ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះថេរៈក៏ចាប់អារម្មណ៍ខ្លាំងចំពោះការតស៊ូប្រយុទ្ធរវាងសេដ្ឋៈនិងសីហៈដែរ ព្រោះមួយគូនេះជាការកាត់សេចក្តីលើកចុងក្រោយថា នរណានឹងជាប្រមុខ តាមការសង្កេតមើលរបស់ព្រះថេរៈ ក្នុងឋានៈដែលធ្លាប់ជាចោរប្រើដាវមកយ៉ាងស្ទាត់ជំនាញ ឃើញថា សេដ្ឋៈមានថ្វីដៃខាងគុនដាវពូកែជាងសីហៈច្រើន ប៉ុន្តែមើលទៅហាក់នឹងថា សេដ្ឋៈមិនតាំងចិត្តតស៊ូពិតប្រាកដទេ ត្រឹមតែរងការពារខ្លួនប៉ុណ្ណោះ ផ្ទុយនឹងសីហៈដែលតស៊ូយ៉ាងផុតកម្លាំងនិងថ្វីដៃ ទើបមិនបង្អង់ដៃអ្វី ការដែលគេប្រឹងប្រយុទ្ធយ៉ាងស្វាហាប់នេះឯង ធ្វើឲ្យគេអាប់អន់ទន់កម្លាំង យ៉ាងជាក់ស្តែង ផ្ទុយនឹងសេដ្ឋៈដែលតស៊ូយ៉ាងចិត្តត្រជាក់ ព្រះថេរៈសង្កេតឃើញថា មានឱកាសជាច្រើនដងដែល​សេដ្ឋៈល្មមផ្តាច់ផ្តួលគូតស៊ូបានយ៉ាងប្រាកដ ប៉ុន្តែគេក៏បណ្តោយឲ្យឱកាសនោះកន្លងផុតទៅដោយមិនធ្វើអ្វី ជួនកាល ការទុកសត្រូវឲ្យនៅរស់តែងនាំមកនូវហាយនភាពដល់ខ្លួន មានឆាកមួយដែលសីហៈបើកឱកាសឲ្យ ប៉ុន្តែសេដ្ឋៈបែរជាធ្វើចាក់ថ្នម​ៗ ទាំងខណៈនោះក៏ក្តាប់ដងដាវយ៉ាងសើ ៗ សីហៈទើបការពារខ្លួនដោយការ​យក​ដាវរបស់ខ្លួនប៉ាត់ផាត់យ៉ាងពេញកម្លាំង ធ្វើឲ្យដាវរបស់សេដ្ឋៈរបូតចេញពីដៃខ្ទាត់ចេញទៅក្នុងរយៈឆ្ងាយ បន្ទាប់ពីនោះ ការតស៊ូប្រយុទ្ធដោយដាវនិងដៃទទេក៏ចាប់ផ្តើមឡើង សីហៈកាន់ដាវយ៉ាងស្វាហាប់ចូលទៅរក​សេដ្ឋៈដោយបំណងថា​   "លើកនេះ ឯងស្លាប់មិនខាន សេដ្ឋៈអើយ ! ចូរស្លាប់ក្នុងផ្លូវត្រូវរបស់ឯងចុះ" គេខាំធ្មេញនិយាយយ៉ាងឆុរឆាវ ចំណែកខាងសេដ្ឋៈក៏ឈរក្នុងជំហរប្រុងប្រៀប ដើរថយក្រោយទៅជារឿយ ៗ ភ្នែកសម្លក់សម្លឹងមើលគូតស៊ូយ៉ាងមិនពព្រិច ឥឡូវនេះដល់ពេលគេត្រូវតស៊ូមែនទែនហើយ ព្រោះគេត្រូវតស៊ូដោយដៃទទេ ប្រសិនបើភ្លាត់ស្នៀត ក៏មានន័យដល់ជីវិត​ក្ស័យ ព្រះថេរៈស្ទើរតែភ្លាត់ឧទានឡើងដោយអាការភ្ញាក់ផ្អើល នៅពេលឃើញសេដ្ឋៈថយទៅជំពប់ដង្គត់ឈើ ដួលផ្ងារក្រោយគ្រោមទៅលើផ្ទៃដី សីហៈប្រញាប់ឆក់ឱកាសនោះបុកដាវប្រុងចាក់ទម្លុះដើមទ្រូងគូតស៊ូភ្ជាប់នឹងផ្ទៃដី ប៉ុន្តែមួយពព្រិចភ្នែកនោះឯង សេដ្ឋៈក៏មមៀលខ្លួនគេចផុតយ៉ាងរហ័ស ធ្វើឲ្យដាវរបស់សីហៈបុកទម្លុះផ្ទៃដីរហូតដល់ជាប់ណែនដកមិនរួច ខណៈដែលសីហៈខំដកដាវនុះឯង សេដ្ឋៈក៏ក្រោកឡើងយ៉ាងរហ័ស ស្ទុះចូលទៅក្រៀកកយ៉ាងណែន សីហៈខំត្រដរយ៉ាងពេញកម្លាំង ប៉ុន្តែនៅតែមិនអាចរើសបម្រះខ្លួនរបូតទៅបាន

"សីហៈអើយ ! "សេដ្ឋៈនិយាយឡើងយ៉ាងបានចង្វាក់ "ឥឡូវនេះដល់វេនដែលអញចេញបញ្ជាឲ្យឯងវិញម្តង ឯងចូរឲ្យសច្ចសន្យាបែបចោរចំពោះអញថា ឯងនឹងទៅតាមផ្លូវរបស់ឯង និងបណ្តោយឲ្យអញទៅតាមផ្លូវរបស់អញយ៉ាងសុខសាន្ត"

"ខ្ញុំសន្យា" សីហៈនិយាយដោយសម្លេងថ្នមស្រាល គ្រាន់តែសេដ្ឋៈលែងដៃចេញ គេក៏ដួលគ្រោមដេកសន្លប់​លើផ្ទៃដី ចំណែកខាងគូបាលកៈនិងបិង្គលៈនោះ ឃើញថា នៅតស៊ូប្រយុទ្ធគ្នាយ៉ាងច្របូកច្របល់នៅឡើយ ប៉ុន្តែនៅពេលឃើញសេដ្ឋៈដើរកាន់ដាវចូលទៅរក បាលកៈក៏បោះដាវចោល ព្រមចុះចាញ់ភ្លាម ។  

 សេដ្ឋៈបានជួយកែកុនសីហៈរហូតដល់ភ្ញាក់ដឹងខ្លួនឡើង ហើយចោរទាំង ៤ ក៏ឈមមុខព្រមគ្នាម្តងទៀត ពួកឈ្មួញនាំគ្នាមកចោមរោមមើលជាសារវន្ត នៅពេលដឹងថា​ ចោរទាំង ៤ កំពុងតែស្រេកឃ្លាន​ ក៏នាំយកអាហារមកប្រគល់ឲ្យទាល់តែឆ្អែតស្កប់ស្កល់គ្រប់គ្នា ព្រះថេរៈក៏ធូរទ្រូងនៅពេលឃើញហេតុការណ៍ស្ងប់ចុះដោយគ្មានការបាត់បង់សាច់ឈាមនិងជីវិត ។ 

"បពិត្រប្រមុខ ! " សីហៈនិយាយឡើង នៅពេលបរិភោគអាហាររួចហើយ "ខ្ញុំសម្រេចចិត្តសាថ្មីហើយថា នឹងក្រឡាស់ចិត្តដើរតាមផ្លូវត្រូវ ខ្ញុំសូមដើរតាមបម្រើប្រមុខគ្រប់កន្លែងរហូតដល់ក្ស័យជីវិត" 

ចំណែកខាងពួកឈ្មួញដង្ខៅកាលបើបានដឹងរឿងរ៉ាវរបស់ចោរទាំង ៤ ក្រឡាស់ចិត្តពិតប្រាកដហើយ ក៏កើតការុញ្ញចិត្តអាណិតអាសូរពន់ពេក ព្រះថេរៈបានស្នើសុំផ្ញើចោរទាំង ៤ នឹងពួកឈ្មួញដង្ខៅដើម្បីជាជំហានដំបូងក្នុងដំណើរផ្លូវដ៏ត្រឹមត្រូវ ដោយឲ្យម្នាក់ ៗកោរពុកមាត់ពុកចង្កាចោលទាំងអស់ ឲ្យរលឹកនឹកដល់ព្រះរតនត្រ័យជាទីពឹង និងឲ្យសមាទានសីល ៥ ប្រកាសខ្លួនជាឧបាសកក្នុងព្រះពុទ្ធសាសនា ចំណែកឯពួកឈ្មួញក៏ត្រេកអរទទួលយកចោរទាំង ៤ ជាកូនគូលីជួយលក់ដូរ ជាការហ្វឹកហាត់ការងារថ្មី ពួកចោរទាំង ៤ ក៏សន្យាយ៉ាងម៉ឺងម៉ាត់ថានឹងបម្រើឈ្មួញដង្ខៅនិងជួយការពារចោរភ័យឲ្យ ។

នៅទីបំផុត ក្បួនរទេះក៏ចេញដំណើរតទៅនៅខណៈដែលព្រះថេរៈចេញដំណើរដើរផ្លូទៅកាន់ទិសផ្ទុយគ្នា ។ 

Views: 133

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service