ព្រះថេរៈសម្លឹងមើលព្រាហ្មណ៍អ្នករងទុក្ខដោយសារកូនប្រុសដោយសេចក្តីយល់ចិត្តអាណិតអាសូរ ហើយមានថេរដីកាឡើងថា
"ម្នាលឧបាសក ! មុននឹងផ្តើមជួយកូនប្រុសរបស់ញោម អាត្មាចង់ដឹងរឿងខ្លះទាក់ទងនឹងកូនប្រុសរបស់ញោម ដើម្បីយកមកពិចារណារកវិធីជួួយសង្រ្គោះគេនិងជួយសង្រ្គោះញោមតទៅ តើកូនប្រុសរបស់ញោមដែលបានរៀនសិល្បវិជ្ជាមកពីសម្នាក់វិទ្យាចារ្យណាខ្លះឬទេ?"
"បពិត្រសមណៈ ត្បិតឋានៈខាងទ្រព្យសម្បត្តិរបស់យើងមិនគ្រប់គ្រាន់ យើងមិនបានបញ្ជូនកូនប្រុសទៅរៀនក្នុងសម្នាក់អាចារ្យទិសាបាមោក្ខនៃក្រុងតក្កសិលាដូចយ៉ាងកូនព្រាហ្មណ៍មហាសាលនិងក្សត្រមហាសាលដទៃទេ ប៉ុន្តែយើងបានបញ្ជូនកូនប្រុសរបស់យើងទៅសិក្សារៀនសូធ្យក្នុងសម្នាក់អាចារ្យល្បីឈ្មោះនៃក្រុងរាជគ្រឹះអស់ពេលជាច្រើនឆ្នាំ កូនប្រុសរបស់ខ្ញុំកណាទើបតែបញ្ចប់ការសិក្សាត្រឡប់មកនៅផ្ទះប្រមាណជា ២ ឆ្នាំនេះឯង"
"ប្រពៃណាស់" ព្រះថេរៈមានថេរដីកាឡើងដោយសេចក្តីសង្ឃឹម "បើអញ្ចឹង សម្តែងថា កូនប្រុសរបស់ញោមទោះបីនៅវ័យក្មេងក៏ដោយក៏ចាត់បានថាជាអ្នកមានចំណេះដឹង ធម្មតា អ្នកមានចំណេះដឹងច្រើនតែមានគំនិតគន់គន់ អាត្មាសាកសួររឿងនេះក៏ព្រោះថា វិធីជួយសង្រ្គោះរបស់អាត្មា ជាវិធីការផ្តល់ចំណេះដឹងនិងគំនិតគិតគន់ ធ្វើឲ្យអ្នកស្តាប់កើតចំណេះយល់ដឹងក្នុងសភាពពិតហើយក៏រួចផុតចាកទុក្ខ ការឲ្យចំណេះដឹងនិងគំនិតគិតគន់ដល់អ្នកមានចំណេះដឹងនិងគំនិតគិតគន់ជាដើមទុនស្រាប់ហើយ បានទទួលលទ្ធផលល្អប្រសើរជាងអ្នកដែលគ្មានចំណេះដឹងអ្វី"
បន្ទាប់ពីនោះ ព្រាហ្មណ៍ជាឪពុកក៏នាំព្រះថេរៈទៅកាន់គេហដ្ឋានរបស់ខ្លួន នៅពេលចាត់អាសនៈឲ្យព្រះថេរៈគង់រួចហើយ គាត់ក៏ចូលទៅក្នុងផ្ទះ និយាយលួងលោមកូនប្រុសនិងបបួលគេឲ្យចេញមកជួបសមណៈក្នុងព្រះពុទ្ធសាសនា ប៉ុន្តែទោះជានិយាយបញ្ចុះបញ្ចូលយ៉ាងណា ក៏មិនបានទទួលលទ្ធផល កូនប្រុសរបស់គាត់មិនព្រមចេញមកជួបព្រះថេរៈទេ គេប្រាប់ថាគ្មានចិត្តចង់ជួបអ្នកណាទាំងអស់ គេចង់គេចវេះចេញពីលោកដ៏ពោរពេញដោយសេចក្តីទុក្ខទោម្នេញនេះ
"បពិត្រសមណៈ ! "ព្រាហ្មណ៍ជាឪពុកត្រឡប់មករាយការណ៍ចំពោះព្រះថេរៈ "កូនប្រុសរបស់ខ្ញុំកណាមិនព្រមចេញមកទេ តើធ្វើយ៉ាងណាទៅ?"
ព្រះថេរៈគង់ដំអក់ស្ងៀមគិតមួយស្របក់ហើយឆ្លើយថា "មិនអីទេ អាត្មានឹងចូលទៅជួបគេដោយខ្លួនឯង" មានថេរដីកាហើយព្រះថេរៈក៏ដើរចូលទៅក្នុងបន្ទប់ដោយមានព្រាហ្មណ៍ជាឪពុកដើរតាមក្រោយកិត ៗ រូបភាពដែលព្រះថេរៈមើលឃើញនៅចំពោះមុខក្រោមពន្លឺចង្កៀងភ្លឺផ្លុង ៗនោះ ជារូបភាពរបស់ប្រុសកម្លោះដែលមានទឹកមុខស្រពាប់ស្រពោនដោយសេចក្តីទុក្ខ មានរាងកាយស្គាំងស្គម ព្រោះមិនព្រមបរិភោគអាហារមកជាច្រើនថ្ងៃ ព្រះថេរៈឈប់ឈរផ្សាយមេត្តាចិត្តចំពោះគេ ឥទ្ធិពលនៃមេត្តាចិត្តរបស់ព្រះថេរៈទៅប៉ះខ្ទប់ដួងចិត្តរបស់គេ ធ្វើឲ្យគេងើបមុខឡើងសន្សឹម ៗសម្លឹងមើលព្រះថេរៈដោយក្រសែភ្នែកទន់រងួយ គ្រប់គ្នាស្ថិតក្នុងសភាពស្ងប់ស្ងាត់មួយស្របក់ ព្រះថេរៈទើបមានថេរដីកាឡើងដោយសម្លេងរាបទាបថា
"នែអ្នកកម្លោះ ! ឥឡូវនេះ ឯងចង់ស្លាប់ ដើម្បីគេចវេះឲ្យផុតពីលោកដ៏ពោរពេញទៅដោយសេចក្តីទុក្ខនេះ មែនទេ?"
ប្រុសកម្លោះមិនឆ្លើយដោយវាចាទេ ប៉ុន្តែងក់ក្បាលទទួល
"អាត្មាអាណិតឯងណាស់" ព្រះថេរៈមានថេរដីកាបន្ថែម "ហើយការដែលអាត្មាមកលើកនេះក៏ដើម្បីមកជួយឯងឲ្យបានស្លាប់ពីលោកនេះទៅ"
ពាក្យសម្តីរបស់ព្រះថេរៈធ្វើឲ្យព្រាហ្មណ៍ជាឪពុកដល់ថ្នាក់ភ្ញាក់ធ្លាក់ថ្លើមក្តុក សូម្បីតែកូនប្រុសរបស់គាត់ដែលមិនសូវសម្តែងចំណាប់អារម្មណ៍ចំពោះភិក្ខុមុខចម្លែកនោះ ក៏កើតចំណាប់អារម្មណ៍ឡើងភ្លាម គេសម្លឹងមើលព្រះថេរៈដោយអាការភីងភាំងស្រឡាំងកាំងក្រៃលែង ព្រោះចាត់ជាលើកដំបូងហើយដែលគេបានឃើញនិងបានឮមនុស្សគាំទ្រឲ្យគេស្លាប់ មិនមែនហាមប្រាមដូចអ្នកដទៃ ព្រះថេរៈធ្វើការងារជំហានដំបូងសម្រេចហើយ ព្រោះនុះគឺជាផែនការដំបូងក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជម្ងឺផ្លូវចិត្តរបស់លោក
"សូមលោកមេត្តាផងចុះ សមណៈ ! "ប្រុសកម្លោះនិយាយបណ្តើរលើកដៃសំពះបណ្តើរ "សូមជួយឲ្យខ្ញុំបានស្លាប់ពីលោកនេះទៅដោយឆាប់រហ័សនិងដោយស្ងប់សុខផងចុះ ខ្ញុំសូមអរគុណលោកយ៉ាងក្រៃលែង"
"អាត្មានឹងធ្វើឲ្យឯងស្លាប់នៅពេលបន្តិចទៀតនេះ" ព្រះថេរៈមានថេរដីកាបន្ថែម ប៉ុន្តែពាក្យសម្តីរបស់ព្រះថេរៈមើលទៅហាក់នឹងថាធ្វើឲ្យព្រាហ្មណ៍ជាឪពុកភ័យតក់ស្លុតពន់ពេក គាត់បានស្ទុះចូលមកចាប់ដៃទាំងសងខាងរបស់ព្រះថេរៈយ៉ាងណែន ហើយនិយាយទាំងរញាក់រញ័រថា
"នែសមណៈ និះខ្ញុំនិមន្តលោកមកជួយប្រោសកូនប្រុសរបស់ខ្ញុំកណាឲ្យរួចផុតពីសេចក្តីស្លាប់ មិនមែនមកជួយឲ្យគេស្លាប់ទេ ប្រហែលជាលោកយល់ច្រឡំហើយទេដឹង"
"កុំអាលតក់ក្រហល់ពេក ឧបាសក ! ធ្វើចិត្តឲ្យត្រជាក់" ព្រះថេរៈហាមឃាត់ "កូនប្រុសរបស់ញោមស្លាប់ឬមិនស្លាប់ នឹងដឹងនៅពេលបន្តិចទៀតនេះ សូមទុកចិត្តលើអាត្មាចុះ"
ព្រាហ្មណ៍ជាឪពុកលែងដៃចេញពីព្រះថេរៈ ហើយថយទៅឈរនៅក្បែរខាង ភ្នែកផ្តោតសម្លឹងមើលព្រះថេរៈដោយកង្វល់ខ្វល់ព្រួយ
"នែអ្នកកម្លោះ ! "ព្រះថេរៈបែរទៅមានថេរដីកាជាមួយនឹងប្រុសកម្លោះ "ទោះជាយ៉ាងណា ឯងនឹងបានស្លាប់ដូចប្រាថ្នាមិនខាន ប៉ុន្តែមុនឯងស្លាប់ អាត្មាចង់សន្ទនាជាមួយឯងមួយភ្លែតសិន បានទេ?"
"នែសមណៈ ខ្ញុំស៊ូទ្រាំទុក្ខទោម្នេញមកយូរអម្បាយហើយ បើលោកមេត្តាអាណិតខ្ញុំ ចង់ជួយឲ្យខ្ញុំស្លាប់មែន សូមមេត្តាឲ្យខ្ញុំស្លាប់ឥឡូវនេះចុះ កុំបង្អង់ពេលឡើយ"
"អ្នកកម្លោះអើយ ! ឯងសោយទុក្ខធំអភិក្រមនេះមកច្រើនថ្ងៃហើយ ឯងនៅស៊ូទ្រាំបាន រយៈពេលមួយភ្លែតដែលនឹងសន្ទនាជាមួយនឹងអាត្មានេះ ឯងស៊ូទ្រាំមិនបានទេឬ? អាត្មាមកជួយធ្វើឲ្យឯងស្លាប់ដូចបំណង ឯងលះបង់ពេលវេលាបន្តិចបន្តួចឲ្យអាត្មាជាការតបស្នងវិញមិនបានទេឬ?"
ប្រុសកម្លោះឈ្ងោកមុខគិតមួយស្របក់ហើយដកដង្ហើមធំនិយាយថា
"យល់ព្រម លោកសមណៈ ! លោកចង់និយាយអ្វីក៏និយាយមកចុះ ខ្ញុំនឹងឲ្យពេលវេលាលោកបន្តិចបន្តួច"
"ម្នាលអ្នកកម្លោះ ! មុននឹងសន្ទនាជាមួយឯង អាត្មាសូមសួរសំណួរមួយសិន សូមឲ្យឯងឆ្លើយតបតាមសេចក្តីពិត ជួនកាល ឯងអាចមិនចង់ឆ្លើយតបក៏បាន ព្រោះមិនស្ថិតនៅក្នុងអារម្មណ៍ដែលត្រូវឆ្លើយតប ប៉ុន្តែសូមឲ្យឯងឆ្លើយតបឲ្យបាន ព្រោះការសួរសំណួរជាផ្នែកមួយក្នុងការធ្វើឲ្យឯងស្លាប់តាមវិធីសាស្រ្តរបស់អាត្មា"
"លោកចង់សួរស្អីក៏សួរមកចុះ"ប្រុសកម្លោះនិយាយសម្តែងអាការហាក់រំខានក្នុងកិរិយាយឺតយូររបស់ព្រះថេរៈបន្តិច
"អាត្មាចង់សួរថា ការដែលឯងចង់ស្លាប់នៅពេលនេះគឺដើម្បីគេចវេះឲ្យផុតពីសេចក្តីទុក្ខមែនទេ?"
"មែន" ប្រុសកម្លោះឆ្លើយតបទាំងសម្លឹងមើលមុខព្រះថេរៈថ្លែ
"សេចក្តីស្លាប់ចាត់ជាផ្លូវមួយប៉ុណ្ណោះឬដែលធ្វើឲ្យឯងគេចផុតពីសេចក្តីទុក្ខបានឬនៅមានផ្លូវដទៃទៀត?"
"ខ្ញុំមិិនដឹងទេ" ប្រុសកម្លោះវង្វេងស្នេហ៍ឆ្លើយតបក្រោយពីនៅស្ងៀមមួយសន្ទុះ "ជួនកាល អាចមានផ្លូវដទៃទៀតក៏បាន ប៉ុន្តែខ្ញុំគិតថា សេចក្តីស្លាប់ជាវិធីល្អបំផុត ជាវិធីដែលបានផលជាក់លាក់បំផុត ហេតុនោះ ខ្ញុំទើបរើសយកវីធីស្លាប់ សូមមេត្តាឲ្យខ្ញុំស្លាប់ឆាប់ ៗមក លោកសមណៈ សូមកុំសួរដេញដោលខ្ញុំឲ្យខាតពេលវេលាឡើយ" ។
Tags:
លោកម្ចាស់ខ្ញុំព្រះករុណាជ្រះថ្លា នឹងបានអានរឿងរបស់ព្រះថេរះរេវត្តះពេកណាស់ ហើយក៏នឹងបានជាគតិប្រៀបធៀបទៅនឹង សម័យកាលព្រះបរមសាស្តាធរមាននៅ។ សូមព្រះគុណម្ចាស់ប្រាប់ពីភាគបន្តដែលត្រូវចូលទៅអាននឹងបានជាគតិតទៅ។
សូមអរព្រះគុណទាន!
© 2018 Created by ភិក្ខុធម្មានន្ទ.
Powered by