ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

២២.ស្រឡាញ់ខ្លួនឲ្យត្រូវគន្លង(2)

សំណួររបស់ព្រះថេរៈបំបែរមុខចោរទាំងអស់ឲ្យបែរមកសម្លឹងមើលព្រះថេរៈដោយក្រសែភ្នែកតែមួយ ហើយ​ចោរ​ម្នាក់​បានឆ្លើយតបថា

"អីយ៉ា !  សមណៈ នេះ ម៉េចក៏សួរភ្លើបែបនេះអីចឹង?"

"បើអញ្ចឹង អាត្មាគិតថា ពួកលោកកំពុងតែរកទ្រព្យខុសកន្លែងហើយ" 

"ខុសយ៉ាងម៉េច? ភ្លើមែន !"ចោរម្នាក់សួរយ៉ាងងឿងឆ្ងល់

"ពួកលោកក៏ដឹងហើយថាកន្លែងនេះជាព្រៃ តើពួកលោកមករកទ្រព្យអ្វីក្នុងព្រៃយ៉ាងនេះ? ទ្រព្យស្ថិតនៅនឹង​មនុស្សទាំងមនុស្សក៏រស់នៅក្នុងភូមិក្នុងស្រុក បើពួកលោកចង់បានទ្រព្យ ពួកលោកគួរតែចូលទៅប្លន់តាមភូមិ​តាមស្រុកទៅ អាត្មាធានាថា ពួកលោកនឹងបានជួបប្រទះអ្នកស្រុកដែលគួរប្លន់រាល់ថ្ងៃ មិនបាច់មកអង្គុយចាំ​យ៉ាង​ហេវ​ហត់ខ្សត់ខ្សោយយ៉ាងនេះទេ" 

ចោរទាំង ៤ នាក់សើចគឹលឡើងសឹងតែព្រមគ្នា ហើយចោរម្នាក់ក៏និយាយឡើងថា 

"អញប្រាប់ហើយថា សមណៈនេះភ្លើ គឺ​ ភ្លើមែន សមណៈនេះឥតដឹងងោះស្អីដល់ការងាររបស់ចោរសោះ បើ​ល្ងើ​ចូល​ទៅប្លន់ក្នុងភូមិដូចយ៉ាងសម្តីរបស់សមណៈឯង ពួកយើងច្បាស់ជាត្រូវរាជបុរសចាប់យកទៅប្រហារជីវិត​ចោលមិនខាន ពួកយើងធ្លាប់សាកមកហើយមិនមែនមិនធ្លាប់សាកទេ ការដែលពួកយើងត្រូវមកលាក់ខ្លួនពួន​សម្ងំ​នៅ​ក្នុងព្រៃនេះក៏ព្រោះតែធ្លាប់ប្លន់ក្នុងភូមិស្រុកមកហើយហ្នឹងឯង"

"បើអញ្ចឹង សម្តែងថា ពួកលោកនៅស្រឡាញ់ជីវិតដែរមែនទេ?"

"មែន" ចោរដដែលឆ្លើយតប "បើមិនស្រឡាញ់ជីវិត មកដល់ពេលនេះ ពួកយើងច្បាស់ជាត្រូវរាជបុរសចាប់​យក​ទៅប្រហារជីវិតចោលទៅហើយ ការដែលពួកយើងបានរួចរស់មកដល់ពេលនេះក៏ព្រោះតែអាស្រ័យ​ការ​លាក់ខ្លួនពួកសម្ងំនៅក្នុងព្រៃយ៉ាងនេះឯង" 

"ចុះទីបំផុតទៅ ពួកលោកនឹងទៅជាយ៉ាងណា? បើពួកលោកនៅតែប្រកបអាជីពចោរតទៅទៀត?" ព្រះថេរៈ​ក្លែង​ឈ្លេចសួរ 

"បើគ្រោះជា ពួកយើងអាចនឹងស្លាប់យ៉ាងអនាថាក្នុងព្រៃនេះ បើគ្រោះរាងអាក្រក់បន្តិច ពួកយើងអាចនឹង​ស្លាប់​ខណៈ​តស៊ូជាមួយនឹងជនរងគ្រោះដែលពួកយើងប្លន់ បើគ្រោះអាក្រក់ជាងនោះ ពួកយើងអាចនឹងត្រូវ​រាជបុរសចាប់បានហើយបណ្តើរយកទៅប្រហារជីវិត" 

"តាមស្តាប់មើលអនាគតរបស់ពួកលោកទៅ អាត្មាដូចជាមើលមិនទាន់ឃើញថា ពួកលោក​ស្រឡាញ់​ខ្លួន​​យ៉ាងដូចម្តេចទេ"

"យើះ ! សមណៈនេះពិតជាភ្លេភ្លើស្តាប់មិនយល់អនាគតពួកយើងមែន"ចោរម្នាក់ឧទានឡើងយ៉ាងឆុរឆេវ

"អាត្មាសូមអភ័យទោសចំពោះអស់លោកដែលអាត្មាស្តាប់មិនសូវយល់ដឹងរឿងរ៉ាវអនាគតរបស់ពួកលោក ប្រហែលជាដោយសារតែសតិបញ្ញារបស់អាត្មាតិចពេកក៏ថាបាន អាត្មាសូមសួរលោកសិនថា តើលោក​ស្រឡាញ់កូន​របស់លោកឬទេ?"

"ស្រឡាញ់ ពិតជាស្រឡាញ់ ទោះបីជាចោរ ពួកយើងក៏នៅតែស្រឡាញ់កូនរបស់យើង"

"កាលបើលោកស្រឡាញ់កូនរបស់លោក តើលោកចង់ឲ្យគេមានសេចក្តីសុខ ឬ ចង់ឲ្យគេមានសេចក្តីទុក្ខ?"

"ចង់ឲ្យគេមានសេចក្តីសុខ មិនគួរសួរចឹងសោះ"

"សាធុ ! អាត្មាសូមតំណាលរឿងចម្លែកមួយឲ្យពួកលោកស្តាប់ កាលពីពេលថ្មី ៗនេះ មានសម្លាញ់ ២ នាក់ រស់នៅឯក្រុងរាជគ្រឹះ ទាំង ២ នាក់ស្រឡាញ់គ្នាខ្លាំងណាស់ នៅជាមួយគ្នា ទៅជាមួយគ្នា ធ្វើការជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងស្និទ្ធស្នាល តមក នៅថ្ងៃមួយ សម្លាញ់ម្នាក់បានប្រឌិតរឿងភូតភរឡើងចោទ​ប្រកាន់​សម្លាញ់របស់ខ្លួន នៅទីបំផុត សម្លាញ់របស់គេត្រូវបានរាជបុរសចាប់យកទៅដាក់ក្នុងពន្ធនាគារ នៅថ្ងៃតមក សម្លាញ់ជាដើមចោទក៏បានទៅសួរសុខទុក្ខសម្លាញ់ដែលជាប់ក្នុងពន្ធនាគារ  គ្រាន់តែឃើញមុខ​សម្លាញ់រងគ្រោះ សម្លាញ់ដើមចោទក៏ស្រែកយំកន្ទក់កន្ទេញថា "ខ្ញុំសោកស្តាយខ្លាំងណាស់ដែលបានរក​រឿង​សម្លាញ់រហូតដល់ជាប់ឃុំខាំងយ៉ាងនេះ ប៉ុន្តែការដែលខ្ញុំធ្វើនេះក៏ព្រោះតែសេចក្តីស្រឡាញ់ដ៏សុទ្ធចិត្ត​ចំពោះសម្លាញ់" តើពួកលោកជឿឬទេថា បុរសម្នាក់នោះស្រឡាញ់សម្លាញ់របស់គេពិតមែន?"

"រឿងរបស់លោកចម្លែកណាស់" ចោរជាប្រមុខឆ្លើយតបយ៉ាងញឹម ៗ

"ខ្ញុំមិនជឿដាច់ខាតថា បុរសម្នាក់នោះស្រឡាញ់សម្លាញ់របស់គេពិតទេ បើគេស្រឡាញ់មែន គេពុំគួរ​ធ្វើ​​យ៉ាងនោះឡើយ អ្នកណាក៏ដោយក៏មិនជឿថាគេស្រឡាញ់សម្លាញ់របស់គេពិតនោះទេ"

"បើអញ្ចឹង ពួកលោកក៏ឈ្មោះថា មិនស្រឡាញ់ខ្លួនពិតដែរ" ព្រះថេរៈមានថេរដីកាបណ្តើរព្រម​ទាំងញញឹម​យ៉ាង​បានចង្វាក់បណ្តើរ

"ថី?" ចោរទាំង ៤ សួរឡើងដំណាលគ្នាយ៉ាងងឿងឆ្ងល់

"ក៏ព្រោះថា ពេលនេះ ពួកលោកកំពុងតែរករឿងដាក់ខ្លួនឯងឲ្យចូលទៅនៅក្នុងពន្ធនាគារ ឬ ឲ្យខ្លួនឯង​ត្រូវ​ទោស​ប្រហារជីវិត ព្រោះពួកលោកដឹងច្បាស់ថា នៅវារៈចុងក្រោយ ជីវិតរបស់ពួកលោកទៀងតែបែបនោះ កាលបើពួកលោករករឿងដាក់ខ្លួនឯងយ៉ាងនេះ តើឲ្យចាត់ទុកថា ពួកលោកស្រឡាញ់ខ្លួនឯង​យ៉ាងដូចម្តេច​ទៅ?"   

 

Views: 130

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service