ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"បពិត្រទានម្ចាស់ ! " សុរមេធនិយាយឡើងទាំងពន្យឺតខ្លួនដកដង្ហើមធំ "ទេសនារបស់ទានម្ចាស់ច្បាស់​ស្រឡះ​និង​ប្រចាប់ចិត្តខ្ញុំកណាខ្លាំងណាស់ ឥឡូវនេះខ្ញុំកណាមើលឃើញធ្លុះធ្លាយហើយថា ហេតុអ្វីបានជាមនុស្សយើង​ទទួលរងសេចក្តីទុក្ខ ហេតុអ្វីបានជាមនុស្សក្នុងលោកមានចំណួនតិចតួចដែលមានសេចក្តីសុខ តួតណ្ហា ៣ ប្រការនេះឯងជាដើមចមនៃសេចក្តីទុក្ខ បពិត្រទានម្ចាស់ ! កាលបើបានកំណត់ដឹងសេចក្តីទុក្ខនិង​មូលហេតុ​នៃ​សេចក្តីទុក្ខហើយ ខ្ញុំកណាចង់ដឹងបន្តទៀតដល់វិធីរំលត់ទុក្ខថា នឹងធ្វើដូចម្តេចទើបរំលត់ទុក្ខបាន " 

"ម្នាលឧបាសក ! កាលបើបុគ្គលដែលកំពុងត្រូវភ្លើងឆាបឆេះ បានទទួលកម្តៅក្រហល់ក្រហាយ បើគេចង់​បាន​ភាវៈ​ត្រជាក់​សប្បាយ គេត្រូវពន្លត់ភ្លើងនោះយ៉ាងណា បុគ្គលដែលកំពុងត្រូវភ្លើង គឺ តណ្ហាឆេះរោលរាល បាន​ទទួល​សេចក្តីទុក្ខក្តៅក្រហាយ បើគេចង់បានសេចក្តីស្ងប់សុខ គេក៏ត្រូវពន្លត់ភ្លើង គឺ តណ្ហា នោះយ៉ាងនោះដែរ"​

"បពិត្រទានម្ចាស់ ! " សុរមេធសួរឡើង "បានស្តាប់ចម្លើយឆ្លើយតបរបស់ទានម្ចាស់ហើយ ខ្ញុំកណាយល់ឃើញ​ថា ការរំលត់តណ្ហាជាការធ្វើបានដោយងាយណាស់ ប៉ុន្តែនៅពេលចុះបដិបត្តិមែនទែន មុខជាមិនងាយទេដឹង?" 

ព្រះថេរៈញញឹមបន្តិចចំពោះបំណិនប៉ិនប្រសប់ស្រួចស្រាល់របស់សុរមេធ ហើយមានថេរដីកាថា 

"លោកនិយាយត្រឹមត្រូវហើយ ឧបាសក ! ការរំលត់តណ្ហា​មិនមែនជាការងាយនឹងធ្វើបានឡើយ ​វិធីរំលត់តណ្ហា​តាមដែលព្រះបរមសាស្តារបស់យើង​បានសម្តែងទុកប្រកបដោយអនេកវិធី ត្រូវអាស្រ័យតំណាំងតាំងចិត្ត​ប្តូរផ្តាច់ វិរិយភាពពុះពារប្រឹងប្រែងមុតមាំនិងត្រូវចំណាយពេលវេលាយូរអង្វែង ព្រះបរមសាស្តារបស់យើង ទម្រាំនឹងទ្រង់រំលត់តណ្ហាបាន ត្រូវចំណាយពេលវេលាអស់បួនអសង្ខេយ្យក្រៃលែងដោយសែនមហាកប្ប" 

សុរមេធដកដង្ហើមធំយ៉ាងរាថយ ហើយនិយាយឡើងទាំងអស់សង្ឃឹមថា "បើអញ្ចឹង ខ្ញុំកណាមុខជានឹងគ្មានថ្ងៃ​ណា​រំលត់តណ្ហាបានឡើយ " 

"កុំអាលរួញរាចិត្ត ឧបាសក ! " ព្រះថេរៈលួងលោម "លោកនៅមិនទាន់អស់សង្ឃឹមទេ ការដែលអាត្មានិយាយថា ព្រះបរមសាស្តាទ្រង់ចំណាយពេលវេលារំលត់តណ្ហារហូតបួនអសង្ខេយ្យនិងសែនមហាកប្បនោះ អាត្មាសំដៅ​ដល់ការបំពេញបារមីដើម្បីពុទ្ធភូមិ ប៉ុន្តែការបំពេញបារមីដើម្បីសាវកភូមិ មិនបាច់ចំណាយពេលយូរ​អង្វែងដល់​ថ្នាក់នោះទេ ម្យ៉ាងទៀត លោកក៏មិនដឹងថា ខ្លួនឯងបានបំពេញបារមីមកយូរអម្បាលណាហើយទេ ជួលកាល​បារមីរបស់​លោកអាចពេញបរិបូរ គ្រាន់តែចុះបដិបត្តិទៅ​ក៏អាចរំលត់តណ្ហាបានភ្លាមក៏ថាបាន" 

"បពិត្រទានម្ចាស់ ! បើអញ្ចឹង សូមទានម្ចាស់មេត្តាប្រាប់វិធីរំលត់តណ្ហាជាបឋមដល់ខ្ញុំកណាផងចុះ" 

ព្រះថេរៈទ្រឹងគិតមួយស្របក់ហើយមានថេរដីកាថា "ម្នាលឧបាសក ! ទោះបីបើវិធីរំលត់តណ្ហាមាន​ច្រើន​វិធី​ក៏ដោយ ប៉ុន្តែបើសរុបទៅ មានតែ ២ វិធីប៉ុណ្ណោះ គឺ វិធីបដិត្តិយ៉ាងតឹងតែងសម្រាប់អ្នកដែលកាត់ចិត្តឧទ្ធិស​ជីវិតដល់ការរំលត់ភ្លើងតណ្ហាតែម្យ៉ាង ដូចជា ភិក្ខុ ភិក្ខុណី ជាដើម វិធីមួយទៀតជាវិធីបដិបត្តិងាយ ៗ​សម្រាប់​មនុស្សទូទៅដែលត្រូវការធ្វើឲ្យជីវិតរបស់ខ្លួនមានសេចក្តីស្ងប់សុខទោះបីរស់នៅក្នុងសង្គមចលាចលក៏ដោយ តើលោកត្រូវការយកវិធីណា?" 

"បពិត្រទានម្ចាស់ ! ខ្ញុំកណាមានចំណាប់អារម្មណ៍ចំពោះវិធីក្រោយ ព្រោះចង់ផ្តើមបដិបត្តិសាកល្បង​មើល​សិន" 

Views: 88

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service