ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

២២.ស្រឡាញ់ខ្លួនឲ្យត្រូវគន្លង(1)

នៅទីបំហុត វស្សានកាលដ៏យូរអង្វែងសម្រាប់ព្រះថេរៈបានកន្លងផុតទៅ ឥឡូវនេះវលាហកទេវបុត្រក៏បាន​ប្រដេញមេឃបុស្បឲ្យត្រឡប់ទៅកាន់មហាសាគរវិញ លុះធ្វើមុខងាររបស់ខ្លួនពេញបរិបូណ៌ហើយ ឥឡូវនេះក៏ដល់វេន​របស់​សីតវាតដែលបក់ផាត់រសាត់មកពីឧត្តរទិសធ្វើមុខងារជំនួសតទៅ រាល់ ៗ ថ្ងៃ ក្រសែខ្យល់ត្រជាក់តែងបក់​ផាត់ប្រសាត់មកពិទិសឧត្តរ ក្រសោបឱបយកសីតភាពត្រជាក់រងាមកពីសិខរបព៌តហេមពាន្តប្រចែកប្រចាយ​សព្វសាយដល់ប្រជានិករជម្ពូទ្វីប បង្ហួតសម្ងួតទឹកតាមតំបន់ផ្សេង ៗទៅយ៉ាងឆាប់រហ័ស ធ្វើឲ្យភូមិប្រទេសសម​គួរ​​ដល់សញ្ចារគមនាការទៅមករបស់ពួកអនាគារិកនិងយានចរហ្មដង្ខៅពាណិជ ។

ចំណែកខាងព្រះរេវត្តត្ថេរៈឯណេះវិញ លុះចេញវស្សាបវារណាហើយ ក៏ថ្វាយព្រះពរលាព្រះបាទអជាតសត្រូវ និងពុទ្ធបរិស័ទទាំង ៤ ដើម្បីចេញដំណើរដើរចារិកបំពេញព្យាយាមនិងទេសនាប្រៀនប្រដៅប្រជាជនតាមតួ​នាទី​តទៅ ។

នៅទីបំផុត ព្រះថេរៈក៏ស្ពាយបាត្រលីក្លស់ ចេញចាកទីក្រុងរាជគ្រឹះឆ្ពោះទៅកាន់ទិសបស្ចឹមនៅត្រង់កណ្តាលនៃ​សេចក្តីស្តាយស្រណោះរបស់ប្រជាពុទ្ធបរិស័ទក្រុងរាជគ្រឹះ គោលដៅចុងក្រោយរបស់ព្រះថេរៈ​ គឺ ក្រុង​ពារាណសី ព្រះថេរៈធ្វើដំណើរដើរផ្លូវទៅយ៉ាងរាបសាមិនប្រញាប់ប្រញាល់ទេ យប់ព្រលប់ត្រង់ភូមិឃុំនិគម​ណាក៏បោះក្លស់ឈប់សម្រាកក្នុងព្រៃក្បែរ ៗភូមិឃុំនិគមនោះ នៅរត្តិកាល ប្រសិនបើមានអ្នកចាប់អារម្មណ៍​ក្នុង​ផ្លូវធម៌ និងចេញមកធ្វើធម្មសាកច្ឆាជាមួយ ព្រះថេរៈក៏ប្រាស្រ័យសន្ទនាជាមួយគេ សួរដេញដោលអ្នកដែលគួរ​ដេញដោលរហូតដល់គេទទួលស្គាល់ថាយល់ខុស ហើយក៏ពន្យល់ទ្រឹស្តីដែលត្រឹមត្រូវដល់គេ ទូន្មានអ្នកដែល​គួរ​បាន​ទទួលដំបូន្មានទៅតាមលំដាប់ ព្រះថេរៈបានទទួលសន្តិសុខក្នុងធម៌ដែលកើតពីលហុកភាពនិងសេរីភាព​យ៉ាងខ្ពស់ ។ 

នៅរសៀលថ្ងៃមួយ ខណៈដែលព្រះថេរៈកំពុងតែដើរផ្លូវនៅក្នុងព្រៃមួយកន្លែង បានមានបុរសមាឌធំដំបង ពុកមាត់ស្រមូមស្រមាម ទឹកមុខឃោរឃៅឃ្នើសឃ្នង ៤ នាក់ ដើរចេញមកពីគុម្ពោតព្រៃប្របផ្លូវ ហើយបានចាប់ ខ្លួនព្រះថេរៈចូលទៅក្នុងព្រៃ បង្គាប់ឲ្យអង្គុយចុះក្រោមដើមឈើមួយ ហើយក៏ឆែកឆេរមើលបរិក្ខាររបស់ព្រះថេរៈ ព្រះថេរៈក៏ដឹងភ្លាមថា បុរសទាំង ៤ នោះគឺជាចោរ ចាំស្ទាក់ប្លន់មនុស្សក្នុងព្រៃ ប៉ុន្តែព្រះថេរៈមិនខ្លាចញញើតអ្វី​បន្តិចទេ ព្រោះមើលឃើញថាជារឿងធម្មតា ត្បិតព្រះថេរៈកាលធ្វើជាចោរក៏ធ្លាប់ត្រូវមេចោរបញ្ជាឲ្យទៅ​ចាប់​មនុស្សមកបូជាយញ្ញថ្វាយម្ចាស់ម៉ែកាលី ហើយចាប់ភិក្ខុ ១ រូបដែលក្រោយមកបានទេសនាដឹកនាំ​បញ្ចុះបញ្ចូលរហូតដល់ពួកចោរព្រមទាំងខ្លួនព្រះ​ថេរៈក្រឡាស់ចិត្តលែងធ្វើជាចោរតទៅទៀត ចេញបួសតាមភិក្ខុរូបនោះទាំងអស់ ព្រះថេរៈគិតក្នុងចិត្តថា ជួនកាលការដែល​លោកត្រូវចោរចាប់នៅគ្រានេះ ប្រហែលជាសំណល់ផលកម្មចាស់ដែលលោក​បានធ្វើទុក​តាំង​ពីពេលនោះមកក៏បាន ព្រះថេរៈទើបស្ថិតនៅក្នុងអាការស្ងប់ស្ងៀមគ្រប់ពេលវេលា

"គ្មានស្អីបន្តិចទេវ៉ើយ ទទេឡតតែម្តង" ចោរដែលមានលក្ខណៈជាប្រមុខនិយាយឡើងយ៉ាងខកចិត្តបន្ទាប់ពី​ឆែកឆេរបរិក្ខាររបស់ព្រះថេរៈហើយមិនជួបប្រទះទ្រព្យសម្បត្តិមានតម្លៃណា ៗ

"ពួកសមណៈនេះសុទ្ធតែពួកអត់ប្រយោជន៍ អង្គណាក៏ដូចជាអង្គណាគ្មានបានការស្អីទាំងអស់ គិតៗទៅ ពួកសមណៈនេះចោលម្សៀតមែនទែន"  

"ចុះឲ្យយើងធ្វើយ៉ាងម៉េចទៅ លោកនាយ ! " ចោរម្នាក់ទៀតសួរឡើង "មកដល់ពេលនេះ យើងគ្មានអ្វីស៊ីទេ ពីរបីថ្ងៃមកនេះ គ្មានមនុស្សដើរឆ្លងកាត់ព្រៃមកសោះ"

នៅខណៈដែលចោរទាំង ៤ នាក់កំពុងតែអង្គុយសាសព្ទប្រាប់ទុក្ខគ្នានុះឯង ព្រះថេរៈឃើញថាជាឱកាសល្អ​នឹង​ប្រៀនប្រដៅគេទើបផ្តើមសួរឡើងថា  

"ម្នាលឧបាសក ! ការដែលលោកចាប់អាត្មាមកនៅគ្រានេះក្តី ការដែលលោកចូលមកនៅក្នុងព្រៃដើម្បីប្លន់​ថ្នើរជើងយ៉ាងនេះក្តី តើលោកត្រូវការទ្រព្យមែនទេ?" 

Views: 166

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service