សេចក្តីស្លាប់គឺជាច្បាប់ធម្មជាតិដែលមនុស្សសត្វនិងអ្វីៗទាំងពួងក្នុងលោកមិនអាចចៀសវាងបាន រាល់ខ្យល់ដង្ហើមរបស់ ជីវសត្វសុទ្ធតែប្រព្រឹត្តទៅដើម្បីសេចក្តីស្លាប់ទាំងអស់ ជីវសត្វដូចយ៉ាងមនុស្សចាត់ជាសត្វប្រសើរលើសសត្វប្រភេទផ្សេង នៅត្រង់ការហ្វឹកហាត់វិចារណញាណគឺចំណេះចេះពិចារណាឲ្យឃើញគុណសម្បត្តិនិងគុណវិបត្តិ ពោលគឺ កើតចេញពី បទពិសោធដែលធ្លាប់ឆ្លងកាត់ទុក្ខភ័យមក ហើយមានចំណេះដឹងអាចស្ទាបស្ទង់យង់យល់ដល់អ្វីៗដែលជាគុណនិងអ្វីៗ ដែលជាទោសបាន បើពិចារណាឃើញសកម្មភាពដែលខ្លួននឹងធ្វើនោះជាគុណជាតនាំមកនូវសេចក្តីសុខនិងសេចក្តី ចម្រើនឲ្យដល់ខ្លួនឯងនិងអ្នកដទៃ ក៏ធ្វើឬប្រព្រឹត្តសកម្មភាពនោះ ផ្ទុយទៅវិញ បើពិចារណាឃើញថាសកម្មភាពដែល ខ្លួននឹងធ្វើនោះនឹងនាំមកនូវទោសជាតបង្កទុក្ខក្តៅក្រហាយដល់ខ្លួនឯងនិងអ្នកដទៃក៏ចៀសវាងមិនធ្វើសកម្មភាពនោះ សមដូចព្រះតម្រាស់ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ បុគ្គលដែល ឈ្លាសវៃតែងចៀសវាងសកម្មភាពចោលម្សៀតឥតប្រយោជន៍ ប៉ុន្តែប្រកាន់យកសកម្មភាពដែលបានម្សៀត មានប្រយោជន៍ជំនួសវិញ ជម្លោះចាត់ជាអំពើចោលម្សៀតឥតប្រយោជន៍មិននាំមកនូវសេចក្តីសុខនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងនិងអ្នកដទៃ នោះទេ ផ្ទុយទៅវិញ ជម្លោះតែងនាំមកនូវភាពរកាំរកូសរវាងមនុស្សនិងមនុស្ស បន្សល់ទុកនូវទុក្ខទោសក្តៅក្រហាយឬ គ្រោះថ្នាក់ទាំងដល់ខ្លួនអ្នកឈ្លោះនិងគូជម្លោះ ព្រោះហេតុនោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ណែនាំសាសនិក របស់ព្រះអង្គឲ្យមើលឃើញគ្រោះថ្នាក់ដែលកើតចេញពីជម្លោះនោះថា វិវាទំ ភយតោ ទិស្វា ចូរពិចារណាឲ្យឃើញនូវ ជម្លោះថាជាគ្រោះថ្នាក់ឬហានិភ័យ ព្រោះជម្លោះធ្វើឲ្យភាគីទាំងសងខាងរងទុក្ខក្តៅក្រហាយចិត្ត បិទបាំងសតិបញ្ញា ដែលជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខរបស់មនុស្ស ការដែលបុគ្គលមើលឃើញជម្លោះថាជាគ្រោះ ថ្នាក់បានលុះត្រាតែបុគ្គលនោះបានអប់រំចម្រើនសតិស្មារតីមកយ៉ាងខ្ជាប់ខ្ជួន យល់ដឹងទាន់ចំហួលចិត្តដែលត្រូវ អារម្មណ៍ខាងក្រៅចូលមកវាយលុក ពោលគឺ មនុស្សចាំបាច់ត្រូវមានសតិស្មារតីគ្រប់កាលៈទេសៈ(សតិ សព្វត្ថ បត្ថិយា) ដើម្បីតាមដានមើលក្រសែចិត្តរបស់ខ្លួន ព្រមជាមួយគ្នានោះក៏ប្រុងប្រយ័ត្នក្នុងការគិត និយាយ ឬ ធ្វើរបស់ខ្លួន ឲ្យបានហ្មត់ចត់ ពុំនោះសោតទេក៏ធ្លាក់ទៅក្នុងរណ្តៅនៃសេចក្តីប្រមាទ ព្រោះថាសេចក្តីប្រមាទជាផ្លូវនៃមរណភ័យ (បមាទោ មច្ចុនោ បទំ) មហាសោកនាថកម្មដែលកើតឡើងនៅលើស្ពានកោះពេជ្រជាមេរៀនដែលឆ្លុះឲ្យឃើញថា កើតឡើងដោយសារសេចក្តីប្រមាទ មនុស្សយើងកាលបើបានសប្បាយរីករាយហើយ ច្រើនតែភ្លេចភ្លាំងស្មារតី មិនបាន គិតឃើញទោសដែលកើតឡើងពីសេចក្តីសប្បាយរីករាយនោះទេ ហេតុនោះ មរណភ័យទើបកើតឡើងដល់អ្នកមាន សេចក្តីប្រមាទទ្វេធ្វេសនោះឯង ។
មនុស្សជាច្រើនរយនាក់បានស្លាប់បាត់បង់ជីវិតនៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០ ស្ពានកោះ ពេជ្របានក្លាយជាស្ពានជើងកបដែលឆក់យកជីវិតមនុស្សទៅដោយសេចក្តីធ្វេសប្រហែសរបស់មនុស្សខ្លួនឯង វាបានលងបន្លាចមនុស្សឲ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចាប់ពីវិនាទីដែលកើតហេតុការណ៍ជាដើមទៅ តាមពិត មនុស្សត្រូវ ប្រុងប្រយ័ត្នគ្រប់វិនាទីដែលខ្លួននៅមានខ្យល់ដង្ហើមដក ការយល់ដឹងថាគ្រោះថ្នាក់ក្រោយពីហេតុស្លាប់កើតឡើង ចាត់ជាសេចក្តីប្រមាទដែលមនុស្សម្នាក់ៗត្រូវតែសិក្សាឈ្វេងយល់ដល់គ្រោះភ័យកំបាំងដែលនៅជុំវិញខ្លួន
ហេតុការណ៍មានមនុស្សស្លាប់ជាមេរៀនប្រាប់ដំណឹងមុនដល់យើងថាជីវិតមនុស្សជាធម្មជាតិមិនទៀង មានសភាព ប្រែប្រួលគ្រប់វិនាទី មនុស្សត្រូវហ្វឹកហាត់អប់រំសតិស្មារតីឲ្យបានល្អដើម្បីជាខែលការពារគ្រោះថ្នាក់ទាំងឡាយដែល នឹងកើតឡើងនៅឯភ្នែក ព្រោះថាធម្មជាតិតែងមានមុខ ២ ជាដរាប គឺ វិជ្ជមាន និង អវិជ្ជមាន បូក និង លុប សុខ និង ទុក្ខ បើមានសុខត្រូវតែមានទុក្ខ ជាសភាវធម៌ដែលនៅលាយឡំនឹងជីវិតមនុស្សគ្រប់ដង្ហើមចេញចូល ។
សារពើវត្ថុដែលនៅជុំវិញខ្លួនយើងទាំងមានជីវិតនិងឥតជីវិតតែងមានទាំងគុណនិងទោស បុគ្គលអ្នកមានបញ្ញាប៉ុណ្ណោះ ដែលអាចពិចារណាឃើញគុណហើយចៀសវាងទោសបាន ឯបុគ្គលដែលអប្បញ្ញាតែងមើលឃើញទោសទៅជាគុណ វិញ ព្រោះវិជ្ជាឬអវិជ្ជាជាឫសគល់បែបនេះ សុខនិងទុក្ខទើបកើតលាយឡំនឹងជីវិតមនុស្សជាដរាប ។
ស្ពានកោះពេជ្រនោះត្រូវមនុស្សខ្មែរជាច្រើនដែលមិនសប្បាយចិត្តនឹងហេតុការណ៍នោះសន្មតនាមឲ្យជាថ្មីថា ស្ពាន កោះពេជ្ឈឃាត មូលហេតុដែលត្រូវសន្មតនាមដូច្នេះ ព្រោះវាជាហេតុសម្លាប់មនុស្សអស់ជាច្រើន អ្នកខ្លះក៏ហៅថា ស្ពានតាយហោង ចំណែកឯស្មេរវិញ គង់នឹងមិនហ៊ានហៅឲ្យឃ្លាតចេញពីឈ្មោះដើមនោះទេ ប៉ុន្តែគ្រាន់តែយកពាក្យ ថា "លង"មកតភ្ជាប់ពាក្យថា "កោះពេជ្រ" ប៉ុណ្ណោះ ពោលគឺ ស្មេរហៅថា "ស្ពានកោះពេជ្រលង" ព្រោះជាស្ពាន ដែលលងប្រជាជាតិខ្មែរឲ្យភ័យខ្លាចរន្ធត់ជាទូទៅ សូម្បីតែអ្នកបួសក៏កើតធម្មសង្វេគដែរកាលបើឮដំណឹងថាមាន មនុស្សស្លាប់អស់ជាច្រើនដូច្នោះ ។
រូបភាពនៃមនុស្សស្លាប់នៅលើស្ពានកោះពេជ្រនេះគង់នឹងលងបន្លាចប្រជាពលរដ្ឋខ្មែរឲ្យចម្រើនមរណានុស្សតិទៅ អស់កាលជាយូរអង្វែង ទម្រាំងនឹងបានស្ងប់ចិត្ត ឬ ផុតរលត់ពីលោកនេះទៅ ។
ហេតុនោះ សេចក្តីប្រមាទពិតជាហេតុនៃសេចក្តីស្លាប់ដូចយ៉ាងព្រះតម្រាស់របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់មែន ។
សូមបញ្ចេញវិចារ!
បញ្ចេញវិចារដោយKEO Pheakdey ក្នុងខែវិច្ឆិកា 22, 2011 នៅម៉ោង 8:41am ស្ពានមច្ជុរាជតែពពួកមនុស្សប្រភេទសត្វមមាចតែងតែចូលចិត្តរោមភ្ឡើង។
បញ្ចេញវិចារដោយរកសុខ ក្នុងខែធ្នូ 7, 2010 នៅម៉ោង 1:54am ខ្ញុំ កូណាសូមថ្វាយបង្គំ គុណម្ចាស់ ព្រះមហាភិរម្យ !!!
សាធុ សាធុ សាធុ !!!! ប្រពៃណាស់ទាន សង្ឃដីកា អធិប្បាយពន្យល់យ៉ាងក្បោះក្បាយរបស់
គុណម្ចាស់ស្ដីអំពីស្ពានកោះពេជ្រលង ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សគួរឱ្យសែន
រន្ធត់ក្រៃ ចំនឹងថ្ងៃបញ្ចប់នៃព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ
នាថ្ងៃទី ២២ ខែវិច្ឆកា ឆ្នាំ ២០១០ ព្រមទាំងបានទុកដល់នូវមេរឿនដ៏ជូរចត់ដល់ប្រជារាស្រ្តខ្មែរ
យើងគ្រប់គ្នាសម្រាប់គិតពិចារណា ថាតើស្ពានកោះពេជ្រ ជាអ្នកសម្លាប់ ឬ ក៏ មានអ្នកសម្លាប់
ដោយប្រយោល បានជ្រើសយកទីស្ពានកោះពេជ្រនេះដើម្បីសម្លាប់ខ្មែរ? រួចហើយទើបអាច
បណ្ដាលឱ្យមានឈ្មោះអាក្រក់ ដាក់ងារស្ពានកោះពេជ្រ ស្ពានចង្រៃ ឬ ស្ពានលង..... គួរឱ្យ
សិក្សានិងចងចាំទុកទៅអនាគត ប្រសិនបើអ្នកសម្លាប់បានត្រៀមលក្ខណៈនៅកន្លែងផ្សេង
ម្លេះសមស្ពានកោះពេជ្រដ៏ស្រស់សង្ហាស្អាតនេះនឹងមិនបានក្លាយនិងទទួលនូវភាពអាម៉ាស់
ដោយអយុត្តិធម៌ដូច្នោះទេ ណ្ហើយ ប្រសិនបើពោលដោយខ្លី អ្វីៗក្នុងលោកនេះ គឺ មានកម្មជា
អ្នកចាត់ចែងជាស្រេច ។
សរុបមក នៅក្នុងបំណកស្រាយរបស់គុណម្ចាស់ព្រះមហាភិរម្យ ខ្ញុំកូណា ខ្ញុំបាទ មានទស្សនៈ
ថាអ្នកខ្មែរគ្រប់គ្នាមិនត្រូវដាក់កំហុសឬបន្ទាសទៅលើស្ពានកោះពេជ្រទេ ពិសេសគ្នាឥតវិញ្ញាណ
ទៀតផង ផ្ទុយទោវិញអ្នកខ្មែរដែលរស់នៅម្ដុំស្ពាន គួរណាស់តែសប្បាយអរគុណដល់ស្ពាននោះ
ទើបប្រសើរ ។
រីឯចំពោះធម៌ប្រមាទ គុណម្ចាស់ព្រះមហាភិរម្យបានសំដែងពន្យល់យ៉ាងជាក់ច្បាស់ណាស់ ។ ក្នុងន័យដ៏ទូលំទូលាយនេះ ខ្ញុំ កូណា ខ្ញុំបាទ គ្រាន់តែមានបំណងចង់បន្ថែមដោយពិតថា ប្រសិន
បើមានគ្រោះថ្នាក់ ឬ ដួលបណ្ដាលឱ្យបាត់បង់ជីវិតស្លាប់នៅទីណា កុំមានអារម្មណ៍គិតបន្ទោស
ទៅទីកន្លែងនោះជាអ្នកសម្លាប់អ្នក !! ដូចក្នុងករណីលើស្ពានកោះពេជ្រជាឧទាហរណ៍បញ្ជាក់
ច្បាស់ស្រាប់ ៕
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំព្រះករុណា ខ្ញុំបាទ
រកសុខ
បញ្ចេញវិចារដោយព្រះមហាភិរម្យ ក្នុងខែធ្នូ 6, 2010 នៅម៉ោង 2:33am
បញ្ចេញវិចារដោយព្រះមហាភិរម្យ ក្នុងខែធ្នូ 6, 2010 នៅម៉ោង 1:56am
បញ្ចេញវិចារដោយរកសុខ ក្នុងខែធ្នូ 5, 2010 នៅម៉ោង 6:16am ខ្ញុំ កូណា សូមថ្វាយបង្គំ គុណម្ចាស់ ព្រះមហាភិរម្យ!!
ខ្ញុំកូណា សូមប្រគេន សំណួរ ៈ ស្ពានកោះពេជ្រត្រូវបានសាងសង់ដោយមនុស្សសោះ ដល់
មានហេតុភេទគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់ជីវិតរាប់រយនាក់ បែរទៅបន្ទាសថាចេះថាចុះរហូត
ដល់ហ៊ានពោលថាស្ពានកោះពេជ្រចង្រៃ ហើយសហាវណាស់ ។ មន្ទិលរបស់ខ្ញុំកូណានៅត្រង់
ថា មនុស្សយើងមានបញ្ញាជាតួសំខាន់ ចុះអ្នកដែលគិតថាស្ពានកោះពេជ្រចង្រៃ តើគាត់បាន
យកមកប្រើប្រាស់គិតពិចារណាឱ្យបានវែងឆ្ងាយដែរឬទេ? ឧទាហរណ៍មួយទៀត អ្នកដែលទទួល
រងគ្រោះដោយបុកឡានគ្នា.... កំពុងតែដើរៗ ស្រាប់តែដួលដាច់សរសៃឈាមស្លាប់នៅលើផ្លូវ
តើយើងត្រូវបន្ទោសដាក់កំហុសទៅលើ ផ្លូវ ឬយ៉ាងណា គុណម្ចាស់ !!!!
ដូចដែលខ្ញុំព្រះករុណាបានប្រគេនថ្វាយខាងលើនេះ សូមគុណម្ចាស់និមន្តបំភ្លឺដើម្បីខ្ញុំព្រះករុណា
បានយល់កាន់តែច្បាស់ តើការប្រហែសធ្វេស និង ប្រមាទពិតជាសេចក្តីស្លាប់ប្រាកដឬទេ ???
ដោយសេចក្តីគោរពដ៍ខ្ពង់ខ្ពស់
រកសុខ
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ