ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

២៤.ផ្លូវគេចវេះទុក្ខរបស់មនុស្សល្ងង់(1)

នាល្ងាចថ្ងៃមួយ បន្ទាប់ពីដើរផ្លូវមកពេញមួយថ្ងៃ ព្រះរេវត្តត្ថេរៈបានមកដល់ភូមិមួយដែលតាំងនៅកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយ សម្លឹងមើលពីចម្ងាយទៅហាក់ដូចជាកោះតាំងនៅកណ្តាល    មហាសមុទ្រ ព្រោះគ្មានព្រៃនៅក្បែរភូមិល្មមចូលទៅស្នាក់អាស្រ័យបានទេ ព្រះថេរៈទើបចូលទៅស្នាក់ក្នុងសាលាសម្នាក់ថ្មើរជើងដែលតាំងនៅកណ្តាលភូមិនោះ ។

ខណៈដែលព្រះថេរៈកំពុងតែគង់សម្រាកឥរិយាបថនៅលើសាលានុះឯង ក៏មានបុរសមជ្ឈិមវ័យម្នាក់ដើរឡើងសាលាមកជួបនឹងព្រះថេរៈ គាត់លើកដៃសំពះព្រះថេរៈហើយនិយាយថា 

"បពិត្រព្រះគុណម្ចាស់ ! ខ្ញុំកណានិងនាងព្រហ្មណីកំពុងស្ថិតក្នុងអន្លង់មហាទុក្ខ សូមព្រះគុណម្ចាស់មេត្តាជួយប្រោសខ្ញុំកណាផង" 

គ្រាន់តែឮពាក្យថា ទុក្ខ ចេញពីមាត់របស់បុគ្គលណាក៏ដោយ ព្រះថេរៈក៏កើតបីតិប្រាមោជ្ជភ្លាម ព្រោះតួនាទីរបស់លោក គឺ ជួយរំដោះទុក្ខរបស់មនុស្សគួរនាដូចជាគ្រូពេទ្យដែលត្រាច់ចរទៅតាមគ្រាមនិគមជនបទផ្សេង ៗ ដើម្បីព្យាបាលរោគ នៅពេលជួបអ្នកជម្ងឺក៏ត្រេកអរសប្បាយចិត្តដែលបានឱកាសរក្សាព្យាបាលនិងបានថ្លៃឈ្នួលមកចិញ្ចឹមជីវិត

"ម្នាលឧបាសក ! ញោមកំពុងតែមានទុក្ខដោយរឿងអ្វី? សូមតំណាលប្រាប់អាត្មាមក អាត្មាត្រេកអរនឹងជួយ​សង្រ្គោះ" ព្រះថេរៈប្រលោមចិត្ត

"បពិត្រព្រះគុណម្ចាស់ ! "បុរសមានទុក្ខនិយាយ​ទាំងដកដង្ហើមធំរ៉ាយរ៉ាប់ប្រាប់ដំណើរទុក្ខដែលដក់ណែនក្នុងចិត្ត  "ខ្ញុំកណាមានកូនប្រុសម្នាក់ កំពុងស្ថិតក្នុងវ័យជំទង់ អាយុឈានចូល ១៩ ឆ្នាំហើយ គេជាទីស្រឡាញ់របស់ខ្ញុំកណានិងនាងព្រាហ្មណីជាងកែវភ្នែកទៅទៀត ព្រោះគេជាកុលទាយាទរបស់យើងតែម្នាក់ប៉ុណ្ណោះ បើគេមានហេតុភេទអ្វីទៅ ត្រកូលរបស់យើងមុខជាសាបសូន្យ ហេតុនោះ ពួកយើងទើបកើតទុក្ខទោម្នេញយ៉ាងខ្លាំង បពិត្រសមណៈ កាលពីឆ្នាំទៅមិញនេះ កូនប្រុសរបស់ខ្ញុំកណាបានស្រឡាញ់ពេញចិត្តនាងកុមារីជាកុលធីតានៃព្រាហ្មណ៍មហាសាលម្នាក់ក្នុងភូមិនេះឯង ដែលមានស្ថានៈត្រកូលស្មើនឹងខ្ញុំកណាដែរ ចំណែក​ខាងនាងកុមារីនោះក៏ស្រឡាញ់ពេញចិត្តកូនប្រុសរបស់ខ្ញុំកណាដែរ តាមដែលខ្ញុំកណាដឹង ខាងឪពុកម្តាយរបស់នាងក៏មិនស្អប់ខ្ពើមកូនប្រុសរបស់ខ្ញុំកណាទេ អ្វី ៗមានដំណើរទំនងហាក់ស្រុះស្រួលដោយរលូន ប៉ុន្តែហេតុការណ៍មួយក៏បានកើតឡើង គឺ នៅដើមរដូវចម្រូតនេះឯង កូនប្រុសរបស់សេដ្ឋីជាម្ចាស់ស្រែប្រវាស់តំបន់នោះច្រើនកន្លែង បានចេញមកត្រួតត្រាមើលស្រែប្រវាស់ ហើយបានប្រមូលយកថ្លៃប្រវាស់ស្រែជំនួសសេដ្ឋីជាឪពុក គេធ្វើដំណើរមកដោយក្បួនហែយ៉ាងធំ សមកិត្តិយសជាសេដ្ឋី និងបានស្នាក់អាស្រ័យនៅឯភូមិឋានរបស់យើងអស់ពេល ៣ យប់ សេដ្ឋីបុត្រនោះបានជួបនឹងនាងកុមារីជាកុលធីតាព្រាហ្មណ៍មហា​សាល សម្រស់ស្រស់ស្អាតរបស់នាងធ្វើឲ្យប្រុសកម្លោះសេដ្ឋីបុត្រកកើតសេចក្តីស្រឡាញ់ពេញចិត្តភ្លាម គេបានជួបព្រាហ្មណ៍មហាសាលជាឪពុក ចរចាយល់ព្រមគ្នាជាកិច្ចផ្ទៃក្នុងសិន ហើយបានស្នើជូនទ្រព្យសម្បត្តិជាច្រើនព្រមទាំងដីស្រែជាច្រើនកន្លែង ជាថ្លៃបណ្ណាការដល់ព្រាហ្មណ៍មហាសាល ព្រោះសេចក្តីលោភលន់ក្នុងទ្រព្យសម្បត្តិ ព្រាហ្មណ៍មហាសាលបានអឺអើព្រមព្រឺសដោយរលូន កំណត់ធ្វើពិធីវិវាហមង្គលនៅពេលឆាប់ ៗខាងមុខនេះ

បពិត្រអនាគារិក ! ចំណែកឯកូនប្រុសរបស់ខ្ញុំកណានៅពេលបានដឹងដំណឹងនេះ ក៏ជ្រប់ជ្រុលក្នុអន្លង់មហាទុក្ខភ្លាម ស៊ីមិនបានសម្រាន្តមិនលក់ ម្តងសើច ម្តងយំ លាយឡំគ្នាហាក់នឹងថាជាមនុស្សឆ្កួត គេព្យាយាមម្តងហើយម្តងទៀតដើម្បីទៅជួបគូស្នេហ៍របស់គេ ប៉ុន្តែមិនបានឱកាសទេ ព្រោះព្រាហ្មណ៍មហាសាលជាឪពុកបានបង្ខាំងកូនស្រីរបស់ខ្លួនទុកក្នុងផ្ទះ មិនឲ្យចេញទៅណាទេ ចាត់ឲ្យមានការរក្សាការពារយ៉ាងរឹងមាំ

ដំបូង ៗ កូនប្រុសរបស់ខ្ញុំកណាកើតកំហឹងកំហល់ដល់ថ្នាក់ស្អប់ឆ្អើមព្រាហ្មណ៍មហាសាលជាឪពុករបស់គូ​ស្នេហ៍​យ៉ាងខ្លាំង មួយថ្ងៃ ៗ គេតែងយកដាវមកសំលៀង សំលៀងហើយសំលៀងទៀត ទាល់តែអាចនិយាយបានថា បើរុយហើរមកប៉ះមុខដាវរបស់គេ មុខជាដាច់ជា ២ កំណាត់មិនខាន ខ្ញុំកណាព្យាយាមលួងលោមនិងចង្អុលបង្ហាញទោសទណ្ឌនៃការសម្លាប់មនុស្ស រហូតដល់គេសុខចិត្តលើកឡាត់កាត់បង់គំនិតយង់ឃ្នងនោះចោល ប៉ុន្តែឥឡូវនេះកំហឹងក្រេវក្រោធនោះបានប្រែក្លាយមកជាសំណោកសោកសង្រេងយ៉ាងជ្រប់ជ្រុល គេមិនគិតចង់ធ្វីអ្វីទាំងអស់ ក្រៅតែពីធ្វើអត្តឃាតតែម្យ៉ាង ខ្ញុំកណាបានចាត់តាំងកងកម្លាំងការពារចាំមើលគេរាល់ថ្ងៃយប់ មិនឲ្យមានអ្វីមួយនៅក្បែរខាងគេដែលឲ្យគេល្មមយកទៅប្រើបង្កគ្រោះថ្នាក់ដល់ខ្លួនបាន

បពិត្រសមណៈ ! តើលោកមានវិធីណាជួយប្រោសរំដោះទុក្ខដល់កូនប្រុសរបស់ខ្ញុំកណាបានទេ? បើមាន សូម​មេត្តាប្រញាប់ជួយសង្រ្គោះកុំយឺតយូរឡើយ"

    

Views: 198

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service