នៅទីបំផុត និគ្រន្ថជរាជាប្រធានក៏ត្រូវប្រគល់ពិន្ទុដល់ភាគីពុទ្ធបរិស័ទ ១ ពិន្ទុ ពុទ្ធសាសនិកជនទាំងពួងក្នុងមហាសន្និបាតនោះបន្លឺសម្លេងសាធុការឮទ្រហឹងអឺងកងពេញទាំងអារាម ញ៉ាំងអំណាប់អាប់អន់អាម៉ាស់ឲ្យកើតដល់និគ្រន្ថបរិស័ទជាពន់ប្រមាណ
ឥឡូវនេះ ដល់វេនរបស់អ្នកតំណាងភាគីនិគ្រន្ថចោទសួរវិញម្តង វីរសីហៈបាននិយាយឡើងដោយសម្លេងញ័រ ទទីទទ័រព្រោះកំហឹងនិងសេចក្តីខ្មាសអៀនថា
"លោករេវត្តៈអ្នកមានអាយុ ! លោកកុំអាលអររអឹកកខិបកខុបថា លោកបានពិន្ទុនាំមុខខ្ញុំកូរណាទៅ ១ ពិន្ទុឲ្យសោះ ម្តងនេះ ខ្ញុំកូរណានឹងដេញដោលកៀងគរលោកឲ្យទាល់តែតុះតុញ យកពិន្ទុស្មើនឹងលោកឲ្យបាន"
"សូមនិមន្តលោកវីរសីហៈអ្នកមានអាយុចោទសួរបានតាមចំណង់ចិត្តចុះ"ព្រះថេរៈមានថេរដីកាដោយចង្វាក់
សម្លេងធម្មតា "បើខ្ញុំកូរណាឆ្លើយតបសំណួរចោទសួររបស់លោកបាន លោកក៏មិនបានពិន្ទុហ្នឹងឯង ប៉ុន្តែបើខ្ញុំកូរណាទញ់ទាល់ហេតុផលរបស់លោក ឆ្លើយដោះស្រាយសំណួរចោទសួររបស់លោកមិនបានទេ លោកក៏បានពិន្ទុតាមកតិកាដែលយល់ព្រមគ្នាហើយ សូមនិមន្តលោកចោទសួរចុះ"
"តាមលទ្ធិពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតមនោះ ទង្វើដែលប្រកបដោយការតាំងចិត្តបានចាត់ជាកម្ម មែនឬទេ?" វីរសីហៈចោទសួរអំពីរឿងកម្មទៀត
"មែន" ព្រះថេរៈឆ្លើយអះអាង
"ទង្វើដោយអចេតនា មិនបានតាំងចិត្តធ្វើ មិនចាត់ជាកម្ម មែនឬទេ?"
"មែន" ព្រះថេរៈអះអាងដូចដើម
"ល្អណាស់ លោករេវត្តៈអ្នកមានអាយុ ! សូមលោកចាំពាក្យសម្តីរបស់លោកឲ្យបានល្អ ខ្ញុំកូរណាចង់សួរតទៅទៀតថា បើលោកមិនដឹង មិនឃើញ មិនមានចេតនា ប៉ុន្តែដើរទៅជាន់ហ្វូងស្រមោចស្លាប់ តើស្រមោចនោះស្លាប់ព្រោះទង្វើរបស់លោកឬទេ?"
"ស្លាប់ហ្នឹងឯង លោកវីរសីហៈ ! "
និគ្រន្ថវីរសីហៈញញឹមចំពោះចម្លើយដោះស្រាយរបស់ព្រះថេរៈយ៉ាងមានសង្ឃឹម ហើយសួរតទៅទៀតថា
"លុះតមក លោកដឹងថា លោកជាន់ហ្វូងស្រមោចស្លាប់ដោយអចេតនា លោកឃើញហ្វូងស្រមោចស្លាប់ ត្រៀបត្រាក្បែរជើងរបស់លោក លោកនឹកអាណិតស្រមោចទាំងនោះនិងសោកស្តាយចំពោះទង្វើដោយអចេតនារបស់លោកឬទេ?"
"ខ្ញុំកូរណាពិតជាអាណិតហ្វូងស្រមោចនិងសោកស្តាយយ៉ាងខ្លាំង"
"លោករេវត្តៈ ! " វីរសីហៈនិយាយយ៉ាងទ្រនង់ចិត្ត "កាលបើលោកជាន់ស្រមោចស្លាប់ដោយអចេតនា ស្រមោចក៏ស្លាប់ដូចយ៉ាងជាន់ដោយចេតនាទាំងលោកក៏កើតទឹកចិត្តអាណិតអាសូរស្រមោចរងគ្រោះ
ទាំងនោះទាំងស្តាយស្រណោះចំពោះទង្វើរបស់ខ្លួន ហ្នឹងឯងសម្តែងឲ្យឃើញថា កម្មដែលលោកធ្វើដោយអចេតនានោះក៏មានផលដូចយ៉ាងកម្មដែលធ្វើដោយចេតនាដែរ"
សំណួរដ៏ឈ្លាសវៃរបស់វីរសីហៈធ្វើឲ្យព្រះថេរៈស្ងៀមឈឹងទ្រឹងតែម្តង ។
ឆ្លាក: លីលាវតី(3)

**********************************
© 2012 Created by ភិក្ខុធម្មានន្ទ.