ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"ណ្ហើយចុះ បើ​អញ្ចឹង សូមតាំងចិត្តស្តាប់ លោកក៏ដឹងហើយថា​ តណ្ហា គឺ ចំណង់កើតមកពីវេទនា គឺ សំណោយ​អារម្មណ៍​ពេញចិត្តឬមិនពេញចិត្ត ហើយវេទនានេះក៏កើតមកពីផស្សៈ គឺ ការដែលភ្នែកឃើញរូប ត្រចៀកឮ​សម្លេង ច្រមុះធុំក្លិន អណ្តាតភ្លក់រស កាយពាល់ត្រូវផោដ្ឋព្វៈ(ផ្សព្វ) និងចិត្តពាល់ត្រូវធម្មារម្មណ៍ ឧទាហរណ៍ដូច​ជា បើភ្នែកឃើញរូបស្រស់ស្អាត លោកក៏កើតសុខវេទនា គឺ​ ការសោយអារម្មណ៍ពេញចិត្ត​(មានអារម្មណ៍ពេញ​ចិត្ត) នៅពេលកើតសេចក្តីពេញចិត្ត ក៏ចង់បានអារម្មណ៍នោះ នេះជា​កាមតណ្ហា ចង់ឲ្យរូបនោះគង់នៅ នេះ​ជា​ភវតណ្ហា បន្ទាប់ពីនោះ សេចក្តីទុក្ខក៏កើតឡើង ផ្ទុយទៅវិញ បើភ្នែកឃើញរូបមិនស្រស់ស្អាត ទុក្ខវេទនា គឺ សេចក្តីមិនពេញចិត្តក៏កើតឡើង នៅពេលកើតទុក្ខវេទនា ក៏ចង់ឲ្យរូបនោះអន្តរធានទៅ វិនាសទៅ សាបសូន្យ​ទៅ នេះជាវិភវតណ្ហា បន្ទាប់ពីនោះ ទុក្ខក៏កើតឡើង អាត្មាលើកឧទាហរណ៍ឲ្យឃើញចំពោះតែរឿងភ្នែក​និងរូបប៉ុណ្ណោះ រឿងរបស់ត្រចៀកនិងសម្លេង ច្រមុះនិងក្លិន អណ្តាតនិងរស កាយនិងផ្សព្វ ចិត្តនិងធម្មារម្មណ៍​ក៏ដូចគ្នា នៅពេលលោកដឹងក្រសែទុក្ខដូចដែលអាត្មាអធិប្បាយមកយ៉ាងនេះហើយ វិធីរំលត់ទុក្ខក៏រំលត់បាន​ដោយងាយ ដំបូង ត្រូវមានស្មារតីភ្ញាក់រលឹកខ្លួន មិនត្រូវភាំងស្មារតីទេ ត្រូវមានសម្បជញ្ញៈដឹងទាន់ខ្លួនឯង គឺ ដឹងរាល់ខណៈនោះ ៗថា​ ខ្លួនកំពុងតែធ្វើអ្វី នៅពេលភ្នែកឃើញរូបស្រស់ស្អាតក្តី មិនស្រស់ស្អាតក្តី ក៏ឲ្យ​កំណត់​ដឹងទាន់​ថា ភ្នែកកំពុងតែឃើញរូប នៅពេលដឹងខ្លួនយ៉ាងនេះ វេទនាក៏នឹងមិនកើតឡើង បើកើតឡើង​ក៏មាន​កម្លាំង​ខ្សោយ បើវេទនាកើតឡើង ក៏ឲ្យកំណត់ដឹងទាន់ថា​ វេទនាប្រភេទណាកំពុងកើតឡើង បើដឹងទាន់យ៉ាង​នេះ តណ្ហាក៏នឹងមិនកើតឡើង បើកើតឡើងក៏មានកម្លាំងខ្សោយ បើតណ្ហាកើ​តឡើងក៏ឲ្យកំណត់ដឹងទាន់ថា​​  តណ្ហាប្រភេទណាកំពុងកើតឡើង បើដឹងយ៉ាងនេះ ទុក្ខក៏នឹងមិនកើតឡើង ទោះបើកើតឡើងក៏មាន​កម្លាំង​ខ្សោយ បើ​ទុក្ខកើតឡើងក៏ឲ្យកំណត់ដឹង​ទាន់ថា ទុក្ខកំពុងកើតឡើង ទុក្ខក៏នឹងរលត់ទៅបន្តិចម្តង ៗ "

សុរមេធដំអក់ស្ងៀមមួយស្របក់ហើយនិយាយឡើងថា "បពិត្រទានម្ចាស់ ! បើអញ្ចឹង កត្តាសំខាន់បំផុត គឺ សតិសម្បជញ្ញៈ មែនទេ?"

"ត្រឹមត្រូវហើយ ឧបាសក ! សតិសម្បជញ្ញៈនេះឯង គឺជាធម៌សំខាន់បំផុតសម្រាប់ការរំលត់ទុក្ខ បើនិយាយ​ម្យ៉ាង​ទៀត សតិសម្បជញ្ញៈនេះ គឺ សេចក្តីមិនប្រមាទនុះឯង ព្រះបរមសាស្តាត្រាស់​ហៅសេច​ក្តីមិន​ប្រមាទ​នេះថាជា​ធម៌កំពូលនៃពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ធម៌ទាំង​ឡាយ​សរុបចូលក្នុងសេចក្តីមិន​ប្រមាទ​និះ​ឯង ប្រៀប​ដូច​ជាដានជើងទាំងឡាយ​សរុបចូល​ក្នុងដានជើងដំរីដូច្នោះ ប្រសិន​បើលោកមានសតិ​សម្បជញ្ញៈ​បរិបូរ  ជឿថាមុខជាបានបដិបត្តិតាម​កំពូល​ពាក្យប្រៀន​ប្រដៅរបស់ព្រះបរមសាស្តាមិនខាន"

"បពិត្រទានម្ចាស់ ! តាមដែលបានស្តាប់វិធីរំលត់ទុក្ខរបស់ទានម្ចាស់មក ខ្ញុំកណាយល់ឃើញថា ជាវិធីងាយ​ស្រួលដែលអ្នកផងទាំងពួងអាចបដិបត្តិបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ខ្ញុំកណានឹងព្យាយាមបដិបត្តិ​តាមយ៉ាងប្រិតប្រៀងតទៅ" 

ព្រះរេវត្តត្ថេរៈបានអធិប្បាយសច្ចៈពីរប្រការទៀត គឺ និរោធសច្ចៈនិងអរិយមគ្គសច្ចៈដល់សុរមេធ ធ្វើឲ្យគេកើត​សទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនាហើយ សុរមេធក៏ថ្វាយបង្គំលាទៅសម្រាក ។ 

Views: 168

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service