ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព.ស. ២៥៥៥ ជាឆ្នាំដែលពុទ្ធសាសនិកជនទូទាំងពិភពលោកប្រារព្ធឆ្លងពុទ្ធជយន្តី ២៦០០ ឆ្នាំ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រោះជាហេតុការណ៍ពិសេសដែលពិភពលោកគួររំលឹកនិងចងចាំ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឧទ្ទិសជីវិតផ្សព្វផ្សាយសច្ចធម៌ដែលព្រះអង្គរកឃើញអស់រយៈពេល ៤៥ ឆ្នាំ លុះដល់គម្រប់ខួបនៃការត្រាស់ដឹងរបស់ព្រះអង្គ ទើបប្រជាជនទូទាំងពិភពលោកដែលរាប់អានបូជាព្រះអង្គជាសរណៈទីពឹងនាំគ្នាសម្តែងកតញ្ញូតាធម៌ចំពោះព្រះបញ្ញាគុណ ព្រះវិសុទ្ធិគុណ និង ព្រះមហាករុណាគុណរបស់ព្រះអង្គ  មិនត្រឹមតែប្រជាជនសាមញ្ញធម្មតាទេដែលប្រារព្ធឆ្លងពុទ្ធជនយន្តី ២៦០០ ឆ្នាំនេះ សូម្បីតែអង្គការពិភពលោកដែលហៅថាអង្គការសហប្រជាជាតិក៏ប្រារព្ធឆ្លងពុទ្ធជយន្តីជាមួយនឹងពុទ្ធសាសនិកជនទូទាំងសកលលោកផងដែរ នាឱកាសពិសេសនៃពុទ្ធជយន្តី ២៦០០ ឆ្នាំនេះ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លៃងពាក្យពេចន៍ដែលមានគុណតម្លៃគួរដល់ការចងចាំនិងកត់ត្រាចារឹកទុកក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១១ ថា 

"ខ្ញុំមានចិត្តសោមនស្សត្រេកអរដែលបានចួលរួមប្រារព្ធឆ្លងឱកាសដ៏ប្រកបដោយសិរីមង្គលនេះជាមួយនឹងអ្នកទាំងអស់គ្នាទាំងជាការប្រារព្ធឆ្លងដើម្បីខ្លួនខ្ញុំផ្ទាល់ផង ត្បិតថា ម្តាយរបស់ខ្ញុំក៏ជាពុទ្ធសាសនិកជនម្នាក់ ខ្ញុំនៅចាំបានយ៉ាងច្បាស់ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជួយជម្រុញទឹកចិត្តខ្ញុំក្នុងយុវវ័យ គុណតម្លៃនៃបញ្ញាស្មារតី មេត្តាករុណា និង សន្តិភាព ពាក្យប្រៀនប្រដៅដ៏មានគុណតម្លៃទាំងនេះបានអប់រំបន្ទំនិស្ស័យដល់យុវភាពរបស់ខ្ញុំយ៉ាងច្រើនដែលជាផ្នែកមួយជួយជម្រុញទិសដៅជីវិតរបស់ខ្ញុំឲ្យងាកទៅចាប់

អារម្មណ៍ក្នុងការងារផ្នែកសង្គម កាលពី ៣ ឆ្នាំមុន ខ្ញុំបានមានឱកាសទៅទស្សនាសំវេជនីយស្ថានមួយ គឺ លុម្ពិនីវ័នដែលជាទីប្រសូតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងប្រទេសនេប៉ាល ខ្ញុំដើរទៅជុំវិញបរិវេណដ៏សក្តិសិទ្ធិនេះនិង នឹកជ្រះថ្លាក្នុងចិត្តយ៉ាងខ្លាំងដែលព្រះអង្គបង្រៀនឲ្យស្រឡាញ់សេចក្តីស្ងប់ ព្រះពុទ្ធសាសនានិងអង្គការសហប្រជាជាតិមានគោលដៅដូចគ្នា គឺ សន្តិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្សសម្រាប់មនុស្សជាតិទាំងមូល ព្រោះហេតុនោះបានជារយៈពេលជាង ១០ ឆ្នាំកន្លងមកមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តឆន្ទាមតិលើកតម្កើងថ្ងៃវិសាខបូជាឲ្យជាថ្ងៃសំខាន់សកលលោក នៅពេលនោះ  អ្នកតំណាងភាគីពុទ្ធបរិស័ទរបស់ប្រទេសសិរីលង្កាបានថ្លែងអមតវាចាយ៉ាងកងរំពងថា 'អ្នកដឹកនាំអាចដឹកនាំឲ្យឈ្នះសង្រ្គាមលើមនុស្សរាប់លាននាក់បាន ប៉ុន្តែអ្នកដឹកនាំដែលធំធេង គឺ អ្នកដែលអាចយកឈ្នះខ្លួនឯងបាន' ពាក្យពេចន៍នេះរំលឹកឲ្យខ្ញុំនឹកឃើញដល់ពាក្យបារព្ធខាងដើមនៃធម្មនុញ្ញយូនិស្កូ(UNESCO) ថា នៅពេលសង្គ្រាមកើតឡើងក្នុងចិត្តរបស់មនុស្សយើង ខាងក្នុងចិត្តមនុស្ស ក៏ត្រូវតែកសាងរបាំងការពារសេចក្តីស្ងប់ដែរ ពិភពលោករបស់យើងពោរពេញទៅដោយសង្រ្គាមនិងជម្លោះ អង្គការសហប្រជាជាតិមានតួនាទីខិតខំកសាងសុខសន្តិភាពឲ្យបានរឹងមាំដល់ពិភពលោក ដោយអនុវត្តតួនាទីបែបសម្របសម្រួល បើកកិច្ចចរចា និង កសាងទំនាក់ទំនងការទូត ដើម្បីសម្រុតសម្រាលលក្ខខណ្ឌនៃជម្លោះចលាចល ទុរ្ភិក្សភ័យ និង ទុគ្គតភាពដែលបណ្តាលមកពីអសមភាពនិងអយុត្តិធម៌សង្គម រហូតដល់ប្តេជ្ញាការពារធម្មជាតិនិងបរិស្ថានឲ្យស្ថិតស្ថេរគង់វង្ស បានជាទីពឹងអាស្រ័យរបស់យើងទៀតផង ក្នុងមហាវីរិយភាពរបស់យើងនេះ យើងអាចសិក្សាឈ្វេងយល់ពីប្រភពពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ប្រមាណជា ២៦០០  ឆ្នាំ កន្លងមកដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹង អ្វីដែលព្រះអង្គត្រាស់ដឹងនោះចាត់ជារឿងជឿនលឿនណាស់ ព្រះអង្គបានបង្រៀនដល់ទំនាក់ទំនងគ្នារវាងមនុស្ស និង មនុស្ស សព្វថ្ងៃនេះយើងសង្កេតឃើញបានយ៉ាងច្បាស់ថា អ្វីដែលព្រះអង្គបានបង្រៀនក្លាយជាការពិត  យើងទាក់ទងគ្នាតាមដំណើរផ្លូវអាកាស តាមទូរសព្ទ និង តាមបណ្តាញសង្គមអន្លាញ យើងម្នាក់ ៗសុទ្ធតែងាយរងគ្រោះមហន្តភ័យគំរាមគំហែងផ្សេង ៗ ដូចជា ជម្ងឺរាតត្បាត ចំហាយពុលផ្នែកបរិស្ថាន និង គ្រោះធម្មជាតិទាំងពួង  យើងអាចយកឈ្នះបញ្ហាទាំងអស់នេះបានដោយការសហការគ្នាដើម្បីមនុស្សជាតិទាំងមូល យើងប្រឈមមុខនឹងជោគវាសនារួមគ្នា កាលពី ២៦០០ ឆ្នាំកន្លងមក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្រៀនអំពីជីវិតនិងបរិស្ថានថាជាធម្មជាតិអាស្រ័យគ្នាទៅវិញទៅមក សព្វថ្ងៃនេះ យើងដឹងហើយថា វិធីការដែលយើងប្រព្រឹត្តបដិបត្តិចំពោះពិភពផែនដីរបស់យើងនោះបានមានផលប៉ះពាល់ដល់យើងដោយផ្ទាល់ កាលបើយើងបំពុលប្រភពផ្លូវទឹក ឬ បង្ហិនបង្ហោចធនាកររបស់យើង យើងក៏ទទួលផលវិបាកនៃទង្វើរបស់យើង ផ្ទុយទៅវិញ បើយើងជួយគ្នាថែរក្សាការពារបរិស្ថាននិងធម្មជាតិ យើងមុខជានឹងទទួលបានអានិសង្សនៃទង្វើល្អនេះមិនខាន ២៦០០ ឆ្នាំកន្លងមក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្រៀនធម៌អហិង្សានិងបង្រៀនឲ្យគោរពជីវិតសព្វសត្វស្មើនឹងជីវិតខ្លួន សព្វថ្ងៃនេះ យើងហាក់ស្ថិតនៅឆ្ងាយពីការយល់ដឹងអរិយសច្ចធម៌ទាំងនេះ ប៉ុន្តែយើងយល់ថាកិច្ចការនេះជាកិច្ចការបន្ទាន់ទាន់ហន់ ហេតុនោះបានជាយើងត្រូវធ្វើការងារនេះដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍(Millennium Development Goals) ពោលគឺ យើងលើកស្ទួយការយោគយល់គ្នាទៅវិញទៅមក និង ខំប្រឹងដោះស្រាយជម្លោះដោយសន្តិវិធី  ទោះបីព្រះពុទ្ធសាសនាមានអាយុកាលជាង ២៦ សតវត្សរ៍កន្លងមកហើយក៏ដោយ ប៉ុន្តែព្រះពុទ្ធសាសនានៅតែមានឥទ្ទិពលរហូតមកដល់សព្វថ្ងៃនេះដដែល  ហេតុនោះការដែលយើងប្រារព្ធឆ្លងពុទ្ធជយន្តី ២៦០០ ឆ្នាំនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ជាការក្រើនរំលឹកយើងរាល់ ៗគ្នាឲ្យយល់ដឹងដល់គោលធម៌មួយរបស់ព្រះអង្គ គឺ ខន្តីធម៌  ពោលគឺ ឲ្យយើងចេះគោរពគ្នាគ្រប់សាសនាទាំងអស់ និងជួយធ្វើការងារដើម្បីសុខមាលភាពរបស់មនុស្សជាតិទាំងមូល" អានអត្ថបទជាភាសាអង់គ្លេស

ពុទ្ធជយន្តី ប្រែថា ថ្ងៃខួបជ័យជម្នះរបស់ព្រះពុទ្ធជាម្ចាស់ ពោលគឺ ថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងឯង ។

ទោះបីព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានអស់រយៈពេល ២៥៥៥ ឆ្នាំកន្លងទៅហើយក៏ដោយ ប៉ុន្តែអ្វីដែលព្រះអង្គបានបង្រៀនប្រៀនប្រដៅនៅតែទំនើបទាន់យុគសម័យដដែល ព្រោះអ្វី ៗដែលព្រះអង្គបង្រៀននោះសុទ្ធតែជាសច្ចធម៌ដែលហួសវិស័យនឹងមនុស្សបុថុជ្ជនណា ៗនឹងអាចកាច់បំបាក់បាន ឲ្យតែហៅថាជីវិតសុទ្ធតែទាក់ទងនឹងគោលធម៌ដែលព្រះអង្គរកឃើញទាំងអស់ ការសិក្សាឈ្វេងយល់រាល់បញ្ហានិងប្រភពបញ្ហាដែលមនុស្សនៅពាក់ព័ទ្ធជាមធ្យោបាយឈានទៅរកការដោះស្រាយបញ្ហាទាំងនោះដោយបញ្ញាយល់ដឹង សមដូចពុទ្ធតម្រាស់ថា វីរិយេន ទុក្ខមច្ចេតិ ដោះស្រាយបញ្ហាបានដោយសេចក្តីប្រឹងប្រែង ។

Views: 155

ឆ្លាក: វិសាខបូជា

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

បញ្ចេញវិចារដោយUOONG SOK ក្នុងខែឧសភា 11, 2012 នៅម៉ោង 5:10pm

ខ្ញុំព្រះករុណាចូលចិត្តជាខ្លាំង..!

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service