ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា(1)

ព្រះពុទ្ធសាសនាក្នុងយុគសម័យមុស្លិមកាន់កាប់ ព.ស. ១៧០០-២២០០

បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាលក៏ស្ថិតនៅក្រោមការកាន់កាប់របស់រាជវង្សសេនាដែលស្ថាបនាដោយរាជវង្សលវសេនា(Lavasena)  ក្សត្ររាជវង្សនេះភាគច្រើនកាន់សាសនាឥណ្ឌូប៉ុន្តែក៏ទ្រង់ឧបត្ថម្ភព្រះពុទ្ធសាសនាខ្លះដែរ នៅខាងចុងរាជវង្សនេះ អាណាចក្រមគធៈនិងឥណ្ឌាភាគឧត្តរកណ្តាលទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពមុស្លិម ។

១.ការបំផ្លាញមហាវិទ្យាល័យនាឡន្ទា(Nalanda Demolition)

នៅខណៈដែលលទ្ធិពុទ្ធតន្រ្តៈកំពុងតែទទួលបានការបដិបត្តិយ៉ាងសុសសាយក្នុងឥណ្ឌាភាគខាងជើង ភាគកណ្តាល និងភាគខាងកើតក្នុងចំណោមប្រជាជនវណ្ណៈទាប ព្រះពុទ្ធសាសនាដើមក៏ដល់នូវហាយនភាពសាបសូន្យ កើតសទ្ធម្មប្បដិរូបផ្សែផ្សំ មានសេចក្តីបរិសុទ្ធតិច ចំណេរកាលតមក ក្សត្រមុស្លិមក៏ចាប់ផ្តើមខិតរំកិលកងទ័ពដ៏ស្កឹមស្កៃចូលកាន់កាប់ឥណ្ឌាភាគខាងជើងបានយ៉ាងដាច់ខាត ។

ព.ស. ១៧៤០ កងទ័ពមុស្លិមដឹកនាំដោយលោកមោហម្មតឃោរី(Mohammad Ghori) បានវិលត្រឡប់មកដើម្បីសងសឹកព្រះបាទ ប្រឹថពីរាជ(Prithaviraj) ព្រមដោយកងទ័ព ១២០០០០ នាក់ លើកកងទ័ពមកពីអាហ្វហ្គានិស្ថានហើយបានយកជ័យជម្នះលើកងទ័ពឥណ្ឌាបានត្រង់វាលបាណិភត្រក្បែរទីក្រុងញ៉ូដេលី ហើយម្តងនេះព្រះបាទប្រថពីរាជទ្រង់ចាញ់យ៉ាងអស់ជើងនិងក្ស័យព្រះជន្ម លើសមរភូមិ ព្រះមហេសីគ្រាន់តែទ្រង់ជ្រាបដំណឹងក៏លោតចូលភ្នក់ភ្លើងព្រមទាំងបរិវារ រហូតដល់ក្លាយជាប្រពៃណីស្រ្តីក្នុងសម័យតមក  ព្រះបាទជាយាចន្រ្ទាទ្រង់ជ្រាបដំណឹងហើយក៏ចាត់ត្រៀមចម្បាំង នៅទីបំផុត ទ្រង់ក៏បរាជ័យក្ស័យព្រះជន្មលើសមរភូមិដែរ ។ 

ព.ស. ១៧៤០ មោហម្មតឃោរីបានតែងតាំងកុដបុឌ្ឌិនអៃបាក់(Qutbuddin Aibak) មេទ័ពរបស់គេឲ្យគ្រប់គ្រងនគរឥន្ទបត្ថ(ដេលី) និងភូមិភាគដទៃទៀតដែលកាន់កាប់បាន អៃបាក់ក៏ពង្រីកចក្រពត្តិចេញទៅជារឿយ ៗ រដ្ឋគុជរ័តនិងរដ្ឋដទៃទៀតក្នុងឥណ្ឌាភាគកណ្តាលត្រូវបានភ្ជាប់បញ្ចូលមកក្នុងសម័យនេះ បន្ទាប់មកទៀត ពួកគេក៏លើកទ័ពទៅកាន់រដ្ឋពិហារ បានទទួលជ័យជម្នះលើព្រះបាទលវសេនាក្សត្រនៃបង្កល(Bengal) ទើបជាការបើកច្រកយ៉ាងស្រួលឲ្យដល់កងទ័ពមុស្លិមវាយសម្រុកបុកចូលឥណ្ឌាដូចយ៉ាងធ្លាយទំនប់ទឹក បានបំផ្លិចបំផ្លាញវត្តអារាមនិងទីកន្លែងសំខាន់ ៗរបស់ព្រះពុទ្ធសាសនា របស់ហិណ្ឌូ និង ជេន បានធ្វើគុតព្រះសង្ឃសាមណេរជាច្រើនម៉ឺនរូប ។

តមក នៅព.ស. ១៧៦៦ អ៊ិកតៀខិលជីដែលជាកូនប្រុសរបស់លោកបុកតៀខិលជីដែលជាមេទ័ពមុស្លិមម្នាក់ទៀតក៏បានចូលទៅដុតបំផ្លាញមហាវិទ្យាល័យនាឡន្ទាដែលជាមហាវិទ្យាល័យធំបំផុតរបស់ព្រះពុទ្ធសាសនាក្នុងសម័យនោះយ៉ាងរាបទាប មហាវិទ្យាល័យដ៏ធំស្កឹមស្កៃបានក្លាយទៅជាស្មសានសម្រាប់ភិក្ខុសាមណេរសមដូចកំណត់ហេតុរបស់លោកតារនាថជនជាតិទីបេតិ៍បានកត់ត្រាទុកថា

"កងទ័ពទើកមុស្លិមបន្ទាប់ពីទទួលជ័យជម្នះនិងគ្រប់គ្រងជម្ពូទ្វីបភាគខាងជើងនិងមគធរដ្ឋហើយ បន្ទាប់ពីនោះទៅ ក៏ចាប់ផ្តើមបំផ្លិចបំផ្លាញវត្តអារាម និងបូជនីយស្ថានរបស់ព្រះពុទ្ធសាសនាអស់ជាច្រើនសន្ធឹកសន្ធាប់ តមក ព.ស ១៧៦៦ កងទ័ពមុស្លិមដឹកនាំដោយអ៊ិកតៀខិលជីមួយអន្លើដោយទាហានសេះ ២០០ នាក់បានលើកទ័ពមកដុតបំផ្លាញមហាវិទ្យាល័យ នាឡន្ទា" ។

ភិក្ខុសង្ឃជាច្រើនរូបត្រូវបានសម្លាប់ចោលនិងខ្លះទៀតក៏រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងភាគច្រើនទៅអាស្រ័យនៅក្នុងនេប៉ាលនិងទីបេតិ៍ នៅខណៈដែលកងទ័ពមុស្លិមលើកទ័ពមក ៣០០ នាក់ លោកម្ចាស់ធម្មស្វាមិន(ធម្មសាមី)ជាភិក្ខុទីបេតិ៍និងលោកម្ចាស់រាហុលសិរីភទ្រមិនព្រមភៀសខ្លួនទេ ប៉ុន្តែសុខចិត្តសុគតនៅក្នុងមហាវិទ្យាល័យនាឡន្ទា ប៉ុន្តែក្រោយមក ទាំង ២ រូបទើបសម្រេចចិត្តរត់ទៅលាក់ខ្លួនក្នុងវត្តជ្ញាណនាថដែលបច្ចុប្បន្នហៅថា រុក្ខមិនិស្ថាន ដែលតាំងនៅឆ្ងាយពីមហាវិទ្យាល័យនាឡន្ទា ៣ គ.ម.  នៅពេលពួកទើកមុស្លិមវិលត្រឡប់ទៅវិញហើយ ទើបមានមនុស្សចេញមកជួសជុលនាឡន្ទាឡើងវិញ ដោយមានលោកមុទិតាភទ្រ(Muditabhadra)បានរៀបចំជួសជុលឡើងវិញ បន្ទាប់មក សេនាបតីដែនមគធៈឈ្មោះថា កុក្កដសិទ្ធិ បានបរិច្ចាគទ្រព្យកសាងវត្តឡើងវិញ ខាងក្នុងបរិវេណនាឡន្ទា នាឡន្ទាហាក់នឹងថាកំពុងតែរស់ឡើងវិញ ប៉ុន្តែចំណេរកាលតមក មានព្រាហ្មណ៍ ២ នាក់បានមកដល់បរិវេណនោះ ហើយរឹបអូសយកជាទីប្រកបពិធីបូជាយញ្ញ ដោយទម្រើសទ្រើសឃ្នង សាមណេរទើបកាន់ភាជនៈដួសទឹកលាងជើងជះស្រោចទៅលើពួកព្រាហ្មណទាំង ២ នោះ ពួកគេខឹងខ្លាំងណាស់ ១០ ឆ្នាំក្រោមមក ទើបមកដុតបំផ្លាញចោលម្តងទៀត បណ្ណាល័យរតនោទធិដែលនៅសល់ចុងក្រោយក៏ត្រូវដុតបំផ្លាញចោលអស់ហួសវិស័យនឹងជួសជុលបាន ទើបទុកបណ្តោយឲ្យបុះទ្រុឌទ្រោមកប់ដីទៅអស់រយៈពេល ៦២៤ ឆ្នាំ ។

Views: 236

ឆ្លាក: ពុទ្ធសាស្រ្ត

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service