ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ(1)

ក្នុងរជ្ជកាលព្រះបាទទេវានម្បិយតិស្ស (ព.ស.២៩៣-៣៣៣) ព្រះមហិន្ទត្ថេរនិងគណៈបាននាំយកព្រះពុទ្ធសាសនាចូលមកផ្សព្វផ្សាយក្នុងកោះលង្កា  ព្រះថេរៈមិនត្រឹមតែនាំយកសាសនធម៌មកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកវប្បធម៌ព្រះពុទ្ធសាសនាដែលមានសេចក្តីចម្រើនដល់កំពូលមកផង  លង្កានៅពេលនោះចាត់ជាដែនដីឱនថយខាងវឌ្ឍនកម្ម​ ប៉ុន្តែចំណេរកាលក្រោយមក ជនជាតិស្រីលង្កាក្លាយជាជនអំបូរដែលមានវឌ្ឍនកម្មខ្ពស់ ជាទីទទួលស្គាល់នៃជនបរទេសក្រោយពីទទួលយកព្រះពុទ្ធសាសនា វណ្ណកម្មព្រះពុទ្ធសាសនា សិល្បកម្ម ហត្ថកម្ម ស្ថាបត្យកម្ម នគរូបនីយកម្ម សិក្សាធិការ គុណភាពជីវិត សុខាភិបាល ចរិយធម៌ដើម្បីជីវិតថ្លៃថ្នូរ សេដ្ឋកិច្ច រួមទាំងនយោបាយ អ្វី ៗចម្រើនលូតលាស់ទៅយ៉ាងឆាប់រហ័សក្រោមពាក្យ ណែនាំចង្អុលបង្ហាញរបស់ព្រះមហិន្ទត្ថេរនិងគណៈ ។

ចេតនារបស់ព្រះមហិន្ទត្ថេរនោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាឲ្យឋិតថេរចេរកាលជាសាសនាប្រចាំជាតិនិងឲ្យជាមរតកបន្តវេនសម្រាប់ជនជាតិ​ស្រីលង្កានិងអ្នកអាស្រ័យនៅលើកោះនេះទាំងអស់ ប៉ុន្តែមិនមែនមានចេតនាបែបអ្នកផ្សាយសាសនាលោកខាងលិចដែលនាំគ្រិស្តសាសនាមកផ្សាយ​លើ​កោះលង្កានោះទេ  ព្រះមហិន្ទត្ថេរមិនត្រូវការឲ្យប្រកាន់យកលោកជាមូលដ្ឋាននិងគិតថាជាតិភូមិរបស់លោកសំខាន់ជាងសាសនាទេ ដោយ​ទស្សនគតិបែបនេះ   នៅពេលព្រះថេរៈសន្ទនាជាមួយនឹងព្រះបាទទេវានម្បិយតិស្ស​ ទើបប្រកាសថា ព្រះពុទ្ធសាសនានៅមិនទាន់ឋិតថេររឹងមាំនៅ​លើកោះលង្កាទេដរាបណាកុលបុត្រស្រីលង្កាមិនទាន់បានបួសនិងសិក្សារៀនសូធ្យព្រះធម្មវិន័យដោយសីហឡភាសា ទោះបីភស្តុតាងនេះមិនប្រាកដ មានក្នុងព្រះត្រៃបិដកក៏ដោយ ក៏ប៉ុន្តែបំណងប្រាថ្នារបស់ព្រះមហិន្ទត្ថេរចង់ឲ្យព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិរបស់ស្រីលង្កាក្លាយជាការពិត ចាប់តាំងពីពេលនោះមក ជនជាតិលង្កានិងព្រះពុទ្ធសាសនាមានឯកភាពជាធ្លុងមួយ មិនអាចញែកបំបែកចេញពីគ្នាបានទេ ព្រះពុទ្ធសាសនាក្លាយជា​សាសនា​ប្រចាំជាតិចាប់តាំងពីព្រះមហិន្ទត្ថេរបានផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងពុទ្ធសតវត្សទី ៣ មក រហូតដល់អវសានកាលនៃរាជវស្សលង្កា អស់រយៈ ពេលយូរដល់ទៅ ២២០០ ឆ្នាំ ។

ជនជាតិសិង្ហលមានជំនឿត ៗគ្នាមកថា រាជប័ល្ល័ង្កជាសិទ្ធិស្របច្បាប់របស់ពុទ្ធបរិស័ទ មិនមែនជារបស់សាធារណ៍ដល់សាសនិកដទៃទេ ជំនឿនោះ ប្រាកដច្បាស់ក្នុងសិលាចារឹករបស់ព្រះបាទមហិន្ទៈទី ៤(ព.ស. ១៤៩៩-១៥១៥) មានដំណើរសេចក្តីថា ព្រះពោធិសត្វប៉ុណ្ណោះមានសិទ្ធិស្របច្បាប់ក្នុង ការគ្រប់គ្រងប័ល្ល័ង្កផែនដីលង្កា មិនមែនពុទ្ធសាសនិកជនសាមញ្ញទេ ព្រោះតំណែងនេះបានទទួលរ៉ាប់រងនិងអះអាងពីព្រះពុទ្ធជាម្ចាស់ដោយផ្ទាល់ លើសពីនោះទៀត ភស្តុតាងនៅសង្កត់ធ្ងន់ទៀតថា អ្នកដែលនឹងក្លាយជាក្សត្រគ្រងប័ល្ល័ង្កតោងតែបានទទួលឆន្ទានុម័តិពីគណៈសង្ឃថា នឹងការពារព្រះពុទ្ធសាសនាប៉ុណ្ណោះ ទើបចាត់ទុកថាជាព្រះមហាក្សត្រស្របច្បាប់ ឃើញថា ការទទួលស្គាល់របស់គណៈសង្ឃមានចំណែកយ៉ាង​សំខាន់ក្នុងការជ្រើសរើសក្សត្រគ្រងរាជ្យ ។

គម្ពីរមហាវង្សបានចែងថា​ ពិធីរាជាភិសេកចាត់ធ្វើក្នុងវត្តកណ្តាលជំនុំគណៈសង្ឃដោយប្រកបពិធីកម្មខាងព្រះពុទ្ធសាសនា សិលាចារឹករបស់ព្រះបាទ និស្សង្កមល្ល(ព.ស.១៧៣០-១៧៣៩) បានកត់ត្រាទុកថា កោះលង្កាជាទ្រព្យសម្បត្តិរបស់ព្រះពុទ្ធសាសនា ព្រះមហាក្សត្រដែលមិនមែនជា​ពុទ្ធសាសនិក​បើទុកជារាជវង្សចោឡៈឬរាជវង្សកេលារៈក៏ដោយក៏គ្មានសិទ្ធិគ្រប់គ្រងប័ល្ល័ង្កលង្កាដែរ ។

សៀវភៅបូជាវលិយៈដែលនិពន្ធឡើងក្នុងពុទ្ធសតវត្សទី ១៨ បានអះអាងភស្តុតាងខាងដើមថា កោះលង្កាជាសម្បត្តិរបស់ព្រះពុទ្ធជាម្ចាស់ប៉ុណ្ណោះ ជាកំណប់ទ្រព្យរបស់ព្រះរតនត្រ័យ បុគ្គលដែលជាមិច្ឆាទិដ្ឋិក៍អាស្រ័យនៅលើកោះនេះតែងមិនគង់វង្សដូចជាពួកយក្សជាដើម ទោះបីមានក្សត្រក្រៅ​សាសនា​មកគ្របគ្រងកោះលង្កាអស់រយៈពេលខ្លីក៏ដោយ ក៏មិនគង់វង្សយូរអង្វែង នេះក៏ព្រោះតែពុទ្ធានុភាពនុះឯង កោះលង្កានេះជាសិទ្ធិរបស់​បុគ្គល​ជាសម្មាទិដ្ឋិក៍ដែលកាន់ព្រះពុទ្ធសាសនា  មរតកនេះត្រូវបានរក្សាបន្តវេនមកដោយជំនាន់មនុស្សនិងឋិតថេរគង់វង្សមកអស់កាលយូរអង្វែង ។ 

Views: 130

Comment

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service