នៅទីបំផុត ថ្ងៃសំខាន់នៃការតស៊ូសម្តីខាងសាសនាដែលអ្នកផងទាំងពួងទន្ទឹងរង់ចាំក៏មកដល់ ប្រជាជនគ្រប់វណ្ណៈនាំគ្នាបាក់ភ្លូកទៅកាន់អារាមរបស់និគ្រន្ថត្រង់ជើងភ្នំឧទ័យតាំងពីព្រឹកព្រលឹម ខាងក្នុងបារាំដ៏ធំទូលាយដែលពួកនិគ្រន្ថចាត់ធ្វើឡើងដោយចំពោះសម្រាប់យុទ្ធវាទគ្រានេះ មានធម្មាសនៈដ៏វិចិត្រ ២ តាំងទល់មុខទៅរកគ្នាសម្រាប់វាគ្មិនទាំងពីរអង្គុយ ព្រះរេវត្តត្ថេរៈឡើង អង្គុយលើធម្មាសនៈប៉ែកខាងជើង ឯវីរសីហៈឡើងលើធម្មាសនៈប៉ែកខាងត្បូង ពុទ្ធបរិស័ទអង្គុយខាងក្នុងបារាំប៉ែកខាងជើងខាងក្រោយធម្មាសនៈរបស់ព្រះរេវត្តត្ថេរៈ និគ្រន្ថបរិស័ទអង្គុយខាងក្រោយធម្មាសនៈរបស់វីរសីហៈនិគ្រន្ថ ចំណែកខាងមជ្ឈជននិងបរិស័ទរបស់លទ្ធិដទៃអង្គុយប៉ែកខាងស្តាំដៃនិងខាងឆ្វេងដៃ អ្នកដែលមិនអាចរកកន្លែងអង្គុយខាងក្នុងបារាំបាន ក៏អង្គុយតាមក្រោមម្លប់ឈើជុំវិញបារាំនោះមួយជាន់ទៀត ថ្ងៃនោះ អារាមរបស់និគ្រន្ថកុះករដេរ ដាសទៅដោយហ្វូងមនុស្សគួរនាដូចជាមានមហោស្រពយ៉ាងធំដូច្នោះ ។
គ្រាន់តែដល់ពេលវេលា និគ្រន្ថមានវ័យចំណាស់ម្នាក់ដែលមានខ្លួនននលគកនិងមានរាងកាយ ស្គមកំព្រឹងកំព្រយព្រោះកម្លាំងតបៈ ក៏ក្រោកឈរឡើងបក់ដៃទៅដោយជុំវិញ រំពេចនោះ សម្លេងអ៊ូរអែកកែកកកោករបស់ប្រជាជនក៏ស្ងប់ស្ងាត់ចុះ និគ្រន្ថជរាបានប្រកាសឡើងដោយសម្លេងឮខ្ទរថា
"អស់លោកសាធុជនទាំងឡាយ ! សូមមេត្តាស្តាប់ខ្ញុំ ការតស៊ូសម្តីគ្រាសំខាន់រវាងសាវ័ករបស់ព្រះសមណគោត្តមនិងសាវ័ករបស់សាស្តាមហាវីរៈបានចាប់ផ្តើមឡើងហើយ ការតស៊ូសម្តីគ្រានេះនឹងប្រព្រឹត្តទៅក្នុងរូបបែបនៃការសន្ទនាចោទឆ្លើយ អនុញ្ញាតឲ្យភាគីមួយចោទសួរមុនហើយឲ្យភាគីមួយទៀតឆ្លើយដោះស្រាយជាលក្ខណៈសកវាទី និង បរវាទី បើភាគីសកវាទីនៅមិនទាន់ពេញចិត្តចំពោះចម្លើយដោះស្រាយរបស់ភាគីបរវាទីទេ អនុញ្ញាតឲ្យសួរដេញដោលបន្ថែមទៀតបាន កាលបើពេញចិត្តនិងគ្មានអ្វីដែលត្រូវដេញដោលទៀតទេ ក៏អនុញ្ញាតឲ្យភាគីមួយទៀតចោទសួរហើយខ្លួនឯងជាភាគីឆ្លើយដោះស្រាយវិញម្តង ប្រព្រឹត្តទៅជាលក្ខណៈបុច្ឆាវិសជ្ជនា ឆ្លាស់គ្នាទៅបែបនេះរហូតដល់ទីបញ្ចប់ តើលោកទាំងពីរយល់ឃើញយ៉ាងណាដែរ?"និយាយហើយក៏បែរទៅខាងព្រះរេវត្តត្ថេរៈ ។
"ខ្ញុំកូរណាយល់ស្របនឹងសម្នើរបស់លោក" ព្រះថេរៈឆ្លើយដោយអាការប្រក្រតី មិនសម្តែងអាការតក់ស្លុត ចំពោះគូតស៊ូឬបរិស័ទទេ
"ខ្ញុំកូរណាក៏យល់ស្រប"វីរសីហៈឆ្លើយដោយចង្វាក់សម្លេងសម្តែងទំនុកចិត្តនិងដោយឫកពាសម្តែងអំណរ
អរកខិបកខុប ចង្វាក់សម្លេងនិងឫកពារបស់គេធ្វើឲ្យភាគីនិគ្រន្ថបរិស័ទញញឹមដោយមោទកភាព
"ប្រសើរណាស់ លោកម្ចាស់ទាំងពីរ ! " និគ្រន្ថជាប្រធានពោលឡើង "ចំណុចតទៅ ខ្ញុំកូរណាត្រូវការប្រឹក្សា យោបល់លោកម្ចាស់ទាំងពីរអំពីការវិនិច្ឆ័យថា ភាគីណាចាញ់ ភាគីណាឈ្នះ តើយើងគួរអនុញ្ញាតឲ្យមានប្រធាន ១ រូបជាអ្នកវិនិច្ឆ័យ ឬ ឲ្យមានគណៈកម្មការច្រើនរូប ឬ ប្រជាជនទាំងអស់ជាអ្នកវិនិច្ឆ័យ?"
"ខ្ញុំកូរណាយល់ឃើញថា" វីរសីហៈពោលឡើងមុន "បើយើងអនុញ្ញាតឲ្យគណៈកម្មការជាអ្នកវិនិច្ឆ័យ គណៈកម្មការនោះតោងតែប្រកបដោយសមាសភាពពុទ្ធបរិស័ទនិងនិគ្រន្ថបរិស័ទស្មើៗគ្នា កាលបើដូច្នេះ ភាគីពុទ្ធបរិស័ទក៏គាំទ្រភាគីពុទ្ធបរិស័ទ ភាគីនិគ្រន្ថក៏គាំទ្រភាគីនិគ្រន្ថ នៅទីបំផុត ភាគីទាំងសងខាងនឹងបាន សម្លេងគាំទ្រស្មើគ្នា លទ្ធផលនៃការវិនិច្ឆ័យនឹងស្មើគ្នាទៅរហូត បើយើងអនុញ្ញាតឲ្យគណៈកម្មការជាមជ្ឈជនជាអ្នកវិនិច្ឆ័យ យើងក៏មិនអាចដឹងបានថាតើគេនៅជាកណ្តាលប៉ុនណា បើយើងអនុញ្ញាតឲ្យប្រជាជនជាអ្នកវិនិច្ឆ័យ យើងក៏មិនដឹងថាធ្វើដូចម្តេច ព្រោះមហាសន្និបាតនេះប្រកបដោយមនុស្សរាប់ម៉ឺននាក់ ភាគីពុទ្ធបរិស័ទក៏មាន ភាគីនិគ្រន្ថក៏មាន ភាគីមជ្ឈជនក៏មាន បើយើងស្តាប់សម្លេងរបស់មនុស្សទាំងអស់ទៅ មុខជានឹងចំណាយពេលជាច្រើនថ្ងៃដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះ ខ្ញុំកូរណាស្នើសុំឲ្យមានប្រធាន ១ រូបជាអ្នកវិនិច្ឆ័យកាត់សេចក្តី ហើយប្រធាន ១ រូបនោះគួរតែជាភាគីនិគ្រន្ថ ព្រោះភាគីនិគ្រន្ថជាអ្នក ផ្តួចផ្តើមការតស៊ូសម្តីនៅគ្រានេះ"
គ្រាន់តែវីរសីហៈនិយាយផុតសម្តីប៉ុណ្ណោះ ប្រជាពុទ្ធជនក៏ស្រែកជំទាស់ឆោឡោឡើងសឹងតែព្រមគ្នាថា
" មិនព្រមទេ មិនព្រមទេ ប្រធានត្រូវតែជាពុទ្ធជន"
"កុំអាលសិន អស់លោកសាធុជនទាំងឡាយ ! "និគ្រន្ថជាប្រធានរាដៃហាមឃាត់ ប៉ុន្តែក៏នៅតែមិនអាចរម្ងាប់ សម្លេងអ៊ុលអាល់របស់ភាគីពុទ្ធបរិស័ទឲ្យស្ងាត់បាន នៅទីបំផុត ព្រះរេវត្តត្ថេរៈក៏លើកដៃរាហាមឃាត់ សម្លេងទ្រហឹងអឺងកងក៏ស្ងាត់ចុះ
"អស់លោកសាធុជនទាំងឡាយ ! " ប្រធានពោលឡើងម្តងទៀត នៅពេលមហាជនអង្គុយស្ងាត់ស្ងៀមតាមកន្លែងដើមហើយ "លោកទាំងឡាយសូមមេត្តាកុំភ្លេចថា សម្នើរបស់លោកម្ចាស់វីរសីហៈគ្រាន់តែជាសម្នើប៉ុណ្ណោះ បើគ្មានអ្នកណាយល់ស្របទេ យើងក៏ត្រូវរិះរកវិធីផ្សេងតទៅទៀត ដើម្បីញ៉ាំងការវិនិច្ឆ័យនេះឲ្យប្រព្រឹត្តទៅយ៉ាងយុត្តិធម៌បំផុត ខ្ញុំកូរណាចង់ស្តាប់គំហើញរបស់លោកម្ចាស់រេវត្តៈសិនថាតើគួរឲ្យអ្នកណាជាអ្នកវិនិច្ឆ័យការតស៊ូសម្តីនៅគ្រានេះ?"
"លោកប្រធាន ! " ព្រះរេវត្តត្ថេរៈពោលឡើង "ខ្ញុំកូរណាយល់ស្របនឹងសម្នើរបស់លោកម្ចាស់វីរសីហៈ គឺ អនុញ្ញាតឲ្យមានប្រធានវិនិច្ឆ័យតែ ១ រូប" សម្នើរបស់ព្រះថេរៈធ្វើឲ្យពុទ្ធបរិស័ទនិងនិគ្រន្ថបរិស័ទចម្លែកចិត្ត យ់ាងខ្លាំង ជាពិសេស ភាគីពុទ្ធបរិស័ទសម្លឹងមើលមុខគ្នានិងគ្នា សម្តែងកិរិយាអាការភីងភាំងស្រឡាំងកាំង ព្រោះមិននឹកស្មានថា អ្នកតំណាងខាងខ្លួនយល់ស្របនឹងសម្នើអយុត្តិធម៌របស់គូតស៊ូយ៉ាងងាយបែបនេះទេ
ក្នុងខណៈដែលអ្នកផងកំពុងតែភីងភាំងអាំងឡាំងនោះឯង ព្រះរេវត្តត្ថេរៈក៏និយាយតទៅទៀតថា
"ប្រធាន ១ រូបនោះជាភាគីនិគ្រន្ថក៏បាន ភាគីពុទ្ធជនក៏បាន ភាគីមជ្ឈជនក៏បាន ប៉ុន្តែដោយហេតុថា ទីកន្លែងនេះជាសម្នាក់របស់ភាគីនិគ្រន្ថ ទាំងភាគីនិគ្រន្ថក៏ជាអ្នកចាត់ឲ្យមានការតស៊ូសម្តីនៅគ្រានេះ ហេតុនោះ ខ្ញុំកូរណាយល់ឃើញថា ប្រធានវិនិច្ឆ័យវាយតម្លៃគួរតែជានិគ្រន្ថ" ។
ឆ្លាក: លីលាវតី(3)
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.