ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

កំណើតជាតិសាសន៍និយម(2)

តមកនៅពេលចប់សង្រ្គាម ព្រះបាទទុដ្ឋគាមណីទ្រង់ស្លុតព្រះទ័យថា មានមនុស្សស្លាប់ជាច្រើនព្រោះគ្រោះភ័យសង្រ្គាម នៅគ្រានោះ ព្រះអរហន្ត ៨ រូប ដែលជាតំណាងរបស់ព្រះអរហន្តដែលអាស្រ័យនៅលើកោះបិយង្គុ បានចូលគាល់ និង ថ្វាយពាក្យណែនាំព្រះអង្គថា ម្នាលមហាបពិត្រ ! ការធ្វើសង្រ្គាម​នេះមិនបានទើសទាស់នឹងការចូលដល់ឋានសួគ៌ទេ ព្រោះកម្មរបស់ព្រះអង្គគ្រាន់តែជាសាមញ្ញកម្ម មិនមែនជាគរុកម្មទេ​ ព្រះអង្គគ្រាន់តែប្រហារជីវិត​មនុស្សស្ទើរមនុស្សប៉ុណ្ណោះ ពោលគឺ មនុស្សមួយតាំងនៅក្នុងព្រះរតនត្រ័យ មនុស្សមួយទៀតតាំងនៅក្នុងសីល ៥ ទើបឈ្មោះថាជាមនុស្ស ក្រៅពីនេះ គ្រាន់តែជាមនុស្សស្ទើរមនុស្ស ចំណែកអ្នកមានគំហើញខុសនិងប្រកបអកុសលកម្ម តែងមិនផុតពីភពនៃសត្វតិរច្ឆាន សម្រាប់មហាបពិត្រ ព្រះអង្គ​ជា​សាសនូបត្ថម្ភក៍ច្រើនប្រការ សូមមហាបពិត្រកុំព្រួយព្រះទ័យឡើយ ។

គម្ពីរមហាវង្សជាក្បួនច្បាប់សំខាន់របស់លង្កាពោលថា នេះជាពាក្យសម្តីរបស់ព្រះអរហន្តទាំង ៨ រូប ប៉ុន្តែពាក្យបង្រៀននេះផ្ទុយស្រឡះនឹងពុទ្ធវចនៈ ទើបជារឿងពិបាកណាស់សម្រាប់ពួកយើងជំនាន់ក្រោយដែលនឹងជឿឬបដិសេធថា ព្រះអរហន្តដែលមានជីវិតនៅក្នុងយុគសម័យនោះបានពោល​ពាក្យនោះទុកមែន ប៉ុន្តែអះអាងថា អ្នកតែងគម្ពីរមហាវង្សនោះ គឺ ព្រះមហានាមថេរ ដែលមានជីវិតរស់នៅក្នុងពុទ្ធសតវត្សទី ១០ បានកត់ត្រាពាក្យ​ពេចន៍​បែបនេះពិតមែន សម្តែងឲ្យឃើញថា ព្រះថេរៈតូចធំនិងឃរាវាសក្នុងយុគសម័យនោះបានទទួលស្គាល់គោលគំនិតបែបនោះ ។

ស្នាដៃដែលនិយាយដល់ការស្តារឯករាជ្យជាតិនិងសាសនាក្នុងយុគសម័យនោះ បានទទួលសេចក្តីចងចាំថាជារឿងសំខាន់និងមានគុណតម្លៃ រហូតដល់​ជនជាតិលង្កាទាំងបព្វជិតនិងគ្រហស្ថជឿថា ការសម្លាប់ជីវិតមនុស្សដទៃដើម្បីរំដោះឯករាជ្យនិងលើកស្ទួយព្រះសាសនានោះមិនមែនជារឿងអាក្រក់ទេ រឿងដែលបានទទួលពីភស្តុតាងនេះ គឺ ព្រះសង្ឃក្នុងយុគសម័យនោះថាបានពិចារណាឃើញថា កាតព្វកិច្ចខ្ពង់ខ្ពស់ គឺ ការការពារប្រទេសជាតិ និង សាសនា ចាត់ជារឿងសំខាន់ស្មើ ៗ គ្នា ។

ក្នុងរជ្ជកាលព្រះបាទទុដ្ឋគាមណី មានឧទាហរណ៍ជាច្រើនអះអាងថា ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ផ្នែកលើកស្ទួយវប្បធម៌ស្រីលង្កា ដូចជា ភិក្ខុជាច្រើនរូបមានចំណេះដឹងនិងជំនាញខាងស្ថាបត្យកម្ម គម្ពីរមហាវង្សបានពោលថា ព្រះអរហន្តជាអ្នករចនាម៉ូដលោហប្រាសាទ ៩ ជាន់ តាម​ពាក្យទូល​និមន្តរបស់ព្រះបាទទុដ្ឋគាមណី  ចំណែកខាងធាតុមន្ទីរក្បែររុវន្វេលិសេយចេតិយ រចនាម៉ូដោយព្រះអរហន្តព្រះនាមថា ឥន្ទគុត្ត លោកជាទី​ប្រឹក្សាក្នុងការកសាងព្រះរាជវាំងទៀតផង ក្រៅពីនោះ ភិក្ខុសង្ឃនៅធ្វើមុខងារជាកម្មករជួយការងារជាងដោយការជញ្ជូនឥដ្ឋ និង ស៊ីម៉ង់ត៍ ។

ចាប់តាំងពីយុគសម័យព្រះបាទទុដ្ឋគាមណីជាដើមមក ព្រះសង្ឃមានចំណែកយ៉ាងសំខាន់ខាងព្រះសាសនានិងនយោបាយច្រើនឡើង ដូចជា ការជ្រើសរើស ឬ ការតែងតាំងព្រះមហាក្សត្រ គម្ពីរមហាវង្សបានកត់ត្រាទុកថា ក្រោយពីការសោយទិវង្គតរបស់ព្រះបាទសទ្ធាតិស្ស រាជកុមារ​លជ្ជតិស្សសមគួរបានឡើងជាក្សត្រគ្រងរាជ្យនៃលង្កា ប៉ុន្តែព្រះសង្ឃប្រជុំគ្នាឯថូបារាមចេតិយ បានជ្រើសរើសព្រះរាជកុមារថុល្លធនជាព្រះ​មហា​ក្សត្រ​ជំនួសវិញ ។

តមក នៅយុគបោឡោន្នារុវៈ ក្រោយពីការសោយទិវង្គតរបស់ព្រះបាទវិជ័យពាហុទី ១ (ព.ស.១៥៩៨-ព.ស.១៦៥៣) ព្រះកនិដ្ឋា ព្រះឱរសទាំង ៣ និងពួកអាមាត្យព្រមទាំងព្រះសង្ឃបានប្រជុំគ្នាជ្រើសរើសព្រះយុវរាជជាព្រះមហាក្សត្រអង្គថ្មី ក្រៅពីនោះ យុគកេណ្ឌីក្រោយការសោយទិវង្គតរបស់ ព្រះបាទរាជាធិរាជសិង្ហ(ព.ស.២៣២៥-ព.ស.២៣៤១)​ពួកសេនាអាមាត្យនិងព្រះមហាថេរបានប្រជុំគ្នាអញ្ជើញព្រះបាទស្រីវិក្រមរាជសិង្ហឡើង​គ្រង​រាជ្យជំនួស ។

Sir John D 'Oyly បានសម្តែងសេចក្តីយល់ឃើញថា មុនការផ្លាស់ប្តូរដ៏សំខាន់នឹងកើតឡើង ចាត់ជាប្រពៃណីក្នុងការប្រឹក្សាយោបល់ជាមួយនឹង​ព្រះមហាថេរ ករណីមានហេតុការណ៍ចលាចលកើតឡើង ច្រើនតែឃើញព្រះមហាថេរចាំឲ្យពាក្យណែនាំដល់ព្រះមហាក្សត្រដើម្បីបញ្ឈប់ហេតុ​ការណ៍​ចលាចលនោះជានិច្ច ។

ជារួម ឃើញថា តាំងពីយុគសម័យចាប់ផ្តើមប្រវត្តិសាស្រ្តរហូតដល់យុគសម័យបច្ចុប្បន្ន ព្រះសង្ឃចូលទៅមានចំណែកទទួលខុសត្រូវចំពោះ​ជាតិ​មាតុភូមិ​ជាច្រើនដង សូម្បីតែការជ្រើសរើសព្រះមហាក្សត្រឡើងគ្រងរាជ្យក៏ដោយ ។

Views: 151

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service