ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

មនុស្សរាល់យុគសម័យតាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បនេះសុទ្ធតែមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹង សាសនា សាសនាទើបមានសារៈសំខាន់និងឥទ្ធិពលចំពោះជីវិតមនុស្សយ៉ាងខ្លាំងតាំងពីកើតដល់ស្លាប់ ។ 

ដើម្បីឲ្យបានយល់អំពីដើមកំណើត វិវត្តនាការ ប្រវត្តិវង្សាវតារ ពាក្យប្រាមប្រៀន និង គំនោលជំនឿផ្សេង ៗ ដែលសាសនិកគួរបដិបត្តិក្នុងសាសនានីមួយ ៗ ចាំបាច់ត្រូវសិក្សាឈ្វេងយល់អំពីសាសនា ។ 

១)ចំណេះដឹងជាមូលដ្ឋានអំពីសាសនា

គោលគំនិត

  •  និយមន័យនៃពាក្យថា សាសនា បានដល់ ពាក្យប្រាមប្រៀន ដែលសាស្តាយកមកផ្សព្វផ្សាយ បង្ហាត់បង្រៀន ចែករំលែក សម្តែង ប្រកាសឲ្យមនុស្សវៀរចាកអំពើអាក្រក់ ធ្វើតែអំពើល្អ ដើម្បីទទួលបានសេចក្តីសុខសាន្តក្នុងជីវិតទាំងកម្រិតសាមញ្ញនិងសុខយូរអង្វែងដែលមនុស្សប្រកាន់បដិបត្តិតាមដោយគោរពនិងដោយសទ្ធា ទាំងត្រូវមានពិធីកម្ម មាននិមិត្តសញ្ញាខាងសាសនានិងពាក្យប្រាមប្រៀនខាងសាសនាទាំងកម្រិតលោកិយៈនិងលោកុត្តរៈ ។ 
  • មូលហេតុដែលនាំឲ្យកើតសាសនា គឺ បណ្តាលមកពីអវិជ្ជា សេចក្តីភ័យខ្លាច ភក្តីភាព តម្រូវការយល់ជាក់ច្បាស់ដល់សច្ចភាពនៃជីវិត និង តម្រូវការសុខសន្តិភាពរបស់សង្គម ដោយសារតែនានាភាពផ្នែកភូមិសាស្រ្ត បរិស្ថាន និង ជំនឿ ទើប នាំឲ្យកើតសាសនាជាច្រើនរូបបែប ។ 
  • កាលបើមនុស្សនាំយកគោលសាសនាទៅប្រព្រឹត្តបដិត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ នាំឲ្យកើតប្រយោជន៍យ៉ាងច្រើនដល់មនុស្ស និងជួយឲ្យសង្គមបានសុខសន្តិភាព ។ 

ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គ្មានយុគសម័យណានិងផៅអម្បូរណាដែលមិនគោរពកាន់សាសនាឡើយ ពិភពលោកសព្វថ្ងៃ មានប្រទេសច្រើនជាង ១៩០ និងប្រជានិករច្រើនជាង ៦០០០ លាននាក់សុទ្ធតែគោរពកាន់សាសនាទាំងអស់ ព្រោះហេតុនោះ សាសនាទើបមានឥទ្ធិពលនិងសាយភាយទូទៅក្នុងសង្គមមនុស្សរាល់យុគសម័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាល សាសនាទើបជាពាក្យដែលមនុស្សស្តាប់ឮមកយូរបំផុតនិងមានន័យសម្រាប់ជីវិតបំផុត ការដែលត្រូវសិក្សាឈ្វេងយល់ដល់ប្រវត្តិ វង្សាវតារនៃសាសនាផ្សេង ៗដែលមនុស្សជាតិគោរពរាប់អាននៅទូទាំងពិភពលោកចាត់ជាការចាំបាច់និងសំខាន់បំផុត ។

ស្មេរនឹងចុះផ្សាយប្រវត្តិវង្សាវតារនៃសាសនានីមួយ ៗទៅតាមលំដាប់ ស្រេចតែឱកាសនិងពេលវេលាដែលល្មមនឹងធ្វើកិច្ចការនេះបាន  

អត្ថន័យនៃសាសនា

ពាក្យថា សាសនា តាមអត្ថប្បដិរូបក្នុងភាសាបាលី ប្រែថា ពាក្យប្រាមប្រៀន ពាក្យបង្ហាត់បង្រៀន ពាក្យប្រៀនប្រដៅការគ្រប់គ្រង  ។ ពាក្យប្រាមប្រៀនញែកជា ២ ម៉ាត់ គឺ ពាក្យប្រាម សំដៅដល់ ពាក្យហាមប្រាម ឬបម្រាមឲ្យវៀរចាកអំពើអាក្រក់ ហៅថា សីលវិន័យ រីឯពាក្យប្រៀន សំដៅដល់ ពាក្យបង្រៀន ពាក្យណែនាំឲ្យធ្វើអំពើល្អ ដែលហៅថា ធម៌ កាលបើរួមបញ្ចូលទាំងពាក្យប្រាមនិងពាក្យប្រៀន សំដៅដល់ សីលធម៌ ហ្នឹងឯង ។ អ្នកខ្លះនិយាយថា មិនកាន់សាសនាទេ មានន័យថា មិនកាន់សីលធម៌ ។  

ពាក្យប្រាមប្រៀននេះមានធាតុផ្សំដូចតទៅនេះ 

១)ពោលដល់ជំនឿក្នុងអំណាចនៃអទិស្សមានកាយ គឺ អ្វីដែលមនុស្សមិនអាចមើលឃើញដោយភ្នែកទទេបាន 

 ក.សាសនាឥស្លាមនិងសាសនាគ្រិស្តជឿក្នងអំណាចនៃព្រះអាទិករ 

ខ.សាសនាព្រះពុទ្ធជឿអំណាចនៃកម្ម 

គ.សាសនាព្រាហ្មណ៍-ហិណ្ឌូជឿអំណាចនៃព្រះព្រហ្ម 

២)មានគំនោលសីលធម៌ ដូចជា បង្រៀនឲ្យលះបង់អំពើអាក្រក់ កសាងអំពើល្អ និងធ្វើចិត្តឲ្យស្អាតជាដើម

៣)មានគោលបំណងខ្ពង់ខ្ពស់ក្នុងជីវិត ដូចជា និព្វានក្នុងសាសនាព្រះពុទ្ធ ជីវិតយូរអង្វែងក្នុងសាសនាគ្រិស្តនិងសាសនាឥស្លាម មោក្ខធម៌ក្នុងសាសនាព្រាហ្មណ៍-ហិណ្ឌូជាដើម ។  

៤)មានពិធីកម្ម ដូចជា 

ក.ពិធីបព្វជ្ជានិងពិធីឧបសម្ប័ទក្នុងសាសនាព្រះពុទ្ធ

ខ.ពិធីទទួលសីលលាងបាប ពិធីសីលមហាស្និទ្ធ និង សីលកម្លាំងក្នុងគ្រិស្តសាសនា 

គ.ពិធីល្មាត ពិធីគោរពព្រះអាឡាក្នុងសាសនាឥស្លាម 

៥)មានបម្រិតអំពីភក្តីភាព 

២)ការគ្រប់គ្រង សំដៅដល់ ការគ្រប់គ្រងចិត្តរបស់ខ្លួនឯង ឃ្លាំមើលខ្លួនឯង ដាស់តឿនខ្លួនឯងជានិច្ច និងទទួលខុសត្រូវចំពោះទង្វើគ្រប់យ៉ាងរបស់ខ្លួន បុគ្គលដែលអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានតែងមិនធ្វើអំពើអាក្រក់ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ។

ពាក្យថា សាសនា តាមអត្ថប្បដិរូបក្នុងភាសាងអង់គ្លេស គឺ Religion មកពីប្រភពមូលសព្ទក្នុងភាសាឡាតាំងថា Religare  

ប្រែជាភាសាអង់គ្លេសថា To bind fast  គឺ ប្រកាន់ខ្ជាប់ បានដល់ ប្រកាន់មាំ ពោលគឺ ទាក់ទងយ៉ាងស្អិតរមួតជាមួយនឹង ព្រះអាទិទេព(God) ឬ ព្រះអាទិករ(Creator) ម្យ៉ាងទៀតថា Relegere ប្រែថា បដិបត្តិចំពោះ ឬ មានទំនាក់ទំនងដោយស្មារតី  ជាការបដិបត្តិខ្លួនដើម្បីសម្តែងជំនឿជឿកាន់និងខ្លាចក្រែងអំណាចអភិធម្មជាតិ អ្នកបស្ចឹមប្រទេសដែលកាន់សាសនាទេវនិយមច្រើនតែកាត់យល់សាសនាក្នុងបរិបទថា 

១)មានជំនឿថាព្រះអាទិទេពជាស្ថាបនិកផែនដី ទ្រង់ស្ថាបនាសព្វសារពើវត្ថុនិងសព្វសត្វទាំងពួង ។

២)មានជំនឿថា ពាក្យប្រាមប្រៀនផ្សេង ៗសុទ្ធតែបានមកពីព្រះអាទិទេពទាំងផ្នែកក្រមសីលធម៌និងក្រមច្បាប់ក្នុងសង្គម ពោលគឺ សីលធម៌និងច្បាប់ក្នុងសង្គមត្រូវបានព្រះអាទិទេពទ្រង់បញ្ញត្តឡើង ។

៣)មានគោលជំនឿមួយជាអចិន្រ្តៃយ៍ គឺ ចេះតែជឿទៅដោយពុំបាច់ពិសោធតាមគោលវិទ្យាសាស្រ្តឡើយ ប៉ុន្តែអាស្រ័យទៅលើទេវានុភាពរបស់ព្រះអាទិទេពដែលមានឥទ្ធិពលគ្រប់សង្កត់ខ្លួនជាក្រិត ។ 

៤)មានគោលការណ៍ប្រគល់កាយថ្វាយខ្លួន គឺ ប្រគល់ទង្វើរបស់ខ្លួននិងអ្វីក៏ដោយដែលទាក់ទងនឹងខ្លួនដល់ព្រះអាទិទេពដោយភក្តីភាព ។ 

ចំណែកឯពាក្យថា សាសនា តាមអត្ថប្បដិរូបនៃជនបូព៌ាប្រទេស(អាស៊ី) ជាពិសេស សាសនាព្រះពុទ្ធ សំដៅដល់ ពាក្យប្រាមប្រៀនរបស់អ្នកត្រាស់ដឹង ពាក្បប្រាម គឺ វិន័យសីល ពាក្យប្រៀន គឺ ធម៌ រួមហៅថា ធម្មវិន័យ ឬ សីលធម៌ ដែលមានអត្ថន័យផ្ទុយនឹងពាក្យថា Religion របស់លោកខាងលិច គឺ

១) មិនមានគោលជំនឿថា ព្រះអាទិទេពជាស្ថាបនិកផែនដីទេ ប៉ុន្តែមានគោលជំនឿថា កម្មជាស្ថាបនិកផែនដីនិងស្ថាបនាសព្វសារពើវត្ថនិងសព្វសត្វទាំងពួងតាមគោលការណ៍ថា កម្មុនា វត្តតី លោកោ លោក គឺ អ្វី ៗទាំងពួងតែងប្រព្រឹត្តទៅតាមកម្ម  ។

២)មិនមានគោលជំនឿថា ពាក្យប្រាមប្រៀនផ្សេង ៗសុទ្ធតែបានមកពីព្រះអាទិទេពទេ ប៉ុន្តែមានគោលជំនឿថា ពាក្យប្រាមប្រៀនផ្សេង ៗ ត្រូវបានអ្នកត្រាស់ដឹង គឺ ព្រះពុទ្ធទ្រង់បង្ហាត់បង្រៀនតាមគោលការណ៍ថា សព្ពបាបស្ស អករណំ, កុសលស្សូបសម្បទា, សចិត្តបរិយោទបនំ, ឯតំ ពុទ្ធាន សាសនំ គឺ មិនធ្វើអំពើបាបគ្រប់យ៉ាង, ធ្វើអំពើល្អឲ្យដល់ព្រម, ធ្វើចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធ នេះជាពាក្យប្រាមប្រៀនរបស់ព្រះពុទ្ធទាំងឡាយ

៣)មិនមានគោលជំនឿទៅតាមពាក្យប្រាមប្រៀនដោយពុំគិតដល់ការពិសោធទេ ប៉ុន្តែមានគោលជំនឿឲ្យពិសោធពាក្យ        ប្រាមប្រៀននោះ តាមគោលការណ៍ថា សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្ពោ វិញ្ញូហិ គឺ អ្នកបដិបត្តិគប្បីយល់ឃើញបានដោយខ្លួនឯង មិនកំណត់ដោយកាលវេលា ឬ យុគសម័យ សូមអញ្ជើញមកពិសោធមើលចុះ សូមលំឱនចូលមកក្នុងចិត្តមើលចុះ ដែលវិញ្ញូជនគប្បីយល់ដឹងបានចំពោះតែខ្លួនឯង

៤)មិនមានគោលការណ៍ប្រគល់កាយថ្វាយខ្លួនដល់ព្រះអាទិទេពទេ ប៉ុន្តែមានគោលការណ៍ប្រគល់ខ្លួនឲ្យដល់ខ្លួនឯង តាមគោលការណ៍ថា អត្តា ហិ អត្តនោ នាថោ គឺ ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង ។  

សរុបសេចក្តីថា សាសនាតាមនិយមន័យរបស់បូព៌ាប្រទេស ជាពិសេស សាសនាព្រះពុទ្ធត្រង់ពាក្យថា Religion មានដំណើរសេចក្តីទីទៃពីនិយមន័យរបស់បស្ចឹមប្រទេស ពាក្យថា សាសនាតាមនិយមន័យរបស់បូព៌ាប្រទេស ជាពិសេស សាសនាព្រះពុទ្ធមានគោលជំហរផ្អែកលើបញ្ញាប្រកបដោយហេតុនិងផលរវាងមនុស្សនិងធម្មជាតិ ចំណែកឯសាសនាតាមនិយមន័យ របស់បស្ចឹមប្រទេសមានគោលជំហរផ្អែកលើសទ្ធាឬជំនឿក្នុងអំណាចអភិធម្មជាតិដែលហេតុផលត្រូវអាស្រ័យលើជំនឿដោយពុំបាច់ពិសោធ ។  

ពាក្យថា សាសនា ទាំងជាប្រភេទទេវនិយមនិងអទេវនិយមមានន័យថា ពាក្យប្រាមប្រៀនដែលសាស្តានាំយកមកផ្សព្វផ្សាយ បង្ហាត់បង្រៀន ចែករំលែក សម្តែង ប្រកាសឲ្យមនុស្សវៀរចាកអំពើអាក្រក់ ធ្វើតែអំពើល្អដើម្បីទទួលបានសេចក្តីសុខក្សេមក្សាន្តក្នុងជីវិតទាំងជាសុខកម្រិតធម្មតានិងសុខយូរអង្វែងដែលមនុស្សប្រកាន់បដិបត្តិតាមពាក្យប្រាមប្រៀននោះដោយគោរព និង ដោយសទ្ធា ពាក្យប្រាមប្រៀននេះមានលក្ខណៈជាសច្ចធម៌ដែលមាននៅក្នុងធម្មជាតិដែលសាស្តាបានរកឃើញ ឬជាពាក្យពេចន៍ដែលសាស្តាបានទទួលមកពីព្រះអាទិទេព ។    

Views: 217

ឆ្លាក: សាសនសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service