សរុបសេចក្តីនៃវិថីភាគខាងកើតនិងខាងលិច
វិថីគំនិតនិងវិថីជំនឿរបស់ជនជាតិបស្ចឹមប្រទេសនិងជនជាតិអាស៊ីមានប្រភពកំណើតផ្សេង ៗ គ្នា ការមានប្រភពកំណើតផ្សេងគ្នា នេះនាំមកនូវការមានទស្សនៈផ្សេងគ្នា វិថីគំនិតនិងវិថីជំនឿនីមួយ ៗអាចសមរម្យក្នុងតំបន់មួយប៉ុន្តែអាចមិនសមរម្យក្នុងតំបន់មួយទៀត ការនាំយកវិថីគំនិតនិងវិថីជំនឿទៅប្រើក្នុងតំបន់មួយអាចសមរម្យប៉ុន្តែក្នុងតំបន់មួយទៀតអាចមិនសមរម្យ យ៉ាងណាក៏ដោយ បុគ្គលដែលមានសេចក្តីយល់ដឹងអំពីវិថីគំនិតនិងវិថីជំនឿនោះយ៉ាងល្អគួរជ្រើសរើសយកមកប្រើក្នុងតំបន់របស់ខ្លួនឲ្យសមរម្យមិនមែនយកមកប្រើទាំងដុលឬទាំងស្រុងទេ វិធីល្អគួរយកមកផ្សែផ្សំនឹងរបស់ដើមដែលយល់ថាមិនទាន់ល្អកែសម្រួលឲ្យល្អនិងសមរម្យឡើង ផ្អែកលើមូលដ្ឋានផ្លូវកណ្តាល ស្គាល់ប្រមាណខ្លួនដោយអាស្រ័យចំណេះដឹងនិងគុណធម៌ ព្រោះហេតុនេះជនជាបណ្ឌិតគួរនាំយកចំណុចល្អនៃវិថីគំនិតនិងវិថីជំនឿដទៃមកសម្រួលបញ្ចូលគ្នានឹងវិថីគំនិតនិងវិថីជំនឿរបស់ខ្លួនឲ្យសមស្រប ពោលគឺ របស់ចាស់ណានៅល្អនិងប្រើបានផលល្អដល់វិថីជីវិតរបស់ខ្លួនគួរអនុរក្សនិងបដិបត្តិតរៀងទៅ ប៉ុន្តែបើរបស់ចាស់ណាមិនទាន់ល្អនិងមិនទាន់យុគសម័យទេបើអាចកែកុនបានក៏កែកុនឲ្យល្អនិងទាន់យុគសម័យឡើង ការចេះគិតយកចំណុចល្អនៃវិថីគំនិតនិងវិថីជំនឿដទៃមកប្រើនេះចាត់ជាវិធីគិតយ៉ាងឆ្លៀវឆ្លាតដែលខេមរជនគួរបណ្តុះបណ្តាលឲ្យផុសផុលឡើង ព្រោះប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសិល្បៈ វប្បធម៌ អក្សរសាស្រ្ត ប្រពៃណីទំនៀមទម្លាប់បុរាណយ៉ាងច្រើន ។
ការសិក្សាទស្សនវិជ្ជាគួរសិក្សាទាំង២ វិថី គឺ ទស្សនវិជ្ជាភាគខាងកើតនិងខាងលិចដើម្បីតាក់តែងគោលគំនិតរបស់ខ្លួនឲ្យពេញលេញឡើង ការសិក្សាតែមួយជ្រុងអាចធ្វើឲ្យទស្សនៈយល់ជ្រុលហួសទៅម្ខាង ៗ មិនឈរលើផ្លូវកណ្តាលដែលជាគោលសកល គួររំលឹកថា ទស្សនវិជ្ជាភាគខាងកើតសង្កត់ធ្ងន់លើចិត្តវិញ្ញាណ(ចិត្ត)ចំណែកខាងទស្សនវិជ្ជាភាគខាងលិចសង្កត់ធ្ងន់លើវត្ថុសម្ភារៈ (កាយ) ប៉ុន្តែចិត្តនិងកាយមិនអាចញែកចេញពីគ្នាបានទេ ហេតុនោះ ការសិក្សាឲ្យយល់ដឹងទាំង ២ វិថីចាត់ជាការល្អ និងមានប្រយោជន៍សម្រាប់ការយកមកប្រើប្រាស់ឲ្យបានសមរម្យក្នុងតំបន់របស់ខ្លួន ៗ ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានធ្វើជាគំរូដល់ពុទ្ធបរិស័ទត្រង់ចំណុចនេះ ពោលគឺ ព្រះអង្គត្រាស់បង្រៀនពុទ្ធបរិស័ទឲ្យបដិបត្តិតាមផ្លូវកណ្តាល គឺ មិនតឹងពេក និង ធូរពេក សមរម្យ សមស្របនឹងវិថីជីវិតបស់ខ្លួន ។
ការសិក្សាវិថីជំនឿធ្វើឲ្យយើងដឹងថា ប្រជាជនដែលរស់នៅចន្លោះខ្សែស្របអេក្វាទ័រទាំង ២ កាន់សាសនាផ្សេងគ្នា សូម្បីតែក្នុងសង្គមឬសហគមតែមួយ មនុស្សក៏មានជំនឿផ្សេងគ្នាដែរ នឹងបាច់ពោលទៅថ្វីដល់ពិភពលោកទាំងមូល សំខាន់បំផុត មនុស្សត្រូវយល់ថា ជំនឿគឺជារឿងចំពោះខ្លួនឬក្រុម មិនអាចហាមឃាត់ឬបង្ខិតបង្ខំគ្នានិងគ្នាឲ្យមានជំនឿដូចយ៉ាងខ្លួនបានទេ ការបង្ខំឲ្យអ្នកដទៃជឿដោយការគំរាមគំហែង ដោយចុងអាវុធ ដោយលុយកាក់ឬដោយវិធីលួងលោមណា ៗ ទោះបីបានកាយមកក៏ មែនពិត ប៉ុន្តែគង់នឹងមិនបានទឹកចិត្ត គឺ សទ្ធាពិតនោះឡើយ ។
ការយល់ដឹងទាំងរឿងរបស់ខ្លួនឯងនិងរឿងរបស់អ្នកដទៃចាត់ជាផ្លូវកណ្តាលដែលអ្នកសិក្សាគួរកសាងឲ្យមានឡើង ព្រោះនឹង នាំមកនូវប្រយោជន៍ គឺ សុខសន្តិភាព និង វឌ្ឍនភាពសង្គម ។

**********************************
© 2012 Created by ភិក្ខុធម្មានន្ទ.
មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ