ហេតុការណ៍ក្នុងសាមកុកបានចាប់ផ្តើមឡើងតាំងពីសម័យព្រះចៅឡេនតេ មហាក្សត្រអង្គទី ១១ នៃរាជវង្សហ័ន(Han Dinasty) គ្រងរាជ្យក្នុង គ.ស.១៦៧ ពេលនោះ អាមាត្យខ្ទើយវាតទីអំណាចក្នុងរាជសម្នាក់ ប្រទេសជាតិកើតចលាចល ព្រោះមហាក្សត្រមិនតាំងនៅក្នុងគុណធម៌ ផ្ទុយទៅវិញ ទ្រង់ត្រចៀកស ជឿស្តាប់ជនពាល ជាពិសេស ពួកអាមាត្យទាំង ១០ មន្រ្តីអាក្រក់បានល្អ មន្ត្រីល្អបានអាក្រក់ ប្រជាជនរងការជិះជាន់ ទុក្ខក្តៅក្រហាយសព្វកន្លែង ព្រោះហេតុនោះ ទើបកើតឧទ្ទាមឈ្នួតលឿងឡើងទូទាំងនគរ តាមពិត ឧទ្ទាមទាំងនេះ គឺជាចលនាបដិវត្តន៍ប្រជាជនដែលត្រូវការរើបម្រះចេញពីនឹមត្រួតត្រារបស់អ្នកដឹកនាំអាក្រក់ និមិត្តសញ្ញានៃ ការតស៊ូ គឺ ឈ្នួតលឿង (Yellow Turban) អ្នកដឹកនាំចលនា គឺ ទៀវកុក ជាអ្នកផ្តួចផ្តើមគំនិតជួយប្រជាជនឲ្យដោះនឹមចេញពីរបបគ្រប់គ្រងអាក្រក់ ចលនាបដិវត្តន៍ប្រជាជននេះចាប់ផ្តើមមានចំនួនច្រើនឡើងជារឿយ ៗ ពាសពេញផ្ទៃប្រទេសរហូតដល់អំណាចរាជសម្នាក់រង្គោះរង្គើ
ក្នុងកំលុងកលិយុគនោះ វីរបុរស ៣ នាក់ គឺ ឡៅពី កួនអ៊ូ ទៀវហ៊ុយ បានធ្វើពិធីសម្បថជាបងប្អូនស្លាប់រស់ក្នុងចម្ការព្រួនដើម្បីតស៊ូរំដោះប្រទេសជាតិក្នុងគ.ស. ១៨៤ ។
បរាជ័យនៃចលនាបដិវត្តន៍
ចំណេរកាលតមក ដោយសារការពួតដៃគ្នារបស់ចលនាស្ម័គ្រចិត្តពីភូមិភាគផ្សេង ៗ និងមន្រ្តីមួយចំនួន គាប់ជួននឹងទៀវកុកបាត់បង់ជីវិត ហើយក្រុមបដិវត្តន៍ឈ្នួតលឿងកើតជម្លោះផ្ទៃក្នុង ភាគីរដ្ឋទើបអាចបង្រ្កាបចលនានោះបានយ៉ាងរាបទាប ក្រុមបដិវត្តន៍ឈ្នួតលឿងឬដែលភាគីរដ្ឋហៅថា ឧទាមឈ្នួតលឿង ក៏ដល់ចំណុចអវសាន ។
បញ្ហាមិនទាន់ចប់ទេ កាលដែលព្រះចៅឡេនតេប្រឈួនខ្លាំងនិងក្ស័យព្រះជន្ម ពួកអាមាត្យខ្ទើយកាន់តែឆ្មើងកន្រ្ទើងឡើងក្នុងរាជវាំង ហោជិន ជាអ្នកកាន់ទាហានក្នុងវាំង សម្រេចចិត្តដោះស្រាយបញ្ហាដោយការកោះហៅមេទ័ពពីភូមិភាគផ្សេង ៗឲ្យចូលមករាជធានីដើម្បីបង្រ្កាបពួកអាមាត្យខ្ទើយទាំង ១០ ទោះបីត្រូវជំទាស់យ៉ាងខ្លាំងពីចូឆូដែលកាលនោះជាមន្រ្តីថ្នាក់ទាបយ៉ាងណាក៏ដោយ ។
បីសាចបង្ហាញកាយ
តាំងតុះជាចៅហ្វាយក្រុងស៊ីលៀង ជាជនដំបូងដែលលើកទ័ពមកដល់រាជធានី ហើយត្រូវហោជិនបើកផ្លូវឲ្យចូលក្រុងបាន ដោយសន្តានកក្ខឡៈ តាំងតុះក៏ឆក់ឱកាសក្តោបក្តាប់អំណាចក្នុងរាជសម្នាក់ និងធ្វើកក្ខឡកម្មជាច្រើន គំរាមកំហែងមន្រ្តីល្អ សម្លាប់មនុស្សយ៉ាងរង្គាល យកនាងស្នំរបស់ព្រះចៅឡេនតេមកបំពារបំពានតាមអំពើចិត្ត ។
នៅទីបំផុត តាំងតុះក៏ប្រើអំណាចទម្លាក់ហង់ជូពៀនជាព្រះរាជបុត្រច្បងហើយតាំងហង់ជូយៀបជាក្សត្រវិញនៅគ.ស.១៨៩ ។
ចូឆូត្រូវការបង្រ្កាបតាំងតុះទើបរួបរួមកងទ័ពទាំង ១៨ នគរ តាំងតុះកាលឃើញថា មិនអាចតស៊ូបាន ក៏ដុតក្រុងឡុកអៀងចោលហើយផ្លាស់ទៅនៅក្រុងតៀងអាន់នៅគ.ស. ១៩០ ចំណែកឯមេទ័ពទាំង ១៨ នគរបានបាក់បែកឈ្លោះប្រកែកគ្នា ទើបមិនអាចបង្រ្កាបតាំងតុះបាន ។
ល្បិចស្រីឈ្នះអ្វីគ្រប់យ៉ាង
តមក អងអ៊ុនបានប្រើល្បិចស្រីស្អាតដោយឲ្យនាងតៀវសៀនជាកូនធម៌ស្រឡាញ់លិប៉ោផង ស្រឡាញ់តាំងតុះផង រហូតដល់អ្នកទាំងពីរឈ្លោះប្រកែកគ្នាដណ្តើមនាង នៅទីបំផុត លិប៉ោក៏សម្លាប់តាំងតុះចោល ចាត់ជាការបិទឆាកជនផ្តាច់ការតាំងតុះដែលត្រូវមហាជនជេរប្រមាថទូទាំងនគរ ។
ក្រោយពីយុគសម័យតាំងតុះ អងអ៊ុនបានក្តាប់អំណាចក្នុងរយៈពេលខ្លី តមក ក៏ចាញ់ល្បិចលីឆុយ កុយគី ជាអតីតៈដៃស្តាំរបស់តាំងតុះ ផែនដីទើបស្ថិតនៅក្នុងកណ្តាប់ដៃចោរម្តងទៀត លុះលីឆុយ កុយគីបាក់បែកឈ្លោះប្រកែកគ្នា ព្រះចៅហៀនតេទើបយាងត្រឡប់ទៅក្រុងឡុកអៀង និងហៅចូឆូឲ្យចូលមកក្នុងនគរថ្វាយការរក្សាការពារ ចូឆូចូលក្តាប់ស្ថានការណ៍ក្នុងរាជធានីបាន ចលាចលទើបស្ងប់ស្ងាត់ ចូឆូទើបយាងព្រះចៅហៀនតេទៅក្រុងហ៊ូតូជារាជធានីថ្មីនៅគ.ស.១៩៦ ។
អួនសៀវពង្រីកឥទ្ធិពល
សម្រាប់ស្ថានការណ៍ក្នុងទីក្រុងភាគខាងជើង អួនសៀវជាមេទ័ពសក្តិភូមិដែលមានឥទ្ធិពលបំផុតបានប្រយុទ្ធឈ្នះកងស៊ុនចានជាមិត្រចាស់របស់ឡៅពី ហើយបានគ្រប់គ្រងដែនដីភាគខាងជើងស្ទើរទាំងស្រុងនៅគ.ស. ១៩៩ ។
ក្រោយមក ស៊ុនសេកជាចៅពញានៃនគរកាំងតាំងដែលមាននាមថា សៀវប៉ាអង អ្នករួបរួម ៨១ នគរភាគខាងកើតនៃទន្លេយែងស៊ីកៀងជាឯកភាព និងដែលបានសាងអាណាចក្ររបស់ខ្លួនឯងឡើង បានត្រូវកូនទាហានលបធ្វើឃាត ស៊ុនកួនជាប្អូនប្រុសទើបឡើងកាន់តំណែងជំនួសនៅគ.ស. ២០០ ។
ចូឆូឈ្នះអួនសៀវ
ក្នុងឆ្នាំដដែល ចូឆូបានប្រយុទ្ធឈ្នះអួនសៀវក្នុងសមរភូមិកួ-ត ដ៏ល្បីល្បាញ ទោះបីចូឆូមានកម្លាំងទ័ពតិចជាងអួន សៀវដល់ទៅ ១ ភាគ ១០ ធ្វើឲ្យចូឆូកាន់កាប់ដែនដីភាគខាងជើងស្ទើរទាំងស្រុងនៅគ.ស. ២០០ ក្លាយជាមេទ័ពលេខមួយជំនួសអួន សៀវ ដោយបានទទួលកម្លាំងទ័ពបន្ថែមជាច្រើន មុនពេលពង្រីកឥទ្ធិពលបន្តទៅបង្រ្កាបមេទ័ពល្បីជាច្រើនទៀត ដូចជា អួន ស៊ុត លីប៉ោ ជាដើម ហើយបានគ្រប់គ្រងភូមិភាគខាងជើងទាំងស្រុងនៅគ.ស.២០៧ ។
© 2018 Created by ភិក្ខុធម្មានន្ទ.
Powered by
You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!
Join ព្រះពុទ្ធសាសនាខ្មែរ