ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

បុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។  សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្មនិង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជាអ្នក សមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយ​ អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អា ហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគវតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ


      ថ្ងៃ            ទេពធីតាមហាសង្រ្កាន              គឿ្រងអាភរណៈ

ថ្ងៃអាទិត្យ        ទុង្សាទេវី        សៀតផ្កាទទឹម​​    គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ  
អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។

ថ្ងៃចន្ទ័     
គោរាគទេវី   សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន     អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។

ថ្ងៃអង្គារ   រាគ្យសាទេវី  សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត 
អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ   ។

ថ្ងៃពុធ   មណ្ឌាទេវី  សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។

ថ្ងៃព្រហស្បតិ៍ កិរិណីទេវី  សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង
អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។

ថ្ងៃសុក្រ  កិមិរាទេវី  សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា
អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
 
ថ្ងៃសៅរ៍   មហោទរា  សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ
កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័នបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ
រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ...ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :

  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទីធ្លា​ដែល​គេ​ បាន​កំណត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​អោយ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើនឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗតែងនាំគ្នាធ្វើបុណ្យផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :

  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិសជាតំណាងចូឡាមណីចេតិយដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រិង្សទេវលោកស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  • និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាលឬយមភូបាលយកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បានធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណឱរ៉ៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។

អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រអោយចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅ ធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ ក្រអ្វី ទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែលគ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។

ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។

  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។

    ១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំអោយផ្តាច់កម្មផ្តាច់ ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នក ដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបាន បន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រ គេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កាបាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕



Last updated by ភិក្ខុធម្មានន្ទ Mar 23, 2009.

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Birthdays Today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2014   Created by ភិក្ខុធម្មានន្ទ.

Badges  |  Report an Issue  |  Terms of Service