ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ទាំងលោកសេដ្ឋីទាំងនាងគ្រហបតានីអង្គុយធ្មឹងទ្រឹងអស់ពេលជាយូរ លីលាវតីតូចទំនងជាសង្កេតឃើញ​បរិយាកាសតឹងតែងក្នុងខណៈនេះទើបសម្លឹងមើលមុខអ្នកនោះម្តងអ្នកនេះម្តង ហើយនិយាយឡើងថា​

"កើតរឿងអ្វីឬ? ម៉ាក់ ! " 

"មិនមានរឿងអ្វីទេ" នាងគ្រហបតានីឆ្លើយតបដោយមិនសូវពេញសម្លេង "ម៉ាក់និងលោកសេដ្ឋីកំពុងតែប្រឹក្សា​យោបល់គ្នាអំពីកិច្ចការខ្លះ កូនទៅនិយាយលេងជាមួយនឹងបងកណ្ណិកាសិនចុះ បន្តិចទៀត សឹមត្រឡប់មកវិញ" 

លីលាវតីតូចសម្លឹងមើលមុខម្តាយយ៉ាងងឿងឆ្ងល់ហើយដើរទៅឱបកមេត្តិយសេដ្ឋីជន្លសួរថា 

"កើតរឿងអ្វីឬ? ប៉ា ! ម៉េចបានជាប៉ាភ្នែកក្រហម? ប៉ាយំធ្វើអី?"

សំណួរមិនដឹងងោះរបស់ធីតាតូចមើលទៅហាក់ដូចជាធ្វើឲ្យលោកសេដ្ឋីក្តុកក្តួលអួលណែនដើមទ្រូងពន់ពេក លោកឈ្ងោកមុខសម្លឹងមើលផ្ទៃរាបហើយឆ្លើយដោយសម្លេងតិច ៗ ថា

"គ្មានរឿងអ្វីទេ កូន ! ប៉ាគ្រាន់តែនឹកដល់កូនប៉ុណ្ណោះ"

"នឹកដល់ធ្វើអី?"លីលាវតីតូចសួរដោយដោយអាការចម្លែកចិត្ត "លីលាវតីនៅទីនេះហើយតើ ! " 

"កូនទៅលេងជាមួយនឹងបងកណ្ណិកាសិនចុះ" នាងគ្រហបតានីនិយាយជ្រែកឡើង "ទុកឲ្យម៉ាក់និយាយកិច្ចការ​ជាមួយនឹងលោកសេដ្ឋីមួយភ្លែតសិន ហើយសឹមត្រឡប់មកវិញ"  

លីលាវតីតូចដើរចេញទៅដោយអាការអល់ឯក ងាកត្រឡប់មកមើលមាតានិងបិតាថ្មីម្តងម្កាល រហូតដល់លឹប​បាត់ទៅក្នុងបន្ទប់ក្បែរខាង 

"តើយើងគួរធ្វើដូចម្តេច? លោកសេដ្ឋី ! " នាងគ្រហបតានីសួរឡើងបន្ទាប់ពីលីលាវតីចូលបាត់ទៅក្នុងបន្ទប់ 

មេត្តិយសេដ្ឋីអង្គុយធ្មឹងគិតជញ្ជឹងដោយអាការរសាប់រសល់មួយស្របក់ហើយឆ្លើយតបថា 

"រឿងនេះស្មុគស្មាញសាញប្រដាញហួសវិស័យដែលខ្ញុំគិតស្មានទុក ប៉ុន្តែខ្ញុំមើលមិនឃើញច្រកចេញដែល​សមរម្យណា ៗក្រៅពីនាំធីតាតូចរបស់ខ្ញុំត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ" 

នាងគ្រហបតានីសម្លឹងមើលលោកសេដ្ឋីដោយក្រសែភ្នែកសម្តែងសេចក្តីមិនពេញចិត្ត ហើយនិយាយឡើង​ដោយសម្លេងតឹងកថា 

"លោកនិយាយហាក់នឹងថាលីលាវតីជាកូនរបស់លោកម្នាក់ឯង?" 

"ប៉ុន្តែអ្នកក៏ដឹងច្បាស់ហើយមិនមែនឬ?"មេត្តិយសេដ្ឋីនិយាយឡើង "ថារត្តបាណីជាកូនរបស់ខ្ញុំ កើតចេញ​ពោះ​​ភរិយារបស់ខ្ញុំដោយផ្ទាល់" 

"មែន" នាងគ្រហបតានីនិយាយដោយសម្លេងឮ "ផ្នែកសរីរៈរាងកាយ លីលាវតី​ជាកូនរបស់លោក ប៉ុន្តែលោកកុំភ្លេចថាចិត្តរបស់នាងជាលីលាវតី ជាធីតារបស់ខ្ញុំយ៉ាងពេញលេញ នាងគ្រាន់តែអាស្រ័យលោក​កើតប៉ុណ្ណោះ គ្រាន់តែកើតនិងចម្រើនវ័យដឹងក្តីហើយ នាងក៏ត្រឡប់មករកខ្ញុំវិញដដែល លោកក៏ដឹងរឿង​នេះ​ច្បាស់ហើយ"

"ភគិនី ! " មេត្តិយសេដ្ឋីប្រកែកយ៉ាងស្វិតស្វាញ "ខ្ញុំយល់ឃើញថា កាយនិងចិត្តជាសភាពញែកគ្នាមិនដាច់ កាលបើកាយរបស់រត្តបាណីទៅកើតជាមួយនឹងខ្ញុំ ចិត្តរបស់នាងក៏កើតជាមួយនឹងខ្ញុំដែរ នាងទើបជាសម្បត្តិ​របស់​ខ្ញុំទាំងកាយទាំងចិត្ត បើអ្នកចាត់ទុកថាចិត្តរបស់នាងជាសម្បតិ្តរបស់អ្នក អ្នកយកចិត្តរបស់នាងទុក​ក៏បាន ប៉ុន្តែខ្ញុំត្រូវយករាងកាយរបស់នាងត្រឡប់ទៅក្រុងពារាណសីវិញ"

"លោកសេដ្ឋី ! " នាងគ្រហបតានីនិយាយដោយអាការក្រពុលមុខ "លោកអាចជាម្ចាស់ឬជាចៅហ្វាយលើ​កាយ​របស់អ្នកណា ៗក៏បាន អ្នកអាចយកកាយរបស់អ្នកណាទៅក៏បាន ប៉ុន្តែបើចិត្តរបស់គេមិនទៅជាមួយ ទីបំផុត គេក៏ត្រូវត្រឡប់មកវិញ មើលតែលីលាវតីចុះ នាងទៅដល់ក្រុងពារាណសីឆ្ងាយរាប់រយយោជន៍ ប៉ុន្តែទីបំផុត នាងក៏វិលត្រឡប់មកកាន់ដើមទ្រូងរបស់ខ្ញុំទាល់តែបាន ក្នុងឋានៈយើងទាំងពីរជា​ចៅហ្វាយ​លើចិត្តរបស់លីលាវតីមិនបាន តើយើងធ្វើយ៉ាងនេះល្អទេ គឺ ឲ្យលីលាវតីសម្រេចចិត្តដោយខ្លួនឯងថា​តើនៅជាមួយនឹងខ្ញុំ ឬត្រឡប់ទៅនៅជាមួយនឹងលោក?"  ។

ឆ្លាក: លីលាវតី(3)

Views: 49

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service