរបស់ពិភពលោក គឺ លោភៈ ទោសៈ មោហៈ ៣ នាក់
នេះជាជនផ្តាច់ការដែលមនុស្សត្រូវចាត់របៀបវារៈជាអាទិភាពក្នុងការកម្ចាត់បង់និងសំឡេះចោល ពុទ្ធធម៌អនុញ្ញាតឲ្យមនុស្ស សម្លាប់ជនផ្តាច់ការទាំង ៣ នាក់នេះបាន ។
ការដែលយើងត្រូវការឲ្យអ្នកដទៃគោរពសិទ្ធិរបស់យើង លុះត្រាតែយើងមិនរំលោភសិទ្ធិរបស់អ្នកដទៃដែរ ពោលគឺ បើយើងស្រឡាញ់ភាពជាមនុស្សរបស់ខ្លួនឯង យើងក៏ត្រូវឲ្យតម្លៃទៅលើភាពជាមនុស្សរបស់អ្នកដទៃដែរ និយាយឲ្យខ្លីថា ឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងជីវិតរបស់អ្នកដទៃ ។
សិទ្ធិរស់រានមានជីវិតមិនត្រឹមតែមានសម្រាប់មនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វក៏គប្បីមានសិទ្ធិនេះដែរ បើមនុស្សមិនឲ្យតម្លៃ ដល់ជីវិតរបស់សត្វ មានន័យថា មនុស្សកំពុងរំលោភសិទ្ធិរស់រានមានជីវិតរបស់សត្វ សត្វដែលមិនធ្វើញត្តិតវ៉ា មិនធ្វើបាតុកម្ម មិនទាមទារសុំជីវិតពីការបៀតបៀនរបស់មនុស្ស មិនមែនមានន័យថា សត្វគ្មានសិទ្ធិរស់រានមានជីវិតនោះទេ ផ្ទុយទៅវិញ ទាំងមនុស្សទាំងសត្វមានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់ធម្មជាតិ គ្មានអ្នកណាមានសិទ្ធិលើសអ្នកណាឡើយ ប៉ុន្តែសង្កេត ឃើញសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ឃើញថា សេចក្តីប្រកាសនេះធានា តែជីវិតមនុស្សគ្នាឯងប៉ុណ្ណោះមិនបានធានាសិទ្ធិរបស់សត្វនោះទេ ត្រង់ចំណុចនេះឯងដែលមនុស្សកំពុងហាក់ដូចជាភ្លេច គិតដល់សិទ្ធិរបស់សត្វដទៃ ឬប្រហែលជាយល់ឃើញថាសត្វត្រូវបានព្រះជាម្ចាស់បង្កើតឡើងដើម្បីធ្វើជាអាហាររបស់មនុស្ស ហេតុនោះឥទ្ធិពលនៃជំនឿនេះទើបកើតមានក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះឡើង ប៉ុន្តែព្រះពុទ្ធសាសនា បានឲ្យតម្លៃមនុស្សនិងសត្វស្មើគ្នា ការដែលមានអសមភាពក្នុងចំណោមមនុស្សនិងសត្វ ភាគច្រើនបណ្តាលមកពីអំណាច ផ្តាច់ការ គឺ លោភៈ ទោសៈ និងមោហៈ ដរាបណាអំណាចផ្តាច់ការនេះមិនត្រូវបានផ្តួលរំលំដោយអរហត្តមគ្គទេ ដរាបនោះ សិទ្ធិរស់រានមានជីវិតរបស់សត្វត្រូវគេរំលោភបំពានទៅជារឿយ ៗ ។
ព្រះពុទ្ធសាសនាជាសាសនាគោរពសិទ្ធិទាំងរបស់មនុស្សនិងសត្វមិនរើសអើងចូលមកកាន់ពុទ្ធធម៌នេះទេ ទោះបីបុគ្គលនោះ មានសម្បុរយ៉ាងណា ស ខ្មៅ ឬ ប្រផេះ ជាជនអាស្យាទិគឬឱរោប ភេទប្រុសស្រី ឬ បណ្ឌក ធ្លាប់កាន់សាសនាណាមួយមក ហើយក៏អាចចូលមកក្រេបជញ្ជក់អត្ថរសនៃពុទ្ធធម៌បានដែរ ។
សរុបសេចក្តីមកថា ការគោរពសិទ្ធិមនុស្ស គឺ ការគោរពភាពជាមនុស្សទាំងជារបស់ខ្លួនឯងនិងអ្នកដទៃ ស្មើនឹងគោលធម៌ មេត្តាករុណារបស់ព្រះពុទ្ធសាសនា ។
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាន ៣០ មាត្រា ត្រូវបានអនុម័តយល់ព្រមដោយអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែធ្នូ ឆ្នំា ១៩៤៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយកំណត់យកថ្ងៃទី ១០ ខែធ្នូរាល់ឆ្នាំជាទិវាសិទ្ធិមនុស្សអន្តរជាតិ មានគណៈកម្មាធិការសិទ្ធិមនុស្ស ៥៣ ប្រទេសជាសមាជិកមកពីគ្រប់ភូមិភាគរបស់ពិភពលោក រហូតមកដល់ថ្ងៃទី ១០ ខែធ្នូ ២០១០ នេះមានរយៈពេល ៦២ ឆ្នាំហើយ ។
សិទ្ធិមនុស្សទើបតែយកមកប្រើប្រាស់ក្នុងសង្គមខ្មែរតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ នេះឯង រហូតមកដល់ពេលនេះមានរយៈពេល ១៩ ឆ្នាំហើយ ប៉ុន្តែមនុស្សខ្មែរភាគច្រើនមិនទាន់យល់ដឹងសិទ្ធិរបស់ ខ្លួនឯងនៅឡើយទេ ព្រោះការមិនយល់ដឹងនេះឯងទើបក្លាយជាកំហុសខុសឆ្គងដែលត្រូវតែសិក្សាកែតម្រូវទៅជារឿយៗ ទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទាំងរដ្ឋធម្មនុញ្ញបានធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដូចជា ត្រង់ មាត្រា ៣២ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ២ នៃសេចក្តីប្រកាស...បានចែងទុកដូចគ្នាថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និង សន្តិសុខផ្ទាល់ខ្លួន បើតាមសីល ៥ ត្រង់មាត្រា ១ គឺ បាណាតិបាតាវេរមណី ការវៀរចាកការបៀតបៀន ឬ រំលោភសិទ្ធិរស់រានមានជីវិតរបស់មនុស្សសត្វដទៃ ។
ហេតុនោះ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ មនុស្សត្រូវសិក្សាអំពីអ្វីទៅជាសិទ្ធិមនុស្ស ហើយព្យាយាម អនុវត្តសិទ្ធិរបស់ខ្លួនឯងឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើអ្វីដោយអំណាចនៃលោភៈ ទោសៈ ឬ មោហៈនោះទេ ព្រោះលោភៈ ទោសៈ ឬ មោហៈនេះ ព្រះពុទ្ធសាសនាបោះត្រាសម្គាល់ថាជាអំណាចផ្តាច់ការដែលត្រូវតែផ្តួលរំលំដើម្បីសាងសេចក្តីសុខឲ្យដល់ ខ្លួនឯងនិងអ្នកដទៃ ពោលគឺ មនុស្សត្រូវរៀនកម្ចាត់អំណាចផ្តាច់ការនេះបន្តិចៗ ម្តងៗ បើមិនអាចកម្ចាត់បានទេ គ្រាន់តែ កាត់បន្ថយក៏ជាការល្អដែរ បើមនុស្សខ្មែរម្នាក់ៗកាត់បន្ថយអំណាចផ្តាច់ការរបស់ខ្លួនឯងបានហើយ សង្គមក៏ទទួលបាន សន្តិភាពនិងសន្តិសុខតរៀងទៅ ពេលនោះឯង ពត៌មានស្តីពីការរំលោភសិទ្ធិមនុស្សនឹងមានតិចជាទីបំផុតក្នុងពិភពលោក ។
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ