ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

នៅទីបំផុត វស្សានកាលក៏ចាប់ផ្តើមចូលមកដល់ រាល់ ៗសាយណ្ហសម័យ ដុំពពកខ្មៅស្រពឹកតែងប្រាកដ​ឡើង​នៅ​ទូទាំង​ដែនដីមគធៈ បន្ទាប់ពីនោះក៏បង្អុរក្រសែជលធារធ្លាក់ចុះមកកាន់ផែនដី លាយឡំដោយ​សម្លេងព្យុះ​និងផ្គរលាន់​គគ្រឹម ស្តាប់មើលទៅហាក់ដូចជាវលាហកទេវបុត្រកំពុងកៀងគរដុំពពកខ្មៅឲ្យ​បង្ហូរក្រសែ​ទឹកភ្លើង​ធ្លាក់ចុះតាមគ្រាមនិគមជនបទផ្សេង ៗយ៉ាងគគ្រឹកគគ្រេង ចំណែកឯនៅលើផ្ទៃប្រថពីឯណេះវិញ ទន្លេ ស្ទឹង បឹង ព្រែក អូរ ប្រឡាយ ត្រពាំង និង វាលស្រែចម្ការក៏ជោកជាំរលាំដោយទឹក នាំសេចក្តីត្រជាក់ត្រជុំមកឲ្យមនុស្ស សត្វនិងរុក្ខជាតិផង​ទាំងពួងយ៉ាងលើសលប់ ។

  ព្រះរេវត្តត្ថេរៈបានគង់នៅចាំវស្សាឯព្រះវេឡុវនារាមដោយសេចក្តីសុខសាន្តត្រាណ មិនមានសត្រូវរបស់ព្រះ​សាសនាមកចាំយាយីបៀតបៀនឆាឆៅតទៅទៀតទេ ព្រោះបណ្តាតិរ្ថិយ្យនិគ្រន្ថអ្នកប្រាជ្ញសាស្តារបស់លទ្ធិដទៃ បានឃើញបដិភាណវិធានកោសលនិងសមត្ថភាពរបស់ព្រះថេរៈហើយក៏រអារាងចាលទៅតាម ៗគ្នាជាហូរហែ គ្មានអ្នកណាហ៊ានទទួលអាសាតស៊ូទប់ទល់ដោយធម្មយុទ្ធនាការទៀតទេ ។ 

នៅខាងក្នុងវស្សានោះ ព្រះថេរៈបានទេសនាណែនាំប្រជាពុទ្ធបរិស័ទឲ្យតាំងនៅក្នុងសម្មាទិដ្ឋិនិងសម្មាបដិបត្តិ​ជាទិនានុទិន សូម្បីតែព្រះបាទអជាតសត្រូវជាព្រះប្រមុខរដ្ឋមគធៈក៏ស្តេចយាងទៅស្តាប់​ព្រះធម្មទេសនា​និង​បំពេញ​កុសលទានឯព្រះវេឡុវនារាមម្តងម្កាលដែរ ប៉ុន្តែក្នុងរយៈកាលចុងក្រោយនេះ ព្រះថេរៈសង្កេតឃើញថា​ ព្រះអង្គមានព្រះភក្រ្តស្រងូតស្រងាត់មួហ្មង មិនសូវត្រាស់អ្វីច្រើនទេ ទ្រង់ស្ងប់ស្ងៀមស្រមឹមហាក់កំពុងមាន​បញ្ហាធ្ងន់ក្នុងព្រះទ័យ នាថ្ងៃមួយ នៅពេលបានឱកាសហើយព្រះរេវត្តត្ថេរៈទើបថ្វាយព្រះពរទូលសួរថា 

"មហាបពិត្រ ! អាត្មាភាពសង្កេតឃើញព្រះអង្គមានព្រះភក្រ្តមួហ្មង មានព្រះអាកប្បកិរិយាស្រងូតស្រងាត់​ហាក់​ទ្រង់មាន​ទុក្ខក្នុងព្រះទ័យ ប្រសិនបើមានអ្វីល្មមឲ្យអាត្មាភាពជួយបាន អាត្មាភាពក៏សាទរទទួល"

ព្រះរាជាទ្រង់ដកដង្ហើមធំហើយចោលក្រសែព្រះនេត្រទៅជុំវិញ ត្រាស់បញ្ជាឲ្យរាជបរិពារចេញពីធម្មសាលា ហើយទើបត្រាស់ថា "ព្រះគុណម្ចាស់ ! ញោមមានទុក្ខក្នុងចិត្តពិតមែន ជាសេចក្តីទុក្ខធ្ងន់បំផុតតាមដែលញោម​ធ្លាប់ជួបប្រទះ" 

"តើសេចក្តីទុក្ខនោះមានអ្វីជាហេតុ? មហាបពិត្រ !  " 

"កាលពីពេលថ្មី ៗនេះ ញោមបានឱរស ១ អង្គដែលកើតពីរាជទេពីរបស់ញោម" 

"ការបានព្រះរាជឱរសបន្តសន្តតិវង្ស ចាត់ជាលាភដ៏ប្រសើរដែលព្រះអង្គគួរមានសេចក្តីសុខមិនមែនឬ? មហាបពិត្រ ! " 

"ក៏គួរតែយ៉ាងនោះ ព្រះគុណម្ចាស់ ! "ព្រះរាជាទ្រង់ឆ្លើយតបឱនព្រះភក្រ្តចុះ "ប៉ុន្តែសម្រាប់ញោម ការបាន​ព្រះរាជឱរសជួសនឹងបានសេចក្តីសុខ ប៉ុន្តែត្រឡប់ជាបានសេចក្តីទុក្ខទោម្នេញទៅវិញ" 

"ព្រោះហេតុអ្វីឬ? មហាបពិត្រ ! " ព្រះថេរៈទូលសួរដោយសេចក្តីសង្ស័យ 

"ប្រហែលជាព្រោះញោមស្រឡាញ់កូនខ្លាំងពេក" 

"ការស្រឡាញ់ព្រះឱរស និង ព្រះឱរសក៏គួរឲ្យស្រឡាញ់ គួរតែជាហេតុនាំឲ្យកើតសេចក្តីសុខ មហាបពិត្រ ! "

"ប៉ុន្តែសេចក្តីស្រឡាញ់ដែលញោមមានចំពោះបុត្រនេះ វាតឿនឲ្យញោមរលឹកនឹកដល់ព្រះរាជជនកដែល​ញោម​បាន​សម្រេចទោសទៅហើយដោយសេចក្តីល្ងង់ខ្លៅ" ។ 

Views: 163

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service